Saturday, April 11, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងសមាជិកប្រចាំការគណៈលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ជួបសំណេះសំណាលជាមួយអតីតនិស្សិតកម្ពុជាមកពីប្រទេសវៀតណាម

រាជធានីភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម និង ឯកឧត្តម ត្រឡិន កឹមទូ សមាជិកប្រចាំការគណៈលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នារសៀលថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាលជាមួយអតីតនិស្សិតកម្ពុជា ដែលទទួលបានការបណ្តុះបណ្តាលនៅប្រទេសវៀតណាម នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា រាជធានីភ្នំពេញ។

លោក អ៊ុច លាង ប្រធានសមាគមអតីតនិស្សិតកម្ពុជាមកពីប្រទេសវៀតណាម បានធ្វើសេចក្តីរាយការណ៍អំពី វឌ្ឍនភាព ការងាររបស់សមាគម ព្រមទាំងបានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងក្នុងការផ្សារភ្ជាប់ទំនាក់ទំនង ពិសេសការជួយសម្របសម្រួលរាល់ការងារពាក់ព័ន្ធនឹងនិស្សិតកម្ពុជាដែលទទួលបានការបណ្តុះបណ្តាលនៅវៀតណាម។

មានប្រសាសន៍ទៅកាន់អង្គពិធី សម្តេចកិត្តិសង្គហបណ្ឌិត បានលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជា-វៀតណាម គឺជាទំនាក់ទំនងដែលមានចរិតលក្ខណៈប្រវត្តិសាស្ត្រ រួមសុខរួមទុក្ខ និងជួយគ្នាទៅវិញទៅមកក្នុងគ្រប់កាលៈទេសៈ ក្រោមទិសស្លោក «អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង»។ ប្រទេសទាំងពីរបានពង្រឹងចំណងសាមគ្គីភាពកាន់តែស្អិតរមួតពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុងបរិបទនៃយុគសម័យឌីជីថល និងការប្រកួតប្រជែងសកល វិស័យអប់រំគឺជាសសរស្តម្ភដ៏សំខាន់បំផុត។ ជាច្រើនទសវត្សរ៍កន្លងមកនេះ រដ្ឋាភិបាលវៀតណាមបានផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជារាប់ពាន់នាក់ទៅសិក្សានៅលើទឹកដីវៀតណាម ហើយក្មួយៗដែលវត្តមាននៅទីនេះ គឺជា “ធនធានមនុស្សដ៏មានសក្តានុពល” និងជាតម្លៃនៃកិច្ចសហប្រតិបត្តិការនេះ។

សម្តេចកិត្តិសង្គហបណ្ឌិត ចាត់ទុកវត្តមានរបស់គណៈប្រតិភូជាន់ខ្ពស់វៀតណាមនាពេលនេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់របស់បក្ស រដ្ឋ និងប្រជាជនវៀតណាម ដែលបានឧបត្ថម្ភគាំទ្រដល់កម្ពុជា ជាពិសេសលើវិស័យអប់រំ និងការបណ្ដុះបណ្ដាលធនធានមនុស្ស។ ការជួបជុំក្នុងឱកាសដ៏មានអត្ថន័យនេះ បង្ហាញឱ្យឃើញពីការបន្តពង្រឹងទំនាក់ទំនងមិត្តភាពប្រពៃណី ការយោគយល់គ្នា និងសហប្រតិបត្តិការរវាងប្រជាជននៃប្រទេសទាំងពីរ។

ដោយឡែក ឯកឧត្តមសមាជិកប្រចាំការគណៈលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានមានប្រសាសន៍ថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាម មានការរីកចម្រើនលើគ្រប់វិស័យ ដែលក្នុងនោះទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរសម្រេចបានដល់ ១១ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៥។ បើទោះបីដើមឆ្នាំ២០២៦ សេដ្ឋកិច្ចពិភពលោកជួបការលំបាក ក៏ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅតែរក្សាបានសន្ទុះល្អប្រសើរ។

ឯកឧត្តមបន្តថា កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗត្រូវបានជំរុញបន្ថែមកាន់តែសកម្ម ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្ស និងវិស័យសុខាភិបាល ដែលជាផ្លែផ្កានៃទំនាក់ទំនងល្អរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ ឯកឧត្តមបានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាច្រើនដែលកម្ពុជាសម្រេចបាននាពេលកន្លងមក ដែលបានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើង។

ឯកឧត្តមសង្ឃឹមជឿជាក់យ៉ាងមុតមាំថា អតីតនិស្សិតកម្ពុជាដែលបានសិក្សានៅប្រទេសវៀតណាម នឹងក្លាយជាស្ពានផ្សារភ្ជាប់ទំនាក់ទំនងកាន់តែស្អិតរមួតបន្ថែមទៀត ហើយសូមឱ្យទំនាក់ទំនងមិត្តភាព ប្រពៃណី និងសន្តិភាព ដែលថ្នាក់ដឹកនាំជាច្រើនជំនាន់បានពូនជ្រំ នឹងបន្តអភិវឌ្ឍដើម្បីផលប្រយោជន៍រួម ក៏ដូចជាដើម្បីសន្តិភាពនៅក្នុងតំបន់ និងសកលលោក៕រក្សាសិទ្ធដោយ៖សុទ្ធលី

×