Sunday, April 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង ច្រានចោលការចោទប្រកាន់ និងលើកឡើងគ្មានមូលដ្ឋាន ចំពោះការមិនអនុញ្ញាតឲ្យទណ្ឌិត សម រង្ស៊ី ចូលរួមនៅក្នុងកម្មវិធីជួបជុំសមាគម និងប្រជាពលរដ្ឋខ្មែររស់នៅទីក្រុងបារីស កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦

ប៉ារីស ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសបារាំង នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦បានបញ្ជាក់ថា ឆ្លើយតបនឹងការចោទប្រកាន់ដែលគ្មានមូលដ្ឋាន និងការបកស្រាយខុសពីការពិតរបស់បុគ្គលជ្រុល និយមមួយចំនួនកាលពីពេលថ្មីៗនេះ ដែលបានលើកឡើងថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋ បារាំង ជាស្ថាប័នតំណាងឱ្យគណបក្សនយោបាយ មិនមែនជាស្ថាប័នតំណាងឱ្យជាតិ និងប្រជាពលរដ្ឋខ្មែរ នោះ ស្ថានឯកអគ្គរាជទូតសូមធ្វើការស្រាយបំភ្លឺជូនសាធារណជនដូចតទៅ៖

ស្ថានឯកអគ្គរាជទូតកម្ពុជា គឺជាស្ថាប័នរដ្ឋផ្លូវការដែលតំណាងឱ្យជាតិ និងបម្រើផលប្រយោជន៍ ជាតិ ព្រមទាំងប្រជាពលរដ្ឋខ្មែរគ្រប់រូបដែលរស់នៅ និងធ្វើការនៅប្រទេសបារាំង ដោយគ្មាន ការរើសអើងលើនិន្នាការនយោបាយ ពណ៌សម្បុរ ឬសាសនាឡើយ។

ការបដិសេធមិនផ្សារភ្ជាប់ជាមួយទណ្ឌិត និងក្រុមខុសច្បាប់
ក្នុងនាមជាតំណាងរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជាប្រចាំ សាធារណរដ្ឋបារាំង តែងតែផ្តល់កិត្តិយសចូលរួមក្នុងកម្មវិធីនានាដែលរៀបចំដោយភាគីបារាំង ឬ សមាគមខ្មែរផ្សេងៗ ដើម្បីលើកកម្ពស់មិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងគាំទ ចំពោះសហគមន៍ខ្មែរ ទោះបីជាពេលខ្លះ មានវត្តមានរបស់ក្រុមសកម្មជនប្រឆាំងក៏ដោយ។ ស្ថានឯកអគ្គរាជទូតសូមបញ្ជាក់យ៉ាងច្បាស់ថា ស្ថាប័នរដ្ឋផ្លូវការ និងបុគ្គលតំណាងរដ្ឋ មិនអាចធ្វើ ការសហការ ឬផ្ដល់ការទទួលស្គាល់ដល់ «បុគ្គលជាទណ្ឌិត» ដែលត្រូវបានតុលាការកាត់ទោសពី បទល្មើសធ្ងន់ធ្ងរ រួមមាន៖ បទរួមគំនិតក្បត់ជាតិ បទប៉ុនប៉ងធ្វើរដ្ឋប្រហារ និងបទប្រមាថអង្គព្រះ មហាក្សត្រ ដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាជាតិខ្មែរនោះឡើយ។

ការមិនអនុញ្ញាតឱ្យទណ្ឌិត សម រង្ស៊ី ចូលរួមក្នុងកម្មវិធី នាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ នៅ រដ្ឋសភាបារាំង គឺជាឆន្ទានុសិទ្ធរបស់លោកតំណាងរាស្ត្របារាំង ដែលជាម្ចាស់រៀបចំកម្មវិធី ដើម្បី បើកផ្លូវឱ្យឯកឧត្តមឯកអគ្គរាជទូតអាចចូលរួមក្នុងកម្មវិធីនេះ។ ការណ៍នេះ គឺជាការប្រុងប្រយ័ត្នដើម្បីចៀសវាងការផ្សារភ្ជាប់ ឯកឧត្តមឯកអគ្គរាជទូត ជាមួយបុគ្គលដែលកំពុងជាប់ទោសទណ្ឌ មិនមែនជាការប្រកាន់និន្នាការនយោបាយឡើយ។
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋបារាំង នៅតែបន្តប្រកាន់ខ្ជាប់នូវកាតព្វកិច្ចបម្រើជាតិ និងប្រជាជនដោយស្មោះត្រង់ និងសូមអំពាវនាវដល់បងប្អូនជនរួមជាតិ កុំជឿតាមការញុះញង់ ឬ ការបកស្រាយបំភាន់ការពិតពីសំណាក់ក្រុមជ្រុលនិយម ដែលមានបំណងលាបពណ៌ និងបំបែកបំបាក់សាមគ្គីភាពជាតិ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×