ភ្នំពេញ ៖ គិតមកត្រឹមម៉ោងនេះ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនជនបង្កអំពេីហិង្សាវាយបំផ្លិចបំផ្លាញរថយន្តជនរងគ្រោះបានចំនួន ៩នាក់ហេីយ ។ នេះបេីតាមការបញ្ជាក់ពី ឯកឧត្ដមឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និង ជាស្នងការនគរបាលរាជធានីភ្នំពេញ ។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន ស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អំពាវនាវដល់យុវជនដែលកំពុងរត់គេចខ្លួនជាចុងក្រោយ ចូលខ្លួនមកអធិការខណ្ឌដូនពេញ ដើម្បីដោះស្រាយ ជាពិសេសយុវជនអ្នកបង្ករហេតុស្រែកបំផុសមុនគេ ដែលកំពុងរត់គេចខ្លួន និងយុវជន ៦នាក់ ជាអ្នកដៃដល់ប្រើហឹង្សា ដោយមិនគិតអំពីច្បាប់ និងមិនដឹងរឿងអ្វីក្នុងចំណោមយុវជនផ្សេងទៀត ត្រូវបានចាប់ខ្លួន(មានម្នាក់ជាអ្នកកាច់យកស្លាកលេខរថយន្ត)។
លោកឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា “ខ្ញុំសូមអំពាវនាវ ដល់យុវជន ដែលកំពុងរត់គេចខ្លួនជាចុងក្រោយ សូមចូលខ្លួនមក អធិការខណ្ឌដូនពេញ ដើម្បីដោះស្រាយជាពិសេសយុវជនអ្នកបង្ករហេតុស្រែកបំផុសមុនគេ កំពុងរត់គេចខ្លួន យុវជន០៦ នាក់ជាអ្នកដៃដល់ប្រើហឹង្សាដោយមិនគិតអំពីច្បាប់និងមិនដឹងរឿងអ្វីក្នុងចំណោមយុវជនផ្សេងទៀតត្រូវបានចាប់ខ្លួនបណ្ដើៗហើយ(មានម្នាក់ជាអ្នកកាច់យកស្លាកលេខរថយន្ត)។
ថាខ្ញុំអត់និយាយលេងទេ (ខ្ញុំសូមជំរាបជូនដល់ក្រុមយុវជនមួយចំនួនតូច ដែលដើរផ្លូវខុស ដែលសង្គមនិងមហាជនស្អប់ខ្ពើមកែខ្លួនឡើងវិញ គ្រូសារមានវិន័យប្រទេសមានច្បាប់គឺច្បាប់មិនអាចទុកឱ្យជនមួយក្ដាប់តូចបង្ករចលាចលក្នុងសង្គមរួចខ្លួនបានទេ)”។
អនុវត្តតាមបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរង ទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ឯក ម៉ម សាវ៉ុន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងជំនាញ
សហការជាមួយកម្លាំងផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង៦នាក់ ករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ ទោស ក្មេងទំនេីង (វាយ និងគប់កំទេចរថយន្ត) នៅចំណុច ហាងម៉ាស្សាម៉ាយូរ៉ា ផ្លូវលេខ ៤៧ ភូមិ១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ វេលាម៉ោងប្រហែល៧និង៣៧យប់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២៦។
*ជនសង្ស័យ
១-ឈ្មោះ ម៉ាន់ ទ្បុងថាដា ហៅ ដា ភេទប្រុស អាយុ១៧ឆ្នាំ
២-ឈ្មោះ ឯក សខមាន ហៅ មាន ភេទប្រុស អាយុ ១៧ឆ្នាំ
៣ -ឈ្មោះ សុខ ជា ហៅ ជា ភេទប្រុស អាយុ ១៨ឆ្នាំ
៤- ឈ្មោះ ឆុន រ៉ាយុទ្ធ ហៅ យុទ្ធ ភេទប្រុស អាយុ ១៧ឆ្នាំ
៥-ឈ្មោះ នី សាគី ហៅ ភ្លោះ ភេទ ប្រុស កើតឆ្នាំ២០០៦
៦-ឈ្មោះ នី រ៉ាវី ភេទ ប្រុស កើតឆ្នាំ២០០៦
*វត្ថុតាងចាប់យក
១-ដុំថ្មចំនួន០៤ដុំ
២-ផ្លាកលេខរថយន្តចំនួន០១បន្ទះ
ជនសង្ស័យជាក្មេងទំនើងខាងលើបច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងសាកសួរនិងអនុវត្តតាមនីតិវិធី ចំពោះករណីនេះដែរសមត្តកិច្ចជំនាញក៏កំពុងបន្តស្វែងរកបក្ខពួកមួយចំនួនបន្ថែមទៀត៕ រក្សាសិទ្ធដោយ៖សុទ្ធលី









