ភ្នំពេញ ៖ មិនធម្មតាទេ ស្រាប់តែមកផលិត កែច្នៃ វេចខ្ចប់គ្រឿងញៀនក្នុងរាជធានីភ្នំពេញតែម្ដង ចាប់យកសារធាតុញៀនបានដល់ជិត ៣០០គីឡូក្រាម, ក្រុមប្រតិកម្មរហ័ស នៃមន្ទីរប្រឆាំងគ្រឿងញៀន សូមធ្វើការផ្ដល់ព័ត៌មានបឋម ជូនសាធារណជន ឱ្យបានជ្រាបថា កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ២:៥០នាទី កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការបង្ក្រាបករណី ផលិត កែច្នៃ សារធាតុញៀនខុសច្បាប់ ប្រព្រឹត្តនៅភូមិសាស្ត្រទឹកដីខណ្ឌសែនសុខ រាជធានីភ្នំពេញ, ប្រតិបត្តិការនេះសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ ៣នាក់ ក្នុងនោះមានស្រីម្នាក់ និងចាប់យកសារធាតុញៀន និងសារធាតុផ្សំប្រមាណជិត ៣០០គីឡូក្រាម រួមទាំងសម្ភារៈវេចខ្ចប់ និងម៉ាស៊ីនសម្រាប់កែច្នៃសារធាតុញៀនមួយចំនួនធំ, ស្នាដៃខំប្រឹងប្រែងមួយនេះ គឺជាការល្អ ប្រជាពលរដ្ឋ សូមកោតសរសើរ និងគោរព។
សមត្ថកិច្ចបានឱ្យដឹងថា ការជម្រាបជូនព័ត៌មាននេះ ក៏ជាការឆ្លើយបំភ្លឺតបទៅនឹងមុននេះ មានគណនីហ្វេសប៊ុក និងសារព័ត៌មានមួយចំនួន បានបង្ហោះវីដេអូ និងរូបថតនៃសកម្មភាពបង្ក្រាបបទល្មើសគ្រឿងញៀនរបស់សមត្ថកិច្ច ដោយសរសេរថា «មិនដឹងជាប៉ូសិសខាងណាទេ គ្មានឯកសណ្ឋាន មកចាប់មនុស្សញាត់ឡាន ដូចជាឃោរឃៅណាស់…»។ ការបង្ហោះនេះ ត្រូវបានអ្នកតាមដានបណ្តាញសង្គមហ្វេសប៊ុក នាំគ្នាចែកចាយតៗគ្នា និងមានបញ្ចេញមតិរិះគន់ បង្កឱ្យមានការយល់ច្រឡំមកលើកងកម្លាំងសមត្ថកិច្ច ដែលតាមពិត គឺសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើប្រតិបត្តិការតាមរកមុខសញ្ញា ផលិត កែច្នៃ សារធាតុញៀនខុសច្បាប់ ប្រព្រឹត្តនៅភូមិសាស្ត្រទឹកដីខណ្ឌសែនសុខ រាជធានីភ្នំពេញ យ៉ាងម៉ឺងម៉ាត់ ឯណាឯណោះសោះ។
ទាក់ទងនឹងរឿងតាមដានមុខសញ្ញានេះដែរ សមត្ថកិច្ចបានពន្លៀតការងាររបស់ខ្លួនជាសម្ងាត់ទៅដល់ទឹកដីខណ្ឌដង្កោឯណោះ ប៉ុន្តែសមត្ថកិច្ចកាប់ច្រឡំមនុស្ស គឺខុសមុខសញ្ញាមួយ ត្រូវមុខសញ្ញាមួយទៅវិញ។
បើតាមប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ ដែលឃើញសមត្ថកិច្ច ចាប់ជនសង្ស័យពីរនាក់ ក្នុងទឹកសង្កាត់ព្រែកកំពឹស ខណ្ឌបង្កោ រាជធានីភ្នំពេញ បាននិយាយថា ដំបូងនោះ គឺសមត្ថកិច្ច បានស្វែងរកចាប់មុខសញ្ញា ផលិត កែច្នៃ សារធាតុញៀនខុសច្បាប់ ប្រព្រឹត្តនៅភូមិសាស្ត្រទឹកដីខណ្ឌសែនសុខ រាជធានីភ្នំពេញ ឯណោះទេ , ប៉ុន្តែ លុះដល់ម៉ោង ប្រមាណ ២ រសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ ក៏ប្រទះឃើញជនសង្ស័យ ២នាក់ ក្នុងភូមិសាស្ត្រ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយសមត្ថកិច្ចក៏ស្ទុះទៅចាប់ខ្លួនញាត់បញ្ចូលឡានទៅ, ដែលនេះ ជាការចាប់ច្រឡំមនុស្សមែន ! ព្រោះជនសង្ស័យ ២នាក់នេះ មិនមែនជាប់ពាក់ព័ន្ធនឹងការ ផលិត កែច្នៃ សារធាតុញៀនខុសច្បាប់នោះទេ ពួកគេគ្រាន់តែមានសារធាតុញៀនក្នុងខ្លួន ឬប្រើប្រាស់តែប៉ុណ្ណោះ , សំណាងហើយដែលសមត្ថកិច្ចធ្វើការត្រួតពិនិត្យទៅ ឃើញជន ២នាក់ ដែលចាប់ខ្លួននេះ មានសារធាតុញៀនក្នុងខ្លួន តែបើរកមិនឃើញមានសារធាតុញៀនក្នុងខ្លួនវិញនោះ អាហ្នឹងហើយ គេហៅថា ចាប់ច្រឡំ ! ព្រោះថា ការចាប់ខ្លួនអ្នកជាប់សារធាតុញៀនក្នុងខ្លួន ឬជនសង្ស័យណាមួយ… មិនមែនឲ្យទៅឃើញមនុស្សដើរតាមផ្លូវ ចេះតែសង្ស័យគេ ហើយស្ទុះទៅចាប់ឯណា ! លុះត្រាតែតាមអង្កេតទៅដល់កន្លែងជក់ ឬមានតម្រុយច្បាស់លាស់ ឬប្រព្រឹត្តតែម្ដង ទើបអាចចាប់គាត់ខ្លួនបាន, ចំណុចនេះ សូមមហាជនធ្វើការពិចារណាទាំងអស់គ្នា , ចំណែកសមត្ថកិច្ច សូមឈ្វេងយល់ថា បើមានវិមតិសង្ស័យនោះទេ គឺត្រូវបានប្រយោជន៍ទៅជនជាប់ចោទ , កុំអាងថា មានអំណាច តួនាទី ចេះតែដើរសង្ស័យចាប់គេផ្ដេសផ្ដាស នេះបើយោងច្បាប់កំពូលរដ្ឋធម្មនុញ្ញ មានចែងក្នុងមាត្រា ៣៨ : ស្ដីពី ការធានារ៉ាប់រងមិនឱ្យមានការរំលោភបំពានលើរូបរាងកាយបុគ្គលណាមួយឡើយ , ការពារជីវិត កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ពលរដ្ឋ , ការទទួលសារភាព ដែលកើតឡើងពី ការបង្កិតបង្ខំ តាមផ្លូវកាយក្ដី តាមផ្លូវចិត្តក្ដី មិនត្រូវទុកជាភស្តុតាង នៃពិរុទ្ធភាពទេ, វិមតិសង្ស័យ ត្រូវបានជាប្រយោជន៍ដល់ជនជាប់ចោទ៕ រក្សាសិទ្ធដោយ៖ពិសិដ្ឋ CEN







