ភ្នំពេញ ៖ ក្រោយពីការអំពាវនាវចង់ជួបមុខកូនស្រីនៅជីវិតចុងក្រោយនោះ នៅទីបំផុតលោកតា មិន សារិន ហៅ ម៉ែន បានសម្រេចបំណងរបស់ខ្លួនហើយ ដោយលោកបានជួបនិយាយទូរស័ព្ទដោយផ្ទាល់ជាមួយកូនស្រីគឺអតីតតារាសម្តែងអ្នកនាង អ៊ុ សុវណ្ណនី ដែលបានបែកគ្នាអស់ជាច្រើនឆ្នាំមកនេះ។
លោកតា ម៉ែន បានសម្តែងក្តីរំភើបយ៉ាងខ្លាំង ក្នុងពេលដែលកូនស្រីអ្នកនាង អ៊ុំ សុវណ្ណនី បានទទួលដំណឹងថា លោកមានបំណងចង់ជួប និងនិយាយផ្ទាល់ជាមួយកូនស្រី ក្នុងដង្ហើមចុងក្រោយ។
តាមរយះវីដេអូសម្ភាសន៍លោក មិន សារិន ពីលោក សាវីន ហ្វីលីព ដែលបានបង្ហោះតាមបណ្តាញសង្គមនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២នេះលោកតាបានលើកឡើងថា លោកពិតជាសប្បាយរីករាយយ៉ាងខ្លាំង ក្នុងពេលដែលលោកបានទទួលការហៅទូរស័ព្ទពីកូនស្រីមកកាន់លោករូប។
លោកបញ្ជាក់ថា ក្រោយមានការផ្សព្វផ្សាយកូនស្រីរបស់លោកគឺអ្នកនាង អ៊ុំ សុវណ្ណនី បានទូរស័ព្ទនិងនិយាយដោយផ្ទាល់ជាមួយពី ដែលធ្វើឲ្យលោកពិតជាមានការសប្បាយរីកយ៉ាងខ្លាំង។
យ៉ាងណាតាមរយៈបទសម្ភាសន៍ខាងលើនេះលោកតា ម៉ែន មិនបានលើកឡើងទេថា លោកបាននិយាយអ្វីខ្លះជាមួយអ្នកនាង អ៊ុំ សុវណ្ណនី នោះឡើយ ក្រៅតែពីករសប្បាយរីករាយ និងអរគុណទស្សនិកជន និងអ្នកបានផ្សព្វផ្សាយដែលបានធ្វើអោយលោកសម្រេចបំណងនាពេលនេះ។
ជាការកត់សម្គាល់ក្នុងនាមជាឪពុកដែលកំពុងមានជំងឺ ជាមួយនឹងភាពចាស់ជរាផងនោះលោក មិន សារិន បានចេញមុខរំលឹកឈ្មោះកូនស្រីគឺអតីតារាសម្តែងដ៏ល្បីអ្នកនាង អ៊ុំ សុវណ្ណនី ដើម្បីលោកបានជួបមុខកូនជាលើកចុងក្រោយ ក្នុងពេលដែលកូនស្រីកំពុងសាងគ្រួសារនៅលើទឹកដីអាមេរិក។
តាមរយៈបទសម្ភាសន៍ជាមួយលោក សាវិន ហ្វីលីព កាលពីពេលថ្មីនេះអតីតតារាសម្តែងតួអង្គមេខ្មែរក្រហមក្នុងរឿងនរក៩ជាន់លោក មិន សារិន ហៅ ម៉ែន បានអះអាងថា អ្នកនាង អ៊ុំ សុវណ្ណនី ពិតជាកូនរបស់លោកពិតប្រាកដមែន ប៉ុន្តែលោក និងកូនស្រីបានបែកគ្នារហូតមកដល់ពេលនេះមិនដែលបានជួបមុខគ្នាឡើយ។
លោកបញ្ជាក់ថា ក្រោយបែកសម័យប៉ុលពតលោកក៏បានដំណឹងពីភរិយារបស់លោកដែលនៅរស់នោះលោកក៏បានតាមស្វែងរក ដើម្បីបានជួបមុខប្រពន្ធ និងកូន ហើយការស្វះស្វែងរកនោះក៏បានជួបដូចបំណងដែរ។
លោកថា ពេលជួបគ្នានោះលោកក៏បានសួរទៅភរិយាថា កូន (អុ្ននាង អ៊ុំ សុវណ្ណនី) មានការងារធ្វើដែរទេ បើអត់ទេលោកនឹងនាំចូលសិល្បៈ ហើយមុននឹងទៅនោះកូនស្រីនឹងមានកូនដែលជាចៅរបស់លោក២នាក់ហើយ ប៉ុន្តែបានបែកបាក់គ្នា។ ដោយសារឃើញកូនកំសត់លោកក៏បានសុំភរិយាដើម្បីយកូនចូលសិល្បះ ហើយភរិយារបស់លោកក៏បានយល់ព្រម ដោយពេលនោះលោកក៏បានយករូបថតកូនស្រី អ៊ុំ សុវណ្ណនី មកឲ្យនាយកដ្ឋានភាពយន្តតែម្តង។
លោកបន្ថែមថា អំឡុងពេលនោះគឺមានប្រទេសឆេកូស្លូវ៉ាគី បានចូលមកសហការផលិតភាពយន្តជាមួយនាយកដ្ឋានរឿង នរក៩ជាន់ ហើយលោកក៏បាននាំកូនស្រីមកអោយគេមើលផ្ទាល់ទាំងម្តាយផង ដោយពេលនោះគេក៏ពេញចិត្ត។ ក្រោយផលិតករពេញចិត្តកូនស្រីនោះលោកមានចេញរំភើបរីករាយយ៉ាងខ្លាំង ដោយគេសម្រេចយកកូនទៅសម្តែងជាតួឯកនៅក្នុងរឿងនេះ ខណះពេលដែលលោកក៍ត្រូវបានជ្រើសរើសជាតួប៉ុលពតផងដែរ។ លោក មិន សារិន បានលើកឡើងបន្ថែមទៀតថា កូនស្រី អ៊ុំ សុវណ្ណនី ក៏ត្រូវបានបណ្តុះបណ្តាលបន្ថែមលើផ្នែករបាំបុរាណ ហើយបានមកស្នាក់នៅនាយកដ្ឋានភាពយន្តក្នុងអំឡុងពេលថតភាពយន្តរឿង នរក៩ជាន់ នេះ។
លោកបញ្ជាក់ថា ក្នុងពេលនោះលោកមិនបានបោះបង់កូនចោលដូចការលើកឡើងនោះឡើយ ដោយសារលោកធ្វើការនៅនាយកដ្ឋានភាពយន្ត ហើយកូនស្នាក់នៅទីនេះ ហេតុនេះលោកចេញចូលមើលកូនស្រីរហូត បើទោះបីជាលោកបានមានភរិយាទី២ក៏ពិតមែន ប៉ុន្តែលោកនៅតែទទួលស្គាល់ដដែល។
លោកបន្ថែមថា លុះពេលថតរឿងខាងលើនេះចប់ គេក៏បាននាំរឿង និងតួអង្គទៅបង្ហាញខ្លួននៅស្រុកគេអស់រយៈពេលជាច្រើនខែ ដែលពេលនោះហើយលោកបានបែកពីកូនស្រី អ៊ុ សុវណ្ណនី តែម្តង។
យ៉ាងណាអស់ពេលជាច្រើនឆ្នាំអ៊ុំ សុវណ្ណនី ក៏បានវិលចូលស្រុកខ្មែរវិញ ហើយពេលនោះក៏មានម្ចាស់ផលិតជាច្រើនបានហៅនាងថតភាពយន្តជាបន្តបន្ទាប់ រហូតធ្វើឲ្យនាងមានឈ្មោះល្បី។ លោកបន្តថា ចាប់ពីពេលនោះមកអ្នកនាង អ៊ុំ សុវណ្ណនី ហាក់មិនសូវបានទាក់ទងមកលោកឡើយ ប៉ុន្តែម្តាយរបស់នាងដែលជាភរិយាទី១របស់លោកគឺបានមកលេងលោក និងភរិយាទី២នៅច្បារអំពៅនេះដដែល។
យ៉ាងណា បើតាមលោក មិន សារិន ហៅ ម៉ែន ក្នុងអំឡុងពេលនេះលោកនៅតែនឹករលឹកកូនស្រី អ៊ុំ សុវណ្ណនី ដដែលហើយលោករំលឹកឈ្មោះកូននាពេលនេះគឺលោកមិនមានបំណងចង់បានអ្វីមានបានពីកូនស្រីឡើយ គ្រាន់តែចង់ជួបមុខកូន និងលឺសំដីចេញពីមាត់កូនថា កូនសុខសប្បាយ ឬនៅនឹកឪពុកម្នាក់នេះឬក៏អត់៕ រក្សាសិទ្ធិដោយ ៖ សំណាង SV







