Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជា ដាក់ចេញនូវបទបញ្ជាមួយចំនួន ដល់ក្រសួងបរិស្ថាន រដ្ឋបាលខេត្តកំពង់ស្ពឺ​ ក្រសួងទេសចរណ៍ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាទេសចរណ៍ នៅតំបន់ទេសចរណ៍ខ្នងផ្សារ ខ្នងសំពៅ

កំពង់ស្ពឺ៖ ដើម្បីជំរុញការផ្តល់សេវាទេសចរណ៍ជូនភ្ញៀវទេសចរ និងជួយសម្រួលដល់ការរស់នៅ របស់ប្រជាពលរដ្ឋសហគមន៍ផងដែរនោះ ក្នុងឱកាសចុះពិនិត្យដោយផ្ទាល់ អំពីសក្តានុពលនៃតំបន់ទេសចរណ៍ខ្នងផ្សារ ខ្នងសំពៅ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវបទបញ្ជាមួយចំនួន ដល់ក្រសួងបរិស្ថាន រដ្ឋបាលខេត្តកំពង់ស្ពឺ​ ក្រសួងទេសចរណ៍ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាទេសចរណ៍ នៅតំបន់ទេសចរណ៍ខ្នងផ្សារ ខ្នងសំពៅ។

បទបញ្ជាមួយចំនួនដែលសម្តេចដាក់ចេញរួមមាន ការអភិរក្ស និងថែរក្សាតំបន់ទេសចរណ៍ខ្នងផ្សារ ខ្នងសំពៅ, សិក្សារៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងសេវាកម្មគាំទ្រ ដូចជាផ្លូវ បន្ទប់ទឹក កន្លែងលក់អាហារ កន្លែងសង្គ្រោះបន្ទាន់, ការធ្វើឱ្យប្រសើរឡើងប្រព័ន្ធផ្គត់ផ្គង់ទឹក និងការជំរុញផ្សព្វផ្សាយទេសចរណ៍ធម្មជាតិនៅតំបន់នេះ។

នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហោះវីដេអូ ជាមួយខ្លឹមសារទាំងស្រុងដូច្នេះថា “មុននឹងចាកចេញពីតំបន់ទេសចរណ៍ខ្នងផ្សារកាលពីថ្ងៃសៅរ៍ទី៨ មីនា កន្លងទៅនេះ ខ្ញុំបានជួបជជែកលេងជាមួយប្អូនប្រុសដែលជាប្រធានសហគមន៍ទេសចរណ៍ធម្មជាតិតាំងបំពង់ និងអនុប្រធានរបស់គាត់ ដើម្បីស្តាប់ពីស្ថានភាពជីវភាពរបស់ប្រជាជននៅក្នុងសហគមន៍ ក៏ដូចជាសំណូមពរជាក់ស្តែងដើម្បីជួយដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍។
ក្រោយពីពិនិត្យនូវទិដ្ឋភាពជាក់ស្តែង និងស្តាប់តំណាងសហគមន៍ ខ្ញុំបានសម្រេច÷
១. ប្រគល់ភារកិច្ចជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តមអភិបាលនៃអភិបាលខេត្តកំពង់ស្ពឺ÷

  • សហការអភិរក្សនិងថែរក្សាតំបន់ទេសចរណ៍ខ្នងផ្សារ ខ្នងសំពៅ នៃឧទ្យានជាតិភ្នំក្រវ៉ាញអោយបានល្អ សម្រាប់ផលប្រយោជន៍សាធារណៈនិងសហគមន៍នៅតំបន់នេះ
  • សិក្សារៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រនិងសេវាកម្មគាំទ្រ ដូចជាផ្លូវ បន្ទប់ទឹក កន្លែងលក់អាហារ កន្លែងសង្គ្រោះបន្ទាន់ ។ល។ ទៅតាមស្តង់ដារ និងទុកជាប្រយោជន៍ជូនសហគមន៍ ដើម្បីធ្វើអោយប្រសើរឡើងនូវការផ្តល់សេវាជូនទេសចរណ៍ដែលមកកំសាន្តនៅទីនេះ។
  • សិក្សាធ្វើអោយប្រសើរឡើងនូវប្រព័ន្ធផ្គត់ផ្គង់ទឹកនៅលើតំបន់ភ្នំខ្នងផ្សារ ក៏ដូចជាសម្រាប់ប្រជាពលរដ្ឋរស់នៅតំបន់ជើងភ្នំផងដែរ។
    ២. ប្រគល់ភារកិច្ចជូនឯកឧត្តម រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សហការណ៍ សម្របសម្រួល ជាមួយក្រសួងបរិស្ថាន គណៈអភិបាលខេត្ត ប្រតិបត្តិករទេសចរណ៍និងសហគមន៍ ដើម្បីជំរុញទេសចរណ៍ធម្មជាតិនៅតំបន់នោះឱ្យកាន់តែប្រសើរឡើង ក៏ដូចជាការជួយបង្កើនសមត្ថភាពរបស់សហគមន៍ក្នុងការផ្ដល់សេវាទេសចរណ៍ផងដែរ។ ទាំងនេះនឹងអាចចូលរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ”៕ រក្សាសិទ្ធដោយ៖សុទ្ធលី
×