ភ្នំពេញ ៖ តារាចម្រៀងលោក ណុប បាយ៉ារិទ្ធ នឹងបញ្ចេញស្នាដៃបទចម្រៀងដែលផលិតដោយស្នាដៃលោកផ្ទាល់ តាមរយៈបទចម្រៀងចូលឆ្នាំមួយបទ ដែលមានតារាចម្រៀងប្រមាណ១៦ដួងច្រៀងរួមគ្នា នៅក្នុងផលិតកម្មហង្សមាស។
ការត្រៀមបញ្ចេញស្នាដៃថ្មីមួយទៀតពីតារាចម្រៀងលោក ណុប បាយ៉ារិទ្ធ នាពេលនេះគឺចាត់ទុកជាស្នាដៃទី២ បន្ទាប់ពីការពីឆ្នាំកន្លងទៅលោក ក៏ធ្លាប់បានបញ្ចេញស្នាដៃផលិតផ្ទាល់ខ្លួននូវបទចម្រៀង ពរជ័យហង្សមាស ដែលមានការចូលរួមច្រៀងរួមគ្នាពីតារាចម្រៀងល្បីៗចំនួន៥ដួង។

តាមរយៈសារដែលបានបង្ហោះនៅលើបណ្តាញសង្គមលោក ណុប បាយ៉ារិទ្ធ បានលើកឡើងថា កាលពីឆ្នាំទៅបងប្អូនបានរីករាយស្តាប់កម្សាន្តជាមួយបទចម្រៀងមួយបទក្រោមចំណងជើងថា « ពរជ័យហង្សមាស» ដែលជាបទចម្រៀងដែលកើតឡើងពីគំនិតផ្តួចផ្តើមផលិតរបស់ខ្ញុំបាទផ្ទាល់ ក្រោមការសហការពីលោក គង់ សុភក្តី ដែលជាអ្នកនិពន្ធ និង សម្រួលតន្ត្រី និងលោកលី ស៊ីនហួនជាអ្នកនិពន្ធទំនុកច្រៀង ច្រៀងដោយតារាចម្រៀងស្រីទាំង៥រូបរបស់គ្រួសារហង្សមាសមាន ឱក សុគន្ធកញ្ញា , ផន ស្រីខួច , ចម្រើន សុភក្រ័ , ឈីន រតនៈ និង ម៉ង់ ចាន់កញ្ញា ។

លោកបញ្ជាក់ថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ខ្ញុំបាទ ណុប បាយ៉ារិទ្ធ មានសេចក្តីសោមនស្សរីករាយ ដោយបានក្រុមហ៊ុនហង្សមាសអនុញ្ញាត្តិអោយខ្ញុំបានបញ្ចេញសមត្ថភាពជាមួយនិងការងារថ្មី ដឹកនាំproject ផលិតនៅបទចម្រៀងថ្មីមួយបទទៀតក្រោមការសហការនិពន្ធបទភ្លេងពីលោកគ្រូ សាន់ សុវណ្ណឌីន និង និពន្ធទំនុកច្រៀងដោយលោក លី ស៊ីនហួន ច្រៀងដោយតារាចម្រៀងគ្រួសារហង្សមាស១៦រូប ជាមួយបទចម្រៀងដែលមានចំណងជើងថា «សង្ក្រាន្តខ្មែរ» ក្រោមអត្ថន័យនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិរបស់យើងជាមួយទំនុកច្រៀង សម្លេងដូរតន្រ្តី ឧបករណ៍ភ្លេងដែលមានចរិកលក្ខណៈជាទម្រង់បែបខ្មែរ។

លោកបន្តថា ចម្រៀងមួយបទនេះក៏ជាអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានរវាង ខ្ញុំ លោកគ្រូភ្លេង អ្នកនិពន្ធទំនុកច្រៀង និង ប្អូនៗតារាចម្រៀងទាំងអស់ ដែលបានឆ្លងកាត់នៅរឿងរ៉ាវជីវិតដ៏មិនអាចបំភ្លេចបានជាមួយគ្នា ក្នុងកំឡុងពេលផលិតបទចម្រៀងមួយបទនេះ ។
សូមគោរពជូននៅសមិទ្ធិផលបទចម្រៀងមួយបទនេះជូនលោកតា លោកយាយ អ៊ុពូមីង ពុកម៉ែ បងប្អូនស្តាប់កម្សាន្តក្នុងពេលឆាប់ៗនេះ ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV








