ភ្នំពេញ ៖ ពិតជាធ្វើឱ្យមានការចាប់អារម្មណ៍ និងជំរុញឱកាសដល់តារាចម្រៀង លោក ហ្សូណូ មែន បន្ទាប់ពីការប្រកួតប្រជែងអស់ពេលជាច្រើនសប្តាហ៍ក្នុងការប្រឡងចម្រៀងកុមារលំដាប់ពិភពលោក (The Voice Kids Cambodia ) ហើយចុងក្រោយ ហ្សូណូ បានធ្វើឱ្យកុមារា សារុំ បញ្ញាស័ក្ដិ ទទួលបានពានរង្វាន់ឯក The Voice Kids Cambodia រដូវកាលទី៣ ។

គួររំលឹកថា ការប្រឡងចម្រៀងកុមារលំដាប់ពិភពលោក The Voice Kids Cambodia បានឈានចូលដល់វគ្គផ្តាច់ព្រ័ត្រ នាយប់ថ្ងៃសៅរ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២២។ ជិតដល់វគ្គបញ្ចប់ ក្រុមគ្រូបង្វឹកទាំងអស់បានបណ្ដុះពន្លកកុមារ ដែលមានទឹកដមសំឡេងពីរោះ ឱ្យចេះប្រើដង្ហើមចេញ-ចូល , ប្រើសំឡេង វែង ខ្លីឡើង ចុះ , ការដាក់អារម្មណ៍មនោសញ្ចេតនា តម្អូញតម្អែរ និងការប្រើអ៊ឺន… ជាដើម។
ការប្រកួតប្រជែងបានប្រព្រឹត្តទៅយ៉ាងស្វិតស្វាញ ដោយឆ្លងកាត់ឧបសគ្គជាច្រើនវគ្គ រហូតចម្រាញ់បានពន្លកតារាចម្រៀង ៦រូប នៅវគ្គចុងក្រោយ ក្នុង ៣ក្រុមផ្សេងៗគ្នា, ហើយក៏បានជំរុញឱ្យពន្លកតារាចម្រៀងទាំងនេះ កើតចិត្តអន្ទះអន្ទែង ចង់ចូលទៅលើកពានរៀងៗខ្លួន។

ពន្លកចម្រៀងទាំង៦រូបនេះ ចែកចេញជា ៣ក្រុម, មានក្រុម លោក ហ្សូណូ, ក្រុមអ្នកនាង ឱក សុគន្ឋកញ្ញា, និង ក្រុមអ្នកនាង សុគន្ឋ និសា ដែលពួកគេសុទ្ឋតែមានទឹកដមសំឡេងពីរោះៗ ម្យ៉ាងម្នាក់ ឬមួយបែបម្នាក់។ ប៉ុន្តែ ទោះជាយ៉ាងណា សារុំ បញ្ញាស័ក្ដិ មានទឹកដមសំឡេងពីរោះល្អ បត់បែនបានគ្រប់ស្ថានភាព និងអាចឆក់ចិត្តមិត្តអ្នកស្តាប់ឱ្យចូលចិត្ត និងសរសើរមិនដាច់ពីមាត់។
តារាចម្រៀងតូច បញ្ញា ស័ក្ដិ មានសំឡេងខ្ពស់ល្អ ស្រែកបានខ្លាំង ជះឆ្វាចល្អ ធ្វើឱ្យមហាជនពេញចិត្តជាខ្លាំង និងភាគច្រើនសរសើរថា ស័ក្ដិសមទទួលបានពាន មិនទើសចិត្តនោះទេ ដែលនេះជាមោទនភាពមួយរបស់ លោក ហ្សូណូ ដែលទើបតែទទួលការងារជាគ្រូបង្វឹកថ្មីៗជាលើកដំបូង ប៉ុន្តែអាចធ្វើឱ្យសមាជិកក្រុមឈ្នះពានរង្វាន់ឯក ពិតជាគួរឱ្យសរសើរ។

ទាំងគ្រូបង្វឹកទាំង៣ បានធ្លាប់ប្រាប់ទស្សនិកជនឱ្យដឹងថា ចូរបោះឆ្នោតឱ្យបេក្ខភាពរូបណា ដែលមានទុនសំឡេងពិត ហើយចេះបត់បែនតាមស្ថានភាព។ កម្មវិធីផ្តោតសំខាន់លើទឹកដមសំឡេងជាគោល មិនមែនសំដៅលើផ្នែកអាណិតបេក្ខភាពណាមួយឡើយ។ ដូច្នេះ ម្ចាស់ពានរូបនេះ គឺឈ្នះដោយទឹកដមសំឡេងពិតប្រាកដ ហើយរូបគេនឹងក្លាយជាតារារបស់ផលិតកម្មរស្មីហង្សមាស និងថែមទាំងទទួលបានរថយន្តស៊េរីថ្មី ២០២៣, ១គ្រឿង អមដោយទឹកប្រាក់ជាច្រើន និងដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុន៕ រក្សាសិទ្ធិដោយ ៖ ឧត្តម










