Saturday, April 11, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពិធីបើកការដ្ឋានសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២

តាកែវ ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពិធីបើកការដ្ឋានសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ ប្រវែង១៥១,៦គីឡូម៉ែត្រ(ព្រែកពោធិ៍ ខេត្តកណ្តាល – សមុទ្រ ខេត្តកែប) នៅខេត្តតាកែវ ដោយមានការចូលរួមពីឯកឧត្តម វ៉ាង វិនពិន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្ត្រលើកទី១ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដើម្បីតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ លើប្រវែងសរុប ១៧២.៦ គម បែងចែកជា ២កំណាត់ ដែលកំណាត់ទី១ មានប្រវែង ២១គីឡូម៉ែត្រ និងកំណាត់ទី២ មានប្រវែង ១៥១.៦ គីឡូម៉ែត្រ។តម្រាយផ្លូវទឹកនេះ គឺនឹងត្រូវកសាងស្ទើរទាំងស្រុង លើតម្រាយខ្សែផ្លូវទឹកធម្មជាតិ និងផ្លូវទឹកបុរាណដែលបានបន្សល់ទុកស្រាប់ ហើយធ្លាប់បានប្រើប្រាស់តាំងពីអាណាចក្រហ្វូណនមកម៉្លេះ

សូមរម្លឹកជូនថា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានបង្កើត និងដឹកនាំគណៈកម្មាធិការពិសេសដើម្បីជំរុញការរៀបចំនិងការអនុវត្តគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ។ ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតអនុគណៈកម្មាធិការចំនួន ៤ផ្សេងគ្នា ដើម្បីជំរុញការអនុវត្តការងារចាំបាច់នានា បានតាមផែនការសកម្មភាពដែលបានសម្រេច ក្នុងនោះសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសជាផ្លូវការ ”គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ” ជាគម្រោងប្រវត្តិសាស្រ្ត សម្រាប់ផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជានៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។

ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជារបស់ ឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ មានការចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងនិងកិច្ចសន្យា ចំនួន ៥ច្បាប់ ពាក់ព័ន្ធនឹង “គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ” (គម្រោងព្រែកជីកហ្វូណនតេជោ)។ កិច្ចព្រមព្រៀង និងកិច្ចសន្យា ទាំង ៥ ពាក់ព័ន្ធរួមមាន៖ (១) កិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន (២) កិច្ចព្រមព្រៀងម្ចាស់ភាគហ៊ុន, (៣) កិច្ចព្រមព្រៀង វិនិយោគ, (៤) កិច្ចសន្យាវិស្វកម្ម លទ្ធកម្ម និងសាងសង់ និង (៥) កិច្ចសន្យាប្រតិបត្តិការ និងការថែទាំ។

នៅក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ក៏បានប្រកាសគាំទ្រអំពីជំនួយឥតសំណង និងប្រាក់កម្ចីមួយចំនួនសម្រាប់គម្រោងព្រែកជីកនេះផងដែរ។

លក្ខណៈបច្ចេកទេសទូទៅរបស់ផ្លូវទឹក សម្រាប់កំណាត់ទី២៖ តាមការសិក្សា គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២នេះ មានប្រវែងប្រមាណ ១៥១.៦ គីឡូម៉ែត្រ ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាលប្រវែង៣៣គីឡូម៉ែត្រ ខេត្តតាកែវប្រវែង៥៣គីឡូម៉ែត្រ ខេត្តកំពតប្រវែង៤៨.៧គីឡូម៉ែត្រ ខេត្តកែបប្រវែង១៦.៩គីឡូម៉ែត្រ។

ផ្លូវទឹកនេះមានជម្រៅទឹកប្រមាណ ៤.៧ម៉ែត្រ ទទឹងផ្លូវទឹក៦០ម៉ែត្រ កាំកំណោងអប្បបរមា ៥៨០ម៉ែត្រ និងមានគន្លងនាវាចរណ៍ចំនួន ២គន្លង អាចចេញ-ចូល និងចៀសគ្នាបានដោយសុវត្ថិភាព សមស្របសម្រាប់ប្រភេទនាវាស្តង់ដាប្រទេសចិនអាចធ្វើនាវាចរណ៍បានក្នុងចំណុះផ្ទុក ៣០០០DWT នៅរដូវប្រាំង និង៥០០០DWT នៅរដូវវស្សា។ ការធ្វើនាវាចរណ៍តាមគម្រោងនេះ គឺមិនចាំបាច់ចូលចត និងឆ្លងកាត់ដោយស្វ័យប្រវត្តិ ព្រមទាំងមានបំពាក់នូវប្រព័ន្ធស្វយ័តប្រវត្តិកម្មសម្រាប់ការទូទាត់ប្រាក់ភ្លាមៗ។

ទុនវិនិយោគដែលចាំបាច់សម្រាប់ការកសាងផ្លូវទឹកនេះ មានចំនួនប្រមាណ ១,១៧ ពាន់លានដុល្លារអាម៉េរិក ការសាងសង់ផ្លូវទឹកនេះនឹងមានរយៈពេលប្រមាណ ៣៦ខែ នឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៨៕ រក្សាសិទ្ធដោយ៖សុទ្ធលី

default
default
×