ភ្នំពេញ ៖ តារាចម្រៀងលោក ខាន់ ជេមស៌ បានរៀបចំបង្កើតផលិតកម្មផ្ទាល់ខ្លួនក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីលោកបានប្រកាសចាកចេញពីផលិតកម្មសាន់ដេ ដែលជាផលិតកម្មចាស់។
តារាចម្រៀងលោក ខាន់ ជេមស៌ បានលើកឡើងថា ផលិតកម្មរបស់លោកផ្ទាល់មានឈ្មោះថា KHAN JAMES PRODUCTION ដែលលោកកំពុងតែរៀបចំដំណើរការនៅក្នុងពេលឆាប់ៗខាងមុខនេះ។
លោកបញ្ជាក់ថា ជំហ៊ានដំបូងផលិតកម្មនេះគឺមានតារាចម្រៀងដែលជាកូនៗទាំង៣របស់លោក និងរូបលោកផ្ទាល់ដែលនឹងត្រៀមខ្លួនបម្រើអារម្មណ៍ទស្សនិកជន។
លោករំពឹងថា ផលិតកម្មថ្មីរបស់លោកនាពេលនេះនឹងទទួលបានការគាំទ្រពីសំណាក់ទស្សនិកជន ខណះពេលដែលលោកក៏បានត្រៀមបទចម្រៀងថ្មីៗដែលត្រៀមនឹងចេញនាពេលខាងមុខនេះ។
គួបញ្ចាក់ថា តារាចម្រៀងលោក ជេមស៌ បានសម្រេចចាកចេញពីផលិតកម្មសាន់ដេ ដែលជាផលិតកម្មដែលលោកបានជ្រកកោនអស់ពេលជាច្រើនឆ្នាំមកនេះ។
ការចាកចេញពីផលិតសាន់ដេពីតារាចម្រៀងរូបនេះត្រូវបានគេដាក់ការសង្ស័យថា លោកទំនងជាមកចូលរួមជាមួយផលិតកម្មហង្សមាស ព្រោះកន្លងមកលោកបានបង្ហាញវត្តមានច្រៀងជាញឹកញាប់នៅលើឆាកតន្ត្រីរបស់ស្ថានីយ៍ទូរទស្សន៍ហង្សមាសនេះ។
យ៉ាងណានៅទីបំផុតលោក ខាន់ ជេមន៌ មិនបានទៅជ្រកនៅក្នុងផលិតកម្មថ្មីណាមួយឡើយ ពោលពេលនេះលោកបានសម្រេចបើកផលិតកម្មផ្ទាល់ខ្លួន ដើម្បីផ្តល់ឱកាសឲ្យកូនៗរបស់លោកទាំងអស់បានបញ្ចេញសមត្ថភាព ខណៈពេលកូនៗរបស់លោកក៏មានទេពកោសល្យនៅលើវិស័យសិល្បៈដូចជារូបលោកផងដែរ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV








