Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនសង្ស័យ៣នាក់ និងចាប់យកសារធាតុញៀន និងសារធាតុផ្សំប្រមាណជិត៣០០គីឡូក្រាម រួមទាំងសម្ភារៈវេចខ្ចប់ និងម៉ាស៊ីនសម្រាប់កែច្នៃ សារធាតុញៀនមួយចំនួនធំ

រាជធានីភ្នំពេញ ៖ ក្រុមប្រតិកម្មរហ័សនៃមន្ទីរប្រឆាំងគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិ សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា នៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ គណនីហ្វេសប៊ុកមួយនិងសារព័ត៌មានបានបង្ហោះវីដេអូ និងរូបថតនៃសកម្មភាពបង្ក្រាបបទល្មើសគ្រឿងញៀន ដោយសរសេរថា «មិនដឹងជាប៉ូសិសខាងណាទេ គ្មានឯកសណ្ឋានមកចាប់មនុស្សញាត់ឡាន ដូចជាឃោរឃៅណាស់ សង្កាត់ព្រែកកំពឹង»។ ការបង្ហោះនេះត្រូវបានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក នាំគ្នាចែកចាយតៗគ្នា និងមានបញ្ចេញមតិរិះគន់ បង្កឱ្យមានការយល់ច្រឡំមកលើកងកម្លាំងសមត្ថកិច្ច។

ជុំវិញការផ្សព្វផ្សាយនេះ ក្រុមប្រតិកម្មរហ័សនៃមន្ទីរប្រឆាំងគ្រឿងញៀន សូមធ្វើការបំភ្លឺជូនសាធារណជននូវព័ត៌មានបឋមឱ្យជ្រាបថា នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល០២:៥០នាទី កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បានសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការបង្ក្រាបករណី កែឆ្នៃសារធាតុញៀនខុសច្បាប់ ប្រព្រឹត្តិនៅភូមិសាស្ត្រខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ប្រតិបត្តិការនេះសមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ (ស្រី០១) និងចាប់យកសារធាតុញៀន និងសារធាតុផ្សំប្រមាណជិត៣០០គីឡូក្រាម រួមទាំងសម្ភារៈវេចខ្ចប់ និងម៉ាស៊ីនសម្រាប់កែច្នៃ សារធាតុញៀនមួយចំនួនធំ។

បន្ទាប់ពីស្តាប់ចម្លើយជនសង្ស័យ និងឆ្លងតាមការស៊ើបអង្កេត កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បានបន្តស្រាវជ្រាវរកមុខសញ្ញាពាក់ព័ន្ធ និងមេខ្លោង ដោយកំណត់បានមុខសញ្ញាដែលកំពុងលាក់ខ្លួនក្នុងភូមិសាស្ត្រសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ កម្លាំងជំនាញក៏បានចុះច្បាមមុខសញ្ញា និងឃ្លាំមើលក្នុងភូមិសាស្ត្រខាងលើ លុះដល់ម៉ោងប្រមាណ២រសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចយើងបានឃើញមុខសញ្ញាពីរនាក់ ហើយមុខសញ្ញាទាំងពីរនាក់ពេលឃើញសមត្ថកិច្ចយើងក៏ភ័យរត់គេចខ្លួន សមត្ថកិច្ចយើងមានការសង្ស័យក៏ធ្វើការឃាត់ខ្លួនដោយជាបឋមសន្និដ្ឋានថា មុខសញ្ញាទាំងពីរនាក់នេះ មានភិនភាគដូចមុខសញ្ញា ដែលកម្លាំងសមត្ថកិច្ចយើងកំពុងតែបន្តការតាមចាប់ខ្លួន។ បន្ទាប់ពីចាប់ខ្លួនរួចហើយ ក៏បញ្ជូនបន្តមកមន្ទីរប្រឆាំងគ្រឿងញៀន ដោយបានស្តាប់ចម្លើយ និងបានធ្វើតេស្តទឹកនោម ជាលទ្ធផលកម្លាំងយើងរកឃើញថាមុខសញ្ញាទាំងពីរនាក់ មិនពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនខាងលើនោះទេ ប៉ុន្តែមុខសញ្ញាទាំងពីរនាក់ ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន ដោយកម្លាំងសមត្ថកិច្ចយើងបានចាប់យកសារធាតុញៀនមួយកញ្ចប់ទៀតផង។

ក្នុងពេលឃាត់ខ្លួមមុខសញ្ញាទាំងពីរនាក់នោះដែរ ក៏មានប្រជាពលរដ្ឋដែលមិនបានដឹងរឿង ក៏ថតវីដេអូ និងរូបភាពបង្ហោះដោយចោទប្រកាន់មកលើសមត្ថកិច្ច ដោយបង្កើតឱ្យមានការបញ្ចេញមតិ ធ្វើឱ្យប៉ះពាល់កិត្តិយសរបស់កងកម្លាំងជំនាញ ជាពិសេសធ្វើឱ្យបែកព័ត៌មានសម្ងាត់ ដែលប្រតិបត្តិការស៊ើបអង្កេតរបស់សមត្ថកិច្ចយើងមិនទាន់បានបញ្ចប់។

ជាចុងក្រោយ មន្ទីរប្រឆាំងគ្រឿងញៀន សូមថ្លែងអំណរគុណ ចំពោះសាធារណជនគ្រប់មជ្ឈដ្ឋាន ដែលតែងតែសហការគាំទ្រ និងតាមដានយ៉ាងយកចិត្តទុកដាក់រាល់កិច្ចប្រតិបត្តិការរបស់មន្ទីរប្រឆាំងគ្រឿងញៀន។ ជាមួយគ្នានេះ មន្ទីរប្រឆាំងគ្រឿងញៀន ក៏សំណូមពរដល់បងប្អូនប្រសិនបើមានឆន្ទៈចូលរួមបង្ការ ទប់ស្កាត់ បទល្មើសគ្រឿងញៀន ពុំគួរផ្សព្វផ្សាយព័ត៌មានជាសាធារណៈ ក្នុងអំឡុងពេលសមត្ថកិច្ចយើងកំពុងបន្តកិច្ចស៊ើបអង្កេត បង្ក្រាបបទល្មើសជាក់ស្តែង ដែលបណ្តាលឱ្យបែកព័ត៌មានសម្ងាត់ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×