នៅព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៨០នាក់ តំណាងឱ្យពលរដ្ឋរងគ្រោះ ១៤៦គ្រួសារ មកពីឃុំរួសរាន់ និងឃុំរីករាយ ស្រុករវៀង បានឡើងមកដាក់ញត្តិនៅសាលាខេត្តព្រះវិហារ ដើម្បីសុំឱ្យអភិបាលខេត្តជួយអន្តរាគមន៍ដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់ជាង ៩៨៤ហិកតា ដែលត្រូវបានក្រុមហ៊ុនគ្លូប៊ល ហ្គ្រីន របស់លោក ទ្រីដាលុច រំលោភឈូសឆាយយកដើម្បីធ្វើអាជីកម្មរ៉ែ។ នេះបើតាមការចេញផ្សាយព័ត៌មានរបស់អង្គការADHOC-Cambodia ។
យោងតាមលោក ឡុំ សែ តំណាងពលរដ្ឋបានឱ្យដឹងថា កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ពួកគាត់ធ្លាប់បានដាក់ញត្តិសុំឱ្យអភិបាលស្រុករវៀងឱ្យជួយដោះស្រាយម្តងហើយ ហើយ នៅថ្ងៃទី១០ ខែមេសា អភិបាលស្រុករវៀង ក៏បានចុះទៅដល់ទីតាំងដីទំនាស់ផងដែរ តែពុំមានដំណោះស្រាយសមស្របឱ្យពួកគាត់ទទួលយកបាន ទើបពួកគាត់សម្រេចមកដាក់ញត្តិសុំឱ្យអភិបាលខេត្តជួយដោះស្រាយវិញម្តង។
លោក យ៉ុង គឹមហឿង នាយករដ្ឋបាលសាលាខេត្តព្រះវិហារ បានចេញមកទទួលយកញត្តិពលរដ្ឋ និងប្រាប់ពលរដ្ឋថា គាត់នឹងយកញត្តិនេះដាក់ជូនអភិបាលខេត្តដើម្បីសម្រេចលើសំណើរបស់ប្រជាពលរដ្ឋ។
បន្ទាប់ពីបោះត្រាចូល និងចុះកាលបរិច្ឆេទលើញត្តិហើយ នាយកទីចាត់ការការិយាល័យប្រជាពលរដ្ឋ បានយកលិខិតថតចម្លងមកប្រគល់ឱ្យពលរដ្ឋនិងប្រាប់ពលរដ្ឋថា នៅពេលលិខិតដល់អភិបាលខេត្តហើយ ហើយគាត់សម្រេចយ៉ាងណានោះ ខេត្តនឹងជម្រាបជូនប្រជាពលរដ្ឋតាមក្រោយ។
បន្ទាប់ពីទទួលបានលិខិតថតចម្លង និងដំណឹងពីលោកនាយកទីចាត់ការហើយពលរដ្ឋក៏នាំគ្នាត្រឡប់ទៅគេហដ្ឋានវិញនៅម៉ោង១០ ថ្ងៃខែឆ្នាំដដែល និងរង់ចាំមើលចំណាត់របស់អភិបាលខេត្តព្រះវិហារបន្តទៀត។ រក្សាសិទ្ធដោយ៖សុទ្ធលី






