ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ជាអាទិភាពខ្ពស់មួយពាក់ព័ន្ធដោយផ្ទាល់ នឹងសន្តិសុខសង្គម សុវត្ថិភាពប្រជាពលរដ្ឋ និងកិត្តិយសជាតិនៅលើឆាកអន្តរជាតិ។ ចាប់តាំងពីអាណត្តិទី៦ ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបន្តដល់នីតិកាលទី៧ ក្រោមការដឹកនាំ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានបង្ហាញឆន្ទៈដ៏រឹងមាំនិងធ្វើការប្តេជ្ញាចិត្តខ្ពស់បំផុត ព្រមទាំងបានធ្វើសកម្មភាពជាក់ស្តែង ក្នុងការបង្ក្រាបបណ្តាញឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ដោយគ្មានការអត់ឱន និងប្រកបដោយភាពម៉ឺងមាត់បំផុត តាមរយៈសកម្មភាពការងារ ដូចខាងក្រោម៖
ទី១- សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់មន្ត្រី ក្រោមឱវាទ និងកងកម្លាំងពាក់ព័ន្ធទាំងអស់ ឱ្យបង្ក្រាបបណ្តាញឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យដល់ ឫសគល់ដោយមិនមានការបង្អែបង្អង់ មិនអត់ឱន និងមិនលើកលែងឡើយ។ គោលដៅយុទ្ធសាស្ត្ររបស់ រាជរដ្ឋាភិបាល មិនត្រឹមតែបង្ក្រាបតាមករណីនីមួយៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំផ្លាញបណ្តាញឧក្រិដ្ឋកម្មទាំងមូល ដកហូតសមត្ថភាពប្រតិបត្តិការ កាត់ផ្តាច់ប្រភពហិរញ្ញវត្ថុ និងបិទច្រកប្រតិបត្តិការទាំងអស់ ដើម្បីបញ្ឈប់បញ្ហានេះ ឱ្យបានជាក់ស្តែង និងយូរអង្វែង។ នេះបង្ហាញថា កម្ពុជាមិនមែនជាគោលដៅឧក្រិដ្ឋកម្មទេ ប៉ុន្តែជាប្រទេសដែល កំពុងដឹកនាំការប្រយុទ្ធប្រឆាំងយ៉ាងតឹងរឹង និងសកម្មបំផុតមួយក្នុងតំបន់។
ការបង្ក្រាបអពេធបោកតាម ទី២- ឆន្ទៈនិងការប្តេជ្ញាចិត្តរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបង្ហាញយ៉ាងច្បាស់តាមរយៈ ការដាក់ចេញផែនការ និងយុទ្ធនាការបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេស។ ចាប់តាំងពីខែ កក្កដា ឆ្នាំ២០២៥ ដល់ពាក់កណ្តាលខែមេសា ឆ្នាំ២០២៦នេះ ពោលគឺក្នុងរយៈពេលជាង ៩ខែចុងក្រោយនេះ អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ក្នុងរាជធានី-ខេត្ត បានបំពេញបេសកកម្មបង្ក្រាបអំពិនចេ តាមប្រព័ន្ធបច្ចេកវិទ្យាបានចំនួនជាង ២៥០ករណី ដោយក្នុងនោះមានការបង្ក្រាបទីតាំងកាស៊ីណូនិងបានកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការចំនួន ១១២ករណី ពាក់ព័ន្ធនឹងជនសង្ស័យចំនួនប្រមាណ ១ ០៨៩នាក់ ដែលក្នុងនោះមានជនជាតិចិន ថៃ វៀតណាម ជប៉ុន កូរ៉េខាងត្បូង សិង្ហបុរី និងខ្មែរ។ បន្ថែមពីលើនេះ ចាប់ពីដើមឆ្នាំ២០២៥ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជាបានអនុវត្តនីតិវិធីបណ្ដេញជនបរទេស ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាសរុបចំនួន ១៣ ០៣៩នាក់ មាន ៣៣សញ្ជាតិ ក្នុងនោះមានស្ត្រី ចំនួន ១ ៥០៩នាក់។ គិតចាប់ពីពាក់កណ្តាលខែមករា ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ជនបរទេសដែល ស្ម័គ្រចិត្តចាកចេញពីប្រទេសកម្ពុជាមានសរុបចំនួន ២៤១ ៨៨៨នាក់ ក្នុងនោះមានជនជាតិចិន វៀតណាម ឥណ្ឌូនេស៊ី ឥណ្ឌា បង់ក្លាដែស និងប៉ាគីស្ថាន។
ទី៣-ដើម្បីឱ្យការងារប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ មានប្រសិទ្ធភាព និងសង្គតិភាព រាជរដ្ឋាភិបាលបានបង្កើតក្របខ័ណ្ឌគតិយុត្តជាច្រើនដើម្បីធានាថា ការអនុវត្តរបស់អាជ្ញាធរមានសមត្ថកិច្ចប្រព្រឹត្តទៅ ដោយត្រឹមត្រូវតាមនីតិវិធី និងគ្មានការខ្វះចន្លោះ។ កម្រងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ មានដូចជា ១. ច្បាប់ស្តីពីការប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) មានគោលដៅសំខាន់គឺបំពេញចន្លោះប្រហោងតាមរយៈការបង្កើតបទល្មើស ព្រហ្មទណ្ឌថ្មីចំនួន៥ និងបង្កើនទោសធ្ងន់ជាងមុនដើម្បីធានាថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងទ្រង់ទ្រាយ បែបនេះនឹងមិនវិលត្រឡប់មកកម្ពុជាវិញ ២. បទបញ្ជាស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៣. អនុក្រឹត្យស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ និង ៤. ប្រកាសអន្តរក្រសួងស្តីពី បែបបទ និងនីតិវិធីនៃការផាកពិន័យចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ។
ទី៤- ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលមានលក្ខណៈឆ្លងដែន រាជរដ្ឋាភិបាលកម្ពុជា បានពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសជាដៃគូ អង្គការអន្តរជាតិ និងយន្តការ ពហុភាគីពាក់ព័ន្ធ ដើម្បីផ្លាស់ប្តូរព័ត៌មាន និងបច្ចេកទេសរួមគ្នា។ កម្ពុជាបានសហការយ៉ាងសកម្មក្នុងការស្រាវជ្រាវ បង្ក្រាប និងបញ្ជូនជនសង្ស័យ ព្រមទាំងការជួយសង្គ្រោះជនរងគ្រោះ ដែលពាក់ព័ន្ធនឹងបណ្តាញឧក្រិដ្ឋកម្មតាម ប្រព័ន្ធបច្ចេកវិទ្យា។ ការចូលរួមយ៉ាងសកម្មនេះបង្ហាញថា កម្ពុជាមិនត្រឹមតែការពារផលប្រយោជន៍ជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកយ៉ាងទូលំទូលាយ ក្នុងការពង្រឹងសន្តិសុខឌីជីថលក្នុងតំបន់និងសកលលោក។ រាជរដ្ឋាភិបាល កម្ពុជា សូមអំពាវនាវឱ្យមានការសហការពីអន្តរជាតិបន្ថែម ដោយផ្អែកលើគោលការណ៍ទំនួលខុសត្រូវរួម និងការចែក រំលែកព័ត៌មានឱ្យបានទាន់ពេលវេលា ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជាបញ្ហារួមរបស់តំបន់។
ទី៥- ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ សម្តេចធិបតី បាន កោតសរសើរ និងថ្លែងអំណរគុណដល់អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ដែលបានធ្វើការងារ យ៉ាងសកម្ម ក្នុងការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយសម្រេចបានលទ្ធផលធំៗ ជាច្រើន។ ទន្ទឹមនឹងនេះ សម្តេចធិបតី ក៏បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធ ទាំងអស់ បន្តខិតខំប្រឹងប្រែងបង្ក្រាបបទល្មើសនេះ ដោយគ្មានបង្អង់ដៃឡើយ។ សម្តេចធិបតី បានបញ្ជាក់ថា ច្បាប់មានហើយ ដូច្នេះត្រូវតែអនុវត្តឱ្យបានម៉ត់ចត់ និងឱ្យមានប្រសិទ្ធភាពដោយមិនបន្តរដៃ និងរដោយគ្មានការ លើកលែងឡើយ ពោលគឺមិនបញ្ឈប់ត្រឹមពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ដូចដែរបមានមតិយោបល់ បានលើកឡើងនោះឡើយ។
រាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ជាថ្មីថា ការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាការប្រយុទ្ធប្រឆាំងរយៈពេលវែង ដែលត្រូវការចូលរួមពីគ្រប់ភាគីទាំងក្នុងប្រទេស និងអន្តរជាតិ។ រាជរដ្ឋាភិបាលកម្ពុជា សូមអំពាវនាវឱ្យសាធារណជន និងសហគមន៍អន្តរជាតិ មេត្តាទទួលស្គាល់ និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង យ៉ាងសកម្ម និងជាក់ស្តែងរបស់កម្ពុជា ក្នុងការលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕ រក្សាសិទ្ធដោយ៖សុទ្ធលី











