Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ហ៊ុន ម៉ានី ធ្វើសន្និសីទសារព័ត៌មានស្ដីពីការត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ នៅទីតាំងតំបន់ភូមិខ្ញុំ ក្នុងខេត្តសៀមរាប

សៀមរាប ៖ នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានអញ្ជើញចូលរួមក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ នៅទីតាំងតំបន់ភូមិខ្ញុំ ក្នុងខេត្តសៀមរាប។ ក្នុងពិធីនេះក៏ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សុខ សប្បាយណា ប្រធានក្រុមប្រតិបត្តិ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប និងលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងបងប្អូនអ្នកសារព័ត៌មានជាច្រើនរូប។

សន្និសីទនាឱកាសនេះ បានប្រកាសជាផ្លូវការនៃការត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ ក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី» ដែលជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋជាច្រើនរូប។ ជាមួយគ្នានេះ គណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានជម្រាបជូនពីគោលបំណង កម្មវិធី និងទិដ្ឋភាពនៃការគិតគូរពីការរៀបចំនានាក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥នេះ ដែលមានលក្ខណៈពិសេស និងអស្ចារ្យ ធ្វើយ៉ាងណាផ្តល់ស្នាមញញឹម និងផ្តល់ភាពសប្បាយរីករាយដល់មហាក្រុមគ្រួសារខ្មែរ ក្នុងឱកាសនៃការអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ឆ្នាំនេះ ខេត្តសៀមរាបនឹងមានព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដ៏សំខាន់មួយ គឺព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅមុខប្រាសាទអង្គរវត្ត ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥។ ព្រះរាជវត្តមានដ៏ថ្លៃថ្លា នៃអង្គព្រះករុណាជាអម្ចាស់ ជីវិតលើត្បូងនៅលើទឹកដីអង្គរដ៏ពិសិដ្ឋ នៃបុព្វបុរសខ្មែរគឺបង្ហាញឱ្យឃើញនូវខឿនអារ្យធម៌ដ៏ខ្ពង់ខ្ពស់ និងចំណាស់នៃប្រជាជាតិកម្ពុជាដែលរក្សាបានយ៉ាងជាប់លាប់រាប់សតវត្សរ៍កន្លងមកហើយ។ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាមានភ័ព្វវាសនាដ៏ខ្ពង់ខ្ពស់បំផុតដោយបានដង្ហែព្រះរាជដំណើរព្រះករុណាជាអម្ចាស់ជីវិតលើត្បូងស្តេចយាងបំពេញព្រះរាជកិច្ចតាមព្រះរាជបវេណីដ៏ប្រពៃថ្លៃថ្លារបស់ព្រះមហាក្សត្រគ្រប់គ្រងផែនដីព្រះរាជាណាចក្រកម្ពុជា និងជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត នៃទូលព្រះបង្គំយើងខ្ញុំដែលព្រឹត្តិការណ៍អង្គរសង្រ្កាន្តត្រូវបានរៀបចំឡើងបន្ទាប់ពីព្រះរាជពិធីនេះ ប្រៀបបីដូចការទទួលបានការប្រោសព្រះរាជទានពរជ័យពីអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង។

ឯកឧត្តម បានថ្លែងថា ព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានឹងផ្តល់នូវការប្រោះព្រំសព្ទសាធុការពរជ័យ សិរីបវរថ្លៃថ្លា មហាប្រសើរ ដល់ទឹកដីព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទទួលអំណរ នៃការផ្លាស់ឆ្នាំចាស់ឈានចូលឆ្នាំថ្មីនាពេលខាងមុខ។ ទូលព្រះបង្គំជាខ្ញុំសូមក្រាបថ្វាយអំណរព្រះរាជគុណយ៉ាងធំធេងក្រៃលែងថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នូវព្រះរាជហឫទ័យទុកដាក់ ដែលទ្រង់សព្វព្រះរាជហឫទ័យដល់កូនចៅចៅទួតគ្រប់ៗគ្នា។

សូមជម្រាបជូនថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ នឹងត្រូវរៀបចំឡើងក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី» ដែលនឹងលើកយកនូវកេរតំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃរបស់បុព្វបុរសខ្មែរមករំលេចឡើងជាផ្ទាំងទស្សនីយភាពចម្រុះដ៏សម្បូរបែបនៅលើទឹកដីអង្គររយៈពេល ០៣ ថ្ងៃ គឺថ្ងៃទី ១៤ ១៥ និង១៦ ខែមេសា ឆ្នាំ២០២៥៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×