Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចបវរធិបតី ស្នើសូមការយោគយល់អំពីប្រជាពលរដ្ឋ ចំពោះការរំខានដល់លំហូរចរាចរណ៍រយៈពេលខ្លី សម្រាប់ក្បួនរថយន្តថ្នាក់ដឹកនាំ នៅតាមផ្លូវសាធារណៈមួយចំ​​នួន

ភ្នំពេញ ៖ តាមរយៈសារសំឡេងពិសេស នាថ្ងៃអាទិត្យនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍អំពីការរៀបចំចរាចរណ៍សម្រាប់ក្បួនរថយន្តថ្នាក់ដឹកនាំរួមទាំង សម្តេចបវរធិបតីនាយករដ្ឋមន្រ្តីផ្ទាល់ និងជាពិសេសផ្តល់អាទិភាពដល់រថយន្តសង្រ្គោះបន្ទាន់ ដើម្បីអាចឆ្លងកាត់បានលឿន និងសង្រ្គោះជីវិតបានទាន់ពេលវេលា។

សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងនូវការអរគុណនិងកោតសរសើរដល់បងប្អូនសមត្ថកិច្ចទាំងអស់ ជាពិសេសនគរបាលចរាចរណ៍ដែលបានខិតខំប្រឹងប្រែងគ្រប់ពេលវេលា ដើម្បីធានានូវសុវត្ថិភាព និងសណ្ដាប់ធ្នាប់ចរាចរណ៍តាមបណ្តោយដងផ្លូវសាធារណៈនៅទូទាំងប្រទេស ជាពិសេសនៅរាជធានីភ្នំពេញ ដែលមានប្រជាជនច្រើនហើយសកម្មភាពសេដ្ឋកិច្ចក៏រស់រវើកខ្លាំង។ ខ្ញុំក៏សូមកោតសរសើរចំពោះឯកឧត្តមអគ្គស្នងការនគរបាលជាតិ ក៏ដូចជាស្នងការនគរបាលរាជធានី-ខេត្តទាំងអស់ ដែលបានខិតខំប្រឹងប្រែងក្នុងការដឹកនាំនិងណែនាំលើកិច្ចការងារដ៏សំខាន់នេះជាប់ជាប្រចាំ។

សម្តេចមហាបវរធិបតី បានថ្លែងបញ្ជាក់បន្ថែមទៀតថា “ខ្លួនខ្ញុំក៏ធ្លាប់ដឹកនាំផ្ទាល់នូវការងារសន្តិសុខសម្រាប់ការពារថ្នាក់ដឹកនាំជាតិនិងអន្តរជាតិ ខ្ញុំយល់ច្បាស់អំពីការលំបាកពេលខ្លះក្នុងការបំពេញភារកិច្ចតាមតួនាទីក្នុងការធានាតុល្យភាពនៃការការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំជាតិនិងអន្តរជាតិ ជាមួយនឹងការសម្រួលសកម្មភាពជូនប្រជាពលរដ្ឋនៅក្នុងតំបន់ការពារសុវត្ថិភាពមួយចំនួន”។

ទោះជាយ៉ាងនេះក្តី ការអនុវត្តភារកិច្ចដោយម៉ឺងម៉ាត់និងម៉ត់ចត់ ប្រកបដោយភាពបត់បែនទៅតាមករណីចាំបាច់នីមួយៗ ជាពិសេសករណីពាក់ព័ន្ធជាមួយការសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋ ជាកិច្ចការដែលយើងត្រូវខិតខំបន្តរួមគ្នាធ្វើដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ប្រជាពលរដ្ឋ។
សម្តេចបវរធិបតី បានបញ្ជាក់ថា “ខ្ញុំក៏សូមការយោគយល់អំពីប្រជាពលរដ្ឋរបស់យើង ដែលទោះបីជាបងប្អូនសមត្ថកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយផលប៉ះពាល់ជាអតិបរមាយ៉ាងណាក៏ដោយ ក៏ពេលខ្លះមិនអាចជៀសផុតពីការរំខានដល់លំហូរចរាចរណ៍រយៈពេលខ្លីនៅតាមផ្លូវសាធារណៈមួយចំនួននោះទេ”៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×