កំពង់ចាម: “ទីទួលប្រាសាទបាសានជាអតីតរាជធានីចាស់ ដែលរើពីអង្គរវត្តមកសាងសង់នៅក្នុងឃុំបារាយណ៍ សូមស្នើឱ្យភាគីពាក់ព័ន្ធក្នុងនោះមានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តរួមទាំងមន្ទីរទេសចរណ៍ខេត្ត សហការគ្នាបង្កើតទៅជាតំបន់ទេសចរណ៍ ដើម្បីទាក់ទាញមនុស្សមកកំសាន្តលេង”នេះជាប្រសាសន៍លើកឡើងពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តថ្លែងនាព្រឹកថ្ងៃទី១០មីនា ឆ្នាំ២០២៥ ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាពុទ្ធាពិសេកនិងសម្ពោធសមិទ្ធផលនានានៅវត្តត្នោតកែវបូព្រឹក្ស ក្នុងឃុំព្រែករំដេង ស្រុកស្រីសន្ធរ ដែលចំណាយបច្ច័យអស់ជាង ១លាន៣០ម៉ឺនដុល្លារ សម្រាប់បម្រើឲ្យពុទ្ធចក្រនិងអាណាចក្រ។
ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍លើកឡើងថា: នៅក្នុងអំឡុងឆ្នាំ២០១៩ រូបលោកបានអញ្ជើញចុះពិនិត្យដោយផ្ទាល់នៅទីតាំងទួលប្រាសាទបាសាននេះដោយមានការចូលរួមពីមន្ទីរជំនាញពាក់ព័ន្ធ។ ត្រូវតែរួមគ្នាយកចិត្តទុកដាក់អភិរក្សដើម្បីទុកឲ្យក្មេងៗជំនាន់ក្រោយបានឃើញពីប្រាសាទបុរាណរបស់ដូនតាខ្មែរយើង ជាមួយនោះរដ្ឋបាលខេត្តក៏បានទាក់ទងជាមួយសប្បុរសជនដោយបានស្ថាបនាផ្លូវបេតុង១ខ្សែពីឃុំព្រែករំដេងបន្តទៅដល់ឃុំបារាយណ៍ដែលជាទីតាំងប្រាសាទ សម្រាប់មធ្យោបាយម៉ូតូរថយន្តបើកបរដោយងាយស្រួលព្រោះផ្លូវនេះស្ថាបនាហើយ។
ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍រំលឹកថា ដោយមើលស្ថានភាពផ្លូវមានផលវិបាករូបលោកក៏បានអញ្ជើញឯកឧត្តមហ៊ុន ម៉ានិតមកបើកការដ្ឋានស្ថាបនាផ្លូវតភ្ជាប់ទៅកាន់តំបន់ទីទួលប្រាសាទ ដែលស្ថាបនាបានពាក់កណ្ដាលហើយ ។ជាមួយនោះក៏បានទាក់ទងកងកម្លាំងវិស្វកម្មដើម្បីដកពីខេត្តកំពង់ឆ្នាំងមកស្ថាបនាផ្លូវបេតុងតភ្ជាប់ពីឃុំបារាយណ៍មកឃុំព្រែកដំបូក ដើម្បីបង្កលក្ខណៈងាយស្រួលពលរដ្ឋធ្វើដំណើរ សំខាន់ត្រូវធ្វើយ៉ាងណាឱ្យបានរួចរាល់មុនរដូវវស្សាចូលមកដល់។
ផ្អែកតាមមន្ត្រីជំនាញនៃមន្ទីរវប្បធម៌ខេត្តវិញបានឲ្យដឹងថា កាលពីសម័យបុរាណតំបន់ទួលបាសាន ធ្លាប់ជារាជធានីបាសាន ស្ថិតនៅក្នុងស្រុកស្រីសឈរ ដែលបច្ចប្បន្ន ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយមានប្រាសាទនៅទីតាំងនោះគឺ ប្រាសាទព្រះធាតុទួលបាសាន តំបន់នេះធ្លាប់ជារាជាធានីរបស់ខ្មែរ ដែលមានព្រះរាជាគ្រងរាជ្យនៅទីនោះគឺ៖ ១- ព្រះបាទពញាយ៉ាត ១៣៩៤-១៤៦៣ ទ្រង់បានមកករទ័ពនៅទីនេះរយៈពេល៥ខែ ទើបលើកទ័ពទៅវាយរំដោះក្រុងអង្គរពីសៀម ក្រោយមកក៏មកតាំងរាជវាំងនៅទីនេះមួយរយៈ រួចក៏មកតាំងរាជវាំងនៅចតុមុខភ្នំពេញសព្វថ្ងៃ។
២- ព្រះបាទស្រីសុរិយោទ័យ ១៤៧២-១៤៨៦ ជាបុត្រព្រះបាទនរាយណ៍រាជាត្រូវជាចៅព្រះព្រះបាទពញាយ៉ាត ដោយអាក់អន់ស្រពន់ចិត្តមិនបានស្នងរាជពីបីតាក៏មកតាំងតំបន់ស្វ័យយ័ត្ននៅទីនេះគ្រប់គ្រងតំបន់ រាជធានីទួលបាសាន រោងដំរី ព្រៃនគរ លង្ហោ ព្រៃបាក់ដែង ទៅទល់នគរចម្ប៉ា។
៣- ព្រះបាទស្រីសុគន្ធបទ ១៥០៤-១៥១២ ជាបុត្រព្រះបាទធម្មោរាជា និងជាចៅព្រះបាទពញាយ៉ាត ក៏មកគង់នៅរាជវាំងទួលបាសាន ប្រកបកិច្ចការផែនដី ដោយទុកឲ្យព្រះអនុចមហាឧបរាជ អង្គចន្ទគង់នៅគ្រប់គ្រងរាជវាំចតុមុខ។
៤- ព្រះបាទរាមាជើងព្រៃ ១៥៩៣-១៥៩៦ ជាក្សត្រដែលបានដឹកនាំទ័ពវាយរំដោះក្រុងលង្វែកពីសៀមមកវិញ ដោយក្រុងលង្វែកត្រូវសៀមដុតបំផ្លាញខ្ទេចអស់ ទ្រងក៏មកគង់នៅរាជរាំងទួលបាសាន ហើយក៏សុគតនៅទីនេះដែរ។
៥- គ.ស ១៥៩៦-១៦០៣ មានស្តេច៣អង្គគង់នៅរាជវាំងទួលបាសាន គឺទី១ អង្គតន់ទី១ -ទី២ អង្គអន និងទី៣សម្តេចកែវាពញាញោម។
៦- ព្រះបាទស្រីសុរិយោពណ៌ ១៦០៣-១៦១៨ជាក្សត្រដែលទទួលការគោរពស្រឡាញចូលចិត្តពីប្រជារាស្គ្រ នៅពេលសៀមវាយចូលក្រុងលង្វែកព្រះអង្គបានប្រយុទ្ធយ៉ាងស្វិតស្វាញទល់នឹងចោសៀម តែចុងក្រោយក្រុងលង្វែកត្រូវសៀមវាយបែកទ្រង់ក៏ត្រូវសៀមចាប់ជាឈ្លើយសឹកហើយបញ្ជូលទៅប្រទេសវា។ក្រោយមកព្រះមហាទេវីក្សត្រីជាព្រះអយ្យកាបានសូមអង្វរព្រះចៅក្រុងសៀមសូមយាងព្រះស្រីសុរិយោពណ៌មកគ្រប់គ្រងនគរវិញ ព្រះចៅក្រុងសៀមក៏យល់ព្រមដោយគិតថាអាចប្រើក្សត្រអង្គនេះជាកូនអុក តែខុសបំណងស្រឡះ។ព្រះបាទស្រីសុរិយោបណ៍បានមកគ្រងរាជដោយគង់នៅរាជវាំងទួលបាសាន ហើយក៏បានភ្ជាប់ទំនាក់ទំនងនឹងក្រុងវ៉េនគរអណ្ណាម ដើម្បីសងសឹកនឹងនគរសៀម ដែលបានវាយកំទេចក្រុងលង្វែក។ ក្រោយពីបានស្ថាបនានៅទីទួលប្រាសាទបាសានក្រោយមកក៏បានប្រែក្លាយជាខេត្តបាសាន មានលក្ខណៈភូមិសាស្ត្រ÷ទិសខាងកើត មានបឹង ទិសអាគ្នេយ៍ មានទន្លេមេគង្គ ទិសទក្សិណ និងមានព្រៃធំផងដែរ៕ រក្សាសិទ្ធដោយ៖ ភ្នំប្រុសភ្នំស្រី













