Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការទារកដ្ឋានរោងចក្រ ម៉ាវ៉ល ហ្គាមិន នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ

កណ្តាល ៖ នៅព្រឹកថ្ងៃចន្ទ ទី១០ ខែមីនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការទារកដ្ឋានរោងចក្រ ម៉ាវ៉ល ហ្គាមិន នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ស្ថិតនៅភូមិដើមឫស ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

រោងចក្រកាត់ដេរម៉ាវ៉ល ជារោងចក្ររោងចក្រកាត់ដេរសម្លៀកបំពាក់ និងខោអាវកីឡាដ៏ធំមួយនៅកម្ពុជា បើកដំណើរការកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០។ រោងចក្រនេះមានចំនួន៣៣អគារ ហើយកាត់ដេរសម្លៀកបំពាក់ និងខោអាវកីឡាម៉ាកល្បីៗមានដូចជា NIKE PUMA LULULEMON RALPH LAUREN និង ADIDAS ជាដើម។ សម្លៀកបំពាក់ និងខោអាវកីឡា ដែលផលិតពីរោងចក្រនេះ ត្រូវបាននាំចេញទៅសហរដ្ឋអាមេរិក កាណាដា និងសហភាពអឺរ៉ុបជាដើម។

គោលការណ៍បង្កើតទារកដ្ឋាននេះ ជាគោលការណ៍មួយក្នុងចំណោម១០ ដែលរាជរដ្ឋាភិបាលបានដាក់ចុះតាំពីដើមអាណត្តិ តាមរយៈក្រសួងការងារដែលជាសេនាធិការដឹកនាំរៀបចំ។ ទារកដ្ឋាននេះសម្រាប់ការមើលថែទាំកូនៗរបស់កម្មករនិយោជិត ដែលមានអាយុចាប់ពី ៣ខែ រហូតដល់អាយុ ៣ឆ្នាំ ដែលជួយសម្រួលដល់បងប្អូនកម្មករនិយោជិតក្នុងរោងចក្រអាចយកកូនៗមកផ្ញើក្នុងទារកដ្ឋាន ដើម្បីទទួលបានការមើលថែទាំសុខភាព និងទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់សម្រាប់ទារក ដែលជាមូលធនមនុស្សកម្ពុជាចាប់ពីតូចទៅតែម្តង បន្ថែមពីនេះ ទារកដ្ឋាននេះ ត្រូវបានរៀបចំបង្កើតឡើងសម្រាប់ជាកន្លែងដែលផ្តល់សេវាថែទាំកុមារតូចៗ ជាកូនរបស់បងប្អូនកម្មករនិយោជិតជាស្ត្រីនៅ រោងចក្រ ម៉ាវ៉ល ប្រកបដោយសុវត្ថិភាព និងធំធាត់ឡើង ដោយមានសុខភាពល្អ។

គោលនយោបាយរបស់រដ្ឋាភិបាល បានផ្ដល់អត្ថប្រយោជន៍ដល់កម្មករនិយោជិត ចំពោះស្ត្រីមានផ្ទៃពោះ នៅពេលពិនិត្យសុខភាពទទួលបានប្រាក់ឧបត្ថម្ភ ៨ម៉ឺនរៀលក្នុង១លើក និងត្រូវពិនិត្យផ្ទៃពោះចំនួន៤លើក មុនពេលសម្រាល, ពេលឆ្លងទន្លេ កូន១ ឧបត្ថម្ភថវិកា ៨០ម៉ឺន កូនភ្លោះ២ ឧបត្ថម្ភ១,២លានរៀល កូនភ្លោះ៣ ឧប​ត្ថម្ភ ១,៦លានរៀល និងកូនភ្លោះ៣ទទួលបានការឧបត្ថម្ភពីសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន៥លានរៀល ថែមទៀតផង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មានទារកដ្ឋាននេះនៅរោងចក្រ បានជួយច្រើនដល់បងប្អូនកម្មការិនីច្រើន ទាំងការថែទាំ និងកាត់បន្ថយការចំណាយរបស់ប្អូនស្រីកម្មការិនី។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បណ្ណ ប.ស.ស មានអត្ថប្រយោជន៍ច្រើនដល់បងប្អូនកម្មករ ទាំងពេលមានជំងឺ និងមានគ្រោះថ្នាក់អ្វីក៏ដោយ គឺប.ស.ស ជាអ្នករ៉ាប់រងទាំងអស់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលនយោបាយជួយឧបត្ថម្ភដល់ស្រ្តីមានផ្ទៃពោះ រហូតដល់មានកូន គឺជានយោបាយរបស់សម្តេចតេជោ ហើយបន្តរហូតដល់រាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ គឺជានយោបាយដ៏ល្អជួយដល់ស្រ្តីរបស់យើង។

ឆ្លើយតបនឹងសំណួររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត, ប្អូនស្រីកម្មការិនី បានថ្លែងថា ការប្រើប្រាស់ បណ្ណ ប.ស.ស មានភាពងាយស្រួល និងសេវាសុខាភិបាល នៅតាមបណ្តាមណ្ឌលសុខភាព មានភាពល្អប្រសើរ បើទោះបីកាន់បណ្ណ បសស ក៏ដោយ គ្រូពេទ្យមានភាពរួសរ៉ាយរាក់ទង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងស្នើឲ្យក្រសួងការងារ និងក្រសួងសុខាភិបាល បន្តពិនិត្យតាមដានការងារដែលបានដាក់ចេញទាំង ប.ស.ស និងសេវាកម្មសុខាភិបាល នៅតាមមូលដ្ឋានមណ្ឌលសុខភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបន្តគោលនយោបាយអត្ថប្រយោជន៍ដល់ស្រ្តីមានផ្ទៃពោះ និងមានកូនរហូតដល់២ឆ្នាំ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×