ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាជាតិដើម្បីផ្ដល់ឋានៈសាស្រ្តាចារ្យ (ក.ជ.ស.) បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២ របស់ក្រុមប្រឹក្សាជាតិដើម្បីផ្តល់ឋានៈសាស្ត្រាចារ្យក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអចិន្ត្រៃយ៍ ក.ជ.ស., ឯកឧត្តមបណ្ឌិតសភាចារ្យ ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមសាស្ត្រាចារ្យ ដែលជាអនុប្រធាន និងសមាជិកក្រុមប្រឹក្សាជាតិ ក.ជ.ស. ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងអង្គភាពពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានមានប្រសាសន៍បើកកិច្ចប្រជុំ ដោយលើកឡើងថា កិច្ចប្រជុំលើកទី២នាពេលនេះធ្វើឡើងដើម្បីពិនិត្យវឌ្ឍនភាពការងារ បញ្ហាប្រឈម សំណូមពរចាំបាច់នានា ក្នុងគោលដៅពង្រឹងនិងលើកកម្ពស់គុណភាព ប្រសិទ្ធភាពការងាររបស់ ក.ជ.ស. សំដៅឆ្លើយតបនឹងទិសដៅនៃការ កសាងនិងអភិវឌ្ឍមូលធនមនុស្សកម្ពុជារបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបញ្ជាក់សារជាថ្មី អំពីតួនាទីរបស់ក្រុមប្រឹក្សាជាតិ ក្នុងការពង្រឹងគុណភាពនៃការផ្ដល់ឋានៈសាស្ត្រាចារ្យ តាមរយៈការវាយតម្លៃ លក្ខខណ្ឌនៃការជ្រើសរើស និងការពិនិត្យផ្ទៀងផ្ទាត់ច្បាស់លាស់លើគុណភាពនៃការប្រឡងជ្រើសរើសសាស្ត្រាចារ្យទាំង៣ឋានៈ រួមមានសាស្រ្តាចារ្យជំនួយ, សាស្រ្តាចារ្យរង និងសាស្រ្តាចារ្យ/សាស្រ្តាចារ្យមហាបរិញ្ញា ដើម្បីធានាបាននូវគុណតម្លៃរបស់សាស្ត្រាចារ្យនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាស្របទៅតាមស្ដង់ដាតំបន់ជាក់លាក់ ប្រកបដោយលក្ខណៈវិនិច្ឆ័យច្បាស់លាស់។
កិច្ចប្រជុំលើកទី២ របស់ ក.ជ.ស. នេះ បានធ្វើការពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិ ក៏ដូចជាគោលការណ៍សំខាន់ៗនិងនីតិវិធីនៃការប្រគល់ឋានៈសាស្ត្រាចារ្យទាំងបីប្រភេទខាងលើ។
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានផ្ដល់នូវអនុសាសន៍ណែនាំ និងតម្រង់ទិសអាទិភាពការងារចំពោះមុខរបស់ ក.ជ.ស. ដូចជាការរៀបចំរចនាសម្ព័ន្ធអគ្គលេខាធិការដ្ឋាននៃ ក.ជ.ស., ធនធានថវិកាសម្រាប់ដំណើរការ, ការបង្កើតគណៈកម្មការជំនាញតាមវិស័យ ដោយរៀបចំកំណត់ច្បាស់លាស់នូវលក្ខខណ្ឌយោង(Terms of Reference) សម្រាប់ការអនុវត្តការងាររបស់គណៈកម្មការជំនាញតាមវិស័យ និងការរៀបចំគោលការណ៍ណែនាំស្តីពីការវាយតម្លៃ ការជ្រើសរើស និងការផ្តល់ឋានៈសាស្ត្រាចារ្យតាមវិស័យជាដើម៕ រក្សាសិទ្ធដោយ៖សុទ្ធលី









