Monday, April 6, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រូបង្វឹកបរទេស ៦នាក់ មកពីឥណ្ឌា បង្ហាត់ ហង្ស ម៉ានីតា ត្រៀមប្រកួត Miss Universe 2023 នៅសហរដ្ឋអាមេរិក

ភ្នំពេញ ៖ បវរកញ្ញាកម្ពុជា ហង្ស ម៉ានីតា ពេលនេះ ត្រូវបានប្រភពព័ត៌មានឲ្យដឹងថា មានគ្រូបង្វឹកបង្ហាញម៉ូដមកពីប្រទេសឥណ្ឌា ៦នាក់ ជួយបង្ហាត់នាងអំពីរបៀបដើរម៉ូដ បង្ហាញម៉ូដ បង្ហាញរាង ដើររបៀបម៉ូដែល ពង្រឹងសមត្ថភាពទាក់ទងទៅនឹងវិស័យ បវរកញ្ញា ដែលនឹងត្រៀមទៅប្រកួតលើឆាកអន្ដរជាតិ គឺនៅសហរដ្ឋអាមេរិក នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ។

គ្រូបង្វឹកជួយដល់ នាង ហង្ស ម៉ានីតា ជនជាតិឥណ្ឌាទាំង ៦នាក់នេះ រួមមាន គឺ Alicia Raut (Traniner), Anjli Raut (Trainer), Sameer Khan (ឆូរីអូ ហ្ក្រាហ្វើរ = Choreographer) និង Shobhana Dhiman (Show Director) , ចំណែកគ្រូបង្ហាត់រាំ មាន Rajiv Sharma , Kiran Reddy , គ្រូទាំង៦នាក់នេះ ពោរពេញដោយបទពិសោធន៍ បានមកដល់ទឹកដីកម្ពុជាកាលពីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។

គ្រូបង្វឹកបង្ហាញម៉ូដ និងបង្ហាត់រាំ មកពីឥណ្ឌាទាំង៦នាក់ខាងលើនេះ បានបង្ហាញអារម្មណ៍រីករាយពេលមកដល់កម្ពុជា ហើយអះអាងថា នឹងជួយបង្ហាត់បង្រៀនពង្រឹងសម្ថភាព តារាម្ចាស់មកុដ Miss Universe Cambodia 2022 ហង្ស ម៉ានីតា ឲ្យកាន់តែមានជំនឿទំនុកចិត្ត ភាពរឹងមាំ និងមានជំនាញលក្ខណៈស្ដង់ដាអន្ដរជាតិសម្រាប់ត្រៀមប្រកួតលើវេទិការដ៏ធំ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីទទួលបាននូវលទ្ធផលដែលខ្លួនចង់បាន។

ក្នុងបទសម្ភាសន៍នៅឯព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ កាលពីព្រឹកថ្ងៃទី១៥ ខែធ្នូ ក្នុងពិធីទទួលស្វាគមន៍គ្រូបង្ហាញម៉ូដ និងបង្ហាត់រាំ មកពីឥណ្ឌទាំង៦នាក់ នេះ លោក ចិន សំណាង ម្ចាស់ហាង CSNJ ដែលជាអ្នកឧបត្ថម្ភធំ និងគាំទ្រយ៉ាងសកម្ម លើកម្មវិធី ”Miss Universe Cambodia “ បានថ្លែងថា មូលហេតុដែលលោកអញ្ជើញអ្នកជំនាញបង្ហាញម៉ូដមកពីប្រទេសឥណ្ឌាមកបង្វឹកដល់ កញ្ញា ហង្ស ម៉ានីតា គឺដើម្បីឲ្យវិស័យម៉ូដែលកាន់តែរីកចម្រើននៅកម្ពុជា និងលេចធ្លោឡើងលើឆាកអន្ដរជាតិ។

លោកបន្ថែមថា គ្រូបង្វឹកទាំង ៦នាក់ នេះ គឺមកកម្ពុជាក្នុងនាមជាមនោសញ្ចេតនាខ្លះ និងការផ្ដល់ជូនថវិកាខ្លះ ហើយពួកគាត់គឺសុទ្ធតែជាគ្រូបង្ហាញម៉ូដមានឈ្មោះល្បីល្បាញនៅប្រទេសឥណ្ឌា និងធ្លាប់បង្ហាត់បង្រៀនឲ្យបេក្ខភាពកញ្ញាឯកប្រទេស ឥណ្ឌាជាប់ចំណាត់ថ្នាក់លេខ១ នៅលើពិភពលោក កាលពីឆ្នាំ២០២១ផងដែរ។

លោក ចិន សំណាង មានជំនឿចិត្តថា ក្រោមការបង្ហាត់របស់គ្រូបង្វឹកឥណ្ឌាទាំង៦នាក់ខាងលើនេះ យើងអាចនឹងទទួលបានលទ្ធផលល្អ និងធ្វើឲ្យវិស័យបង្ហាញម៉ូដ ឬវិស័យបវរកញ្ញានៅកម្ពុជាយើងមានការអភិវឌ្ឍន៍កាន់តែឈានទៅកម្រិតខ្ពស់ជាក់ជាមិនខាន ព្រោះពួកគាត់យកបទពិសោធន៍ចំណេះដឹងមកបង្ហាត់ដល់កញ្ញាឯករបស់យើង ដើម្បីឲ្យវិស័យមួយនេះរបស់កម្ពុជា មានការរីកចម្រើននៅលើឆាកអន្តរជាតិ។

ម៉្យាងពួកគាត់បានបង្ហាត់កញ្ញាឯករបស់ប្រទេសគាត់ (Miss Universe India) រហូតទទួលបានចំណាត់ថ្នាក់លេខ១លើពិភពលោក ហេតុនេះឆ្នាំនេះ ពួកគាត់មកជួយយើង អីចឹងយើងនឹងទទួលបានលទ្ធផលវិជ្ជមានជាមិនខាន។

សូមបញ្ជាក់ថា នាង ហង្ស ម៉ានីតា ជាម្ចាស់មកុដជ័យលាភី Miss Universe Cambodia 2022 ក្នុងវគ្គផ្ដាច់ព្រ័ត្រ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ។ បេក្ខភាពរូបនេះ ត្រូវបានមហាជន ក៏ដូចជាពលរដ្ឋខ្មែរ រំពឹងថា ស័ក្ដិសមខ្លាំងក្នុងការគ្រងតំណែងដ៏អស្ចារ្យនេះ ព្រោះនាងមានរូបសម្រស់ស្រស់ស្អាត ចំណេះដឹងខ្ពស់ ហើយអាចនិយាយភាសាបារាំង និងអង់គ្លេសបានយ៉ាងស្ទាត់តែម្ដង៕ រក្សាសិទ្ធិដោយ ៖ ឧត្តម

×