Monday, April 13, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តើ​ក្រុម​ស៊ីវិល​បន្លំ ឬ​ពិត!? ខណៈ​ស្លាក​លេខ​ឡាន ពលរដ្ឋ​ថត​បាន​ច្បាស់​ៗ ចុះ​ចាប់​អ្នក​រត់ PassApp ចង់​ធ្វើ​ស៊ី​ចោទ​ថា​ទិញដូរ​គ្រឿ.ងញៀ.ន

ពិតជារឿងដ៏ឈឺចាប់ និងមិនអាចទទួលយកបានឡើយ ដែលមនុស្សមួយក្រុមស្ថិតក្នុងសម្លៀកពាក់ឯកសណ្ឋានខ្លះ​ និងស៊ីវិលខ្លះ​ បានចុះចាប់វ៉ៃខ្នោះបុរសម្នាក់ជាអ្នករត់កង់បី (PassApp) ដោយចោទថា ជក់និងទិញដូរគ្រឿងញៀន បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋមកជួយអន្តរាគមន៍ ទើបដោះខ្នោះវិញ ហើយប្រាប់ថាចាប់ច្រឡំមនុស្ស។

បើតាមនារីម្នាក់ ដែលបានឃើញហេតុការណ៍នេះផ្ទាល់ បានប្រាប់ឲ្យដឹងទាំងហួសចិត្តថា មានប៉ូលិសមួយក្រុមមិនដឹងមកពីខាងណាទេ ចង់ធ្វើស៊ី មកចាប់វ៉ៃខ្នោះបុរសអ្នករត់កង់បី ដោយចោទថាទិញដូរគ្រឿងញៀន។ ប៉ុន្តែ សំណាង កុំបានបងប្អូនប្រជាពលរដ្ឋមកជួយ និងឃាត់ឡាន ទាមទារកាបូបលុយមកវិញ។ នាងក៏បានប្រាប់ឲ្យដឹងទៀតថា នៅម្តុំកន្លែងហ្នឹង តែងមានក្រុមប៉ូលិសមកធ្វើស៊ីប្រជាពលរដ្ឋ ដែលជិះឆ្លងកាត់ច្រើនលើកច្រើនសារហើយ មានទូរស័ព្ទដកទូរស័ព្ទ មានលុយដកលុយ!។

ដោយឡែក បើតាមបុរសអ្នករត់កង់បីរងគ្រោះ បានប្រាប់ឲ្យដឹងថា គាត់បានដឹកក្មេងស្ទាវចេញមកពីម្តុំស្ពានដែក (ចម្ការដូង) មកកាន់ភូមិតាងួន (ពោធិ៍ចិនតុង)។ ប៉ុន្តែ បន្ទាប់មកឈប់កង់បី អ្នកជិះចាកចេញផុត ស្រាប់តែមានក្រុមប៉ូលិសមកចាប់វ៉ៃខ្នោះគាត់តែម្តង។ គាត់ក៏បានប្រាប់ឲ្យដឹងទៀតថា ដឹកគេពីស្ពានដែក មកដល់កន្លែងកើតហេតុ បានត្រឹមតែ ៥៥០០៛ ប៉ុណ្ណោះ ហើយក្រុមស្លៀកឯកសណ្ឋានប៉ូលិសទាំងនោះ បានយកកាបូបលុយរបស់គាត់ដែលមានប្រាក់ចំនួន ១៦ ម៉ឺនរៀល ប៉ុន្តែ បានឲ្យវិញតែ ១៥ ម៉ឺនរៀល ប៉ុណ្ណោះ។

សូមបញ្ជាក់ថា រថយន្តក្រុមសមត្ថកិច្ចទាំងនោះ ដោយមិនដឹងថាជាជនស៊ីវិលបន្លំ ឬពិតយ៉ាងណា គឺម៉ាក HighLander ពាក់ស្លាកលេខ 2AB-2239។

ចំណែកខាងស្នងការនគរបាលរាជធានីភ្នំពេញ ក្រោយឃើញករណីនេះបានផ្ទុះឡើង​ បង្កឲ្យមានការរិះគន់ឡើងកក្រើកពីមជ្ឈដ្ឋានមហាជន បានចេញសេចក្តីបំភ្លឺយ៉ាងដូច្នេះថា៖ ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះដល់ទីតាំងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ បើឃើញនឹងនាំខ្លួនក្រុមទាំងនោះយកមកធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តែពេលទៅដល់ ក្រុមទាំងនោះបានចាកចេញអស់ពីកន្លែងកើតហេតុ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមជម្រាបជូនដល់សាធារណ:ជន ទាំងអស់ឲ្យបានជ្រាបថា ក្រុមចុះឃាត់ប្រជាពលរដ្ឋឆែករកសារធាតុញៀននោះ មិនមែនជាសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនោះទេ។

ក្នុងនាមជាអជ្ញាធរមូលដ្ឋាន ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងធ្វើការស្រាវជ្រាវរកមុខក្រុមអនាធិបតេយ្យទាំងនោះ ដែលចុះមកធ្វើការដោយមិនត្រឹមត្រូវ ដើម្បីនាំយកមកសួរនាំ និងអនុវត្តតាមវិធានការច្បាប់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×