Tuesday, April 7, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

របាំក្បាច់បុរាណខ្មែរចម្រុះខ្នាតធំ រឿង «ការអភិសេកឡើងគ្រងរាជ្យនៃព្រះបាទជ័យវរ្ម័នទី៧ និងម្ចាស់ក្សត្រី ឥន្ទ្រទេវី» បានសំដែងនៅសណ្ឋាគារផ្កាយ៥ Grand Hyatt ទីក្រុងកូឡាឡាំពួ

ម៉ាឡេស៊ី ៖ ដើម្បីចូលរួមអបអរសាទរខួបលើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានរៀបចំដោយ ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ,
ក្រុមមេធាវី អាស៊ី កម្ពុជា (Asia Cambodia Law Group (ACLG) ) និងសមាគមបញ្ញវន្តកម្ពុជាដើម្បីអភិវឌ្ឍន៍ (Cambodian Intellectual Association (CIDA)) ដឹកនាំដោយ លោកជំទាវ សេង វួចហ៊ុន បាននាំយកនូវរបាំក្បាច់បុរាណខ្មែរចម្រុះខ្នាតធំ រឿង «ការអភិសេកឡើងគ្រងរាជនៃព្រះបាទជ័យវរ្ម័នទី៧ និង ម្ចាស់ក្សត្រី ឥន្ទ្រទេវី» និងរបាំចម្រុះចំនួនបីផ្សេងទៀត គឺ របាំក្ងោកប៉ៃលិន របាំគោះ ត្រឡោក និង របាំសុវណ្ណមច្ឆា ទៅសម្តែងនៅទីក្រុងកូឡាឡាំពួរ នៃប្រទេសម៉ាឡេស៊ី ក្រោមកិច្ចសហការពេញលេញប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ដោយមានការចូលរួមគាំទ្រពីសំណាក់ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ក៏ដូចជាស្ថាប័នពាក់ព័ន្ធផ្សេងទៀត ។

ការរៀបចំនូវកម្មវិធីសំដែងនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងចូលរួមចំណែកលើកស្ទួយ និងផ្សព្វផ្សាយវប្បធម៌ជាតិដ៏ល្អផូរផង់នៃយេីងទៅកាន់ពិភពលោក ហើយក៏ជាការរំលឹកឡើងវិញនូវគម្រូវីរភាព និង គុណូបការៈដ៏ធំធេង នៃព្រះមហាវីរក្សត្យ ព្រះមហាវីរក្សត្រី និង វីរបុព្វបុរសខ្មែរទាំងអស់ នៃសម័យមហានគរ ដ៏បវររុងរឿងនៃយើង ដែលបានតស៊ូ លះបង់ និង បូជាអាយុជីវិត ដើម្បីបុព្វហេតុប្រទេសជាតិ ។ មិនតែប៉ុណ្ណោះ ការរៀបចំនេះក៏មានគោលបំណង ដើម្បីទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើនឡើង ស្របតាមគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវនៃរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាផងដែរ ។

ក្នុងពិធីដ៏ឧឡារិកនេះ មានការអញ្ជើញចូលរួមអបអរសាទរពីសំណាក់ ថ្នាក់ដឹកនាំជាន់ខ្ពស់ តំណាងស្ថានទូតមកពីបណ្ដាប្រទេសជាង ១០០លើសកលលោក ព្រមទាំងអ្នកវិនិយោគទុនអន្តរជាតិ និង មន្ត្រីរាជការ ដែលមានចំនួនសរុបប្រមាណ ៤៥០នាក់។

ពិធីនេះបានផ្តល់ឱកាសដល់ភាគីពាក់ព័ន្ធ ដៃគូអាជីវកម្ម និងវិនិយោគិនបានជួបគ្នា បង្កើតទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគក្នុងប្រទេសម៉ាឡេស៊ី និង ប្រទេសកម្ពុជា ។

ឯកឧត្តម ចឺយ វិចិត្ត ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានរំឭកថា ប្រទេសកម្ពុជាបានទទួលឯករាជ្យពេញលញនៅឆ្នាំ១៩៥៣ ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដ៏ថ្លៃថ្លារបស់ព្រះបរមរតកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរៈក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ការនាំយកវប្បធម៌ដ៏ល្អផូរផង់នៃយើងទៅចូលរួមអបអរការប្រារព្ធខួបលើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា នេះក៏ត្រូវបានរៀបចំឡើងស្របពេលនិងការរំលឹកខួបលើកទី៦៥នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងប្រទេសម៉ាឡេស៊ី កិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូលពាក់ព័ន្ធផ្សេងទៀតនៅឯរាជធានីភ្នំពេញក្នុងសប្តាហ៍នេះនិង ខួបទី១៩ឆ្នាំនៃការដាក់បញ្ចូលនូវរបាំព្រះរាជទ្រព្យជាសម្បត្តិបេតិកភ័ណវប្បធម៌អរូបីរបស់មនុស្សជាតិ ព្រមទាំងពិធីបុណ្យអុំទូក អកអំបុក និង សំពះព្រះខែ និងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និងទី៤១ដែលកម្ពុជាម្ចាស់ផ្ទះផងដែរ ៕ រក្សាសិទ្ធិដោយ ៖ CEN

×