ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយជោគជ័យក្នុងការព្យាបាលព្រះរោគដោយវះកាត់ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។
ព្រះបរមរាជវាំង ចេញសេចក្តីប្រកាសព័ត៌មាន៖ ព្រះករុណា ព្រះអង្គបានសព្វព្រះរាជហឫទ័យ នឹងព្យាបាលដោយវះកាត់ នៅក្នុងមន្ទីរពេទ្យរដ្ឋធានីប៉េកាំង។
ក្រសួងព្រះបរមរាជវាំង មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា បច្ចុប្បន្ននេះព្រះរាជសុខភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត កំពុងស្ថិតក្រោមការពិនិត្យយ៉ាងយកចិត្តទុកដាក់ និងវាយតម្លៃយ៉ាងម៉ត់ចត់ជាទីបំផុត ពីក្រុមវេជ្ជបណ្ឌិតល្បីជំនាញៗប្រចាំនៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។ ក្រុមវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យរដ្ឋធានីប៉េកាំង បានក្រាបបង្គំទូលថ្វាយយោបល់ស្តីពីព្រះរោគតម្រូវឱ្យទទួលការព្យាបាលដោយវះកាត់ ។
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យ នឹងព្យាបាលដោយវះកាត់តាមវេជ្ជបញ្ជា នៅក្នុងមន្ទីរពេទ្យរដ្ឋធានី ប៉េកាំង ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ ។ ក្រោយពីការទទួលព្យាបាលដោយវះកាត់រួច ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គនឹងគង់ប្រថាប់ដើម្បីបន្តតាមដានថែទាំព្រះរាជសុខភាពតាមវេជ្ជបញ្ហា នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង មួយរយៈពេលទៀត ។
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នឹងយាងនិវត្តន៍មកកាន់មាតុប្រទេសវិញ បន្ទាប់ពីព្រះរាជសុខភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានធូរស្បើយ និងមានព្រះកាយពលល្អបរិបូរណ៍ឡើងវិញ ក្រោយពីមានវេជ្ជបញ្ជាពីក្រុមវេជ្ជបណ្ឌិតប្រចាំនៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង ៕ រក្សាសិទ្ធដោយ៖សុទ្ធលី



