ភ្នំពេញ ៖ ប្រភពចុងក្រោយបានបញ្ជាក់ថា រឿងរ៉ាវក្តីរបស់ពិធីករ និងតារាសម្តែងលោក ប៉ែន ចំរ៉ុង បាន ឈានបន្ត ទៅសាលាឧទ្ធរណ៍ហើយ បន្ទាប់ពីតារារូបនេះត្រូវបានចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោសរូបលោកជាប់ពន្ធនាគារ១០ខែ និងពិន័យជាទឹកប្រាក់ ៦០ លានរៀលលើសំណុំរឿងព្រហ្មទណ្ឌមួយ។
បើយោងតាមប្រភពចុះផ្សាយពីបណ្តាញសារព័ត៌មាននៅក្នុងស្រុកមួយបានបញ្ជាក់ថា លោក ប៉ែន ចំរ៉ុង បានសម្រេចដាក់ពាក្យបណ្តឹងឧទ្ធរណ៍លើសាលក្រមព្រហ្មទណ្ឌនេះហើយ ខណៈពេលលោកសុំមិនចេញមុខបកស្រាយអ្វីឡើយ ព្រោះលោកកំពុងដោះស្រាយលើបញ្ហាខាងលើនេះ ។

សូមបញ្ជាក់ថា លោក ស៊ិន សុវណ្ណរ័ត្ន ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោសតារាសម្តែង និងជាពិធីករ លោក ប៉ែន ចំរុង និង ឈ្មោះ ង៉ាន់ ពិសី ដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់ រយៈពេល១០ខែ និងពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួន ១ លានរៀល ចូលជាថវិការដ្ឋពីបទ «បរិហារបង្កាច់កេរ្តិ៍» ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២១ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣១១ និង មាត្រា ៣១២ នៃក្រមព្រហ្មទណ្ឌ។ តុលាការក៏បានបង្គាប់ឱ្យឈ្មោះ ប៉ែន ចំរ៉ុង និងឈ្មោះ ង៉ាន់ ពិសី រួមគ្នាសងសំណងទៅឱ្យដើមបណ្តឹងឈ្មោះ គាន ណារិត ចំនួន ៦០ លានរៀល នៅពេលសាលក្រមនេះចូលស្ថាពរ។

យោងតាមសាលក្រមព្រហ្មទណ្ឌចុះថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះជាសាធារណៈកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០២២ នៅចំពោះមុខមេធាវីតំណាងឱ្យដើមបណ្តឹងរដ្ឋប្បវេណី តែកំបាំងមុខជនជាប់ចោទឈ្មោះ ប៉ែន ចំរ៉ុង និងឈ្មោះ ង៉ាន់ ពិសី។ សាលក្រមនេះ ត្រូវបានប្រកាសជាសាធារណៈ កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ ២០២២ ទុកសិទ្ធិឱ្យប្តឹងទាស់ និងប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់។
យ៉ាងណាក្រោយបែកធ្លាយនូវរឿងរ៉ាវខាងលើនេះ លោក ប៉ែន ចំរ៉ុង នៅតែបន្តភាពស្ងាត់ស្ងៀមមិនចេញមុខបកស្រាយណាមួយ ពាក់ព័ន្ធទៅនឹងសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារមកលើរូបលោកនាពេលនេះឡើយ ។ តារាសម្តែងរូបនេះ មិនបានបកស្រាយជាវិជ្ជមានណាមួយពាក់ព័ន្ធបញ្ហាខាងលើនេះនៅឡើយទេ នៅពេលដែលមានការសាកសួរ ពីបណ្តាសារព័ត៌មាននានា ដោយនៅក្នុងនោះ លោកគ្រាន់តែបញ្ជាក់យ៉ាងខ្លីថា «លោកកំពុងដោះស្រាយរឿងនេះ»។
បើទោះបីជាកំពុងជាប់បណ្តឹងខាងលើនេះក៏ដោយ លោក ប៉ែន ចំរ៉ុង នៅតែបន្តសកម្មភាពសិល្បៈរបស់លោកជាធម្មតា ពោលគឺតារារូបនេះ តែងតែបង្ហោះសកម្មភាពរបស់ខ្លួនថ្មីជានិច្ចនៅលើបណ្តាញសង្គមជាបន្តបន្ទាប់ដដែល៕ រក្សាសិទ្ធិដោយ ៖ សំណាងSV











