ភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោយមានការផ្សព្វផ្សាយតាមបណ្ដាញសង្គមជាសាធារណៈ មានបុរសម្នាក់បានប្រើសម្ដីមិនសមរម្យ និងគំរាមរកវាយទៅលើជនបរទេសម្នាក់ ជាអ្នកទេសចរ ខណៈជនបរទេសនោះlive រូបភាពវីដេអូ ហើយគាត់គ្រាន់និយាយសួរនាំសុខទុកធម្មតាទៅលើបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ នៅក្បែររបងវត្តឧណ្ណាលោម ដោយរូបភាពនេះត្រូវបានជនបរទេសនោះយកផ្សព្វផ្សាយនៅក្នុងបណ្តាញសង្គម។
នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ត្រូវបាននគរបាលខណ្ឌដូនពេញ ចុះធ្វើការស្រាវជ្រាវបន្ទាន់ និងបានសាកសួរបងប្អូនប្រជាពលរដ្ឋ និងអ្នករត់ម៉ូតូកង់បី នៅក្បែរទីតាំង កើតហេតុផងដែរ។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ មកម្លេះ ស្ថិតនៅក្បែររបងវត្តឧណ្ណាលោម នៅមូលដ្ឋានសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បច្ចុប្បន្នអនុវត្តតាមបទបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ រួមជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលជ័យជំនះ ចុះទៅដល់ទីតាំងកើតហេតុ បានធ្វើការស្រាវជ្រាវបុរសដែល ឈ្លោះនិងរកវាយ ទៅលើជនបរទេស ជាជនអនាថា គ្មានទីលំនៅច្បាស់លាស់ ដើរគ្រប់ទីកន្លែង និងដេកតាមទីសាធារណៈ។
កាលពីថ្ងៃកើតហេតុ មានសប្បុរសជន មកចែកអំណោយ ដល់អ្នកធាក់ស៉ីក្លូ ហើយជននោះ ក៏បាននៅជិតទីនោះសុំអំណោយដែរ ហើយ ស្រាប់តែមានជនបរទេសដើរមក live វីដេអូ និយាយទៅកាន់បុរសនោះក្នុងគោលបំណងល្អ តែបុរសនោះបានប្រើពាក្យសំដីមិនសមរម្យនិងគំរាមរកវាយទៅលើជនបរទេសថាកុំlive ។
ករណីនេះកម្លាំងនគរបាល និងបន្តស្រាវជ្រាវរកបុរសនោះ នាំមកសួរនាំ ដើម្បីអនុវត្តតាមជំនាញ៕រក្សាសិទ្ធដោយ៖សុទ្ធលី



