Tuesday, April 7, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្សែភាពយន្តស្នាព្រះហស្ដ សម្តេច នរោត្តម សីហនុ ៤ រឿង នឹងត្រូវដាក់បញ្ចាំងក្នុងកម្មវិធី១ម៉ឺនអាល័យ លើកទី៦

ភ្នំពេញ ៖ ខ្សែភាពយន្តបួនរឿងដែលជា ស្នាព្រះហស្ដ សម្តេចព្រះនរោត្តម សីហនុ នឹងត្រូវបានលើកយកមកចាក់បញ្ចាំងនៅក្នុងកម្មវិធីមួយម៉ឺនអាល័យ លើកទី៦ ក្រោយពីទទួលបានព្រះរាជសិទ្ធិអនុញ្ញាតឱ្យបញ្ចាំងពី សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ហើយនៅក្នុងកម្មវិធីនេះក៏នឹងមានការប្រគំតន្រ្តី រំលឹកចម្រៀងសម័យសង្គមរាស្រ្តនិយមដែលបាត់បង់ជាង៥០ឆ្នាំមកហើយនោះផងដែរ។

ខ្សែភាពយន្តស្នាព្រះហស្ថ សម្តេចព្រះនរោត្តម សីហនុ ចំនួន៤ រឿងនោះមាន រឿង ព្រៃប្រសិទ្ធិ៍ ផលិតឆ្នាំ១៩៦៧ , រឿង ឆាយាលើអង្គរ ផលិតឆ្នាំ១៩៦៨ , រឿង សន្ធិប្រកាស ផលិតឆ្នាំ១៩៦៩ , រឿង ផ្កាកុលាបនៃភ្នំបូកគោ ផលិតឆ្នាំ១៩៦៩ ។
ក្នុងឆ្នាំ២០២២នេះ ក្រុមព្រះសុរិយា នឹងបន្តដំណើរការកម្មវិធីមួយម៉ឺនអាល័យជាបន្តទៀត ក្រោយពីផ្អាករៀបចំអស់រយះពេលពីរឆ្នាំ នៅកំឡុងពេលកម្ពុជា និងសកលលោកជួបវិបត្តិកូវីដ១៩។

ក្នុងឆ្នាំនេះកម្មវិធី មួយម៉ឺនអាល័យលើកទី៦ នឹងប្រារព្ធធ្វើឡើងរយៈពេល៣ថ្ងៃគឺនៅថ្ងៃទី២.៣ និងទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាកូរ៉េ ស្ថិតនៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រាជធានីភ្នំពេញ ដោយបើឲ្យសាធារណៈជនចូលរួមទស្សនាដោយឥតគិតថ្លៃ។

កម្មវិធី មួយម៉ឺនអាល័យលើកទី៦ ដែលមានរយៈពេលបីថ្ងៃនេះប្រារព្ធឡើង ក្រោមប្រធានបទ ថ្វាយព្រះរាជអាល័យ និងរំលឹកខួប១០០ព្រះវស្សា ព្រះរាជសម្ភព ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបិតាសិល្បៈភាពយន្តខ្មែរ ព្រះបរមរតនកោដ្ឋ ជាគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

លោក យាង វណ្ឌី ប្រធានក្រុមព្រះសុរិយា បានឲ្យដឹងថា កម្មវិធី មួយម៉ឺនអាល័យលើកទី៦ ក្នុងឆ្នាំ២០២២នេះ ធ្វើឡើងដើម្បីជាការតបស្នងព្រះមហាករុណាទិគុណដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបិតាសិល្បៈភាពយន្តខ្មែរ ព្រះបរមរតនកោដ្ឋ ដែលពេញមួយព្រះជន្មព្រះអង្គបានលះបង់ដើម្បីតែបម្រើឧត្តមប្រយោជន៍ជូនព្រះនគរកម្ពុជា ឱ្យទទួលឯករាជ្យជាតិពេញបរិបូណ៌ សុខសន្តិភាព ការអភិវឌ្ឍគ្រប់វិស័យ ក្នុងនោះវិស័យសិល្បៈភាពយន្តខ្មែរ ដែលត្រូវបានប្រសិទ្ធនាមថា សិល្បៈទី៧នៃកម្ពុជា ព្រះអង្គគឺជាចលករដ៏សំខាន់បំផុតដែលបានធ្វើឱ្យវិស័យនេះកកើតឡើងមកបានប្រកបដោយភាពល្អឥតខ្ចោះ និងទទួលបានការទំនុកបម្រុងសព្វបែបយ៉ាង រហូតទទួលបានភាពល្បីល្បាញនូវទូទាំងព្រះនគរ និងឆាកអន្តរជាតិ ដោយបានប្រសិទ្ធនាមថា យុគមាសនៃភាពយន្តខ្មែរ ។

លោកបញ្ជាក់ថា ក្រៅពីការចាក់ផ្សាយភាពយន្តដែលជាស្នាព្រះហស្ថសម្តេចនរោត្តមសីហនុ ក្រុមព្រះសុរិយាក៏មានពិធីប្រគំតន្រ្តីក្រោមប្រធានបទ រាជសង្គមនិយមខ្មែរ ដើម្បីរំលឹកនូវចម្រៀងសម័យសង្គមរាស្រ្តនិយមដែលបាត់បង់អស់រយះពេលជាង៥០ឆ្នាំមកហើយ ចំនួន១៧បទ ដែលប្រគំដោយ Music Arts School និងមានព្រះនាងតូច នរោត្តម ចេណ្ណា ចូលរួមបកស្រាយចម្រៀងដោយផ្ទាល់ផងដែរ។

ទន្ទឹមនិងនេះ ក្រុមព្រះសុរិយាក៏មានរៀបចំសាលតាំងពិព័រណ៍ ព្រះរាជជីវប្រវត្តិ និងព្រះរាជសកម្មភាពសម្តេចព្រះនរោត្តមសីហនុទៀតផង។
ជាការកត់សម្គាល់ ក្រៅពីទទួលបានព្រះរាជសិទ្ធិបញ្ចាំងភាពយន្ត ស្នាព្រះហស្ថ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ហើយនោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក៏បានប្រោសព្រះរាជប្រទានព្រះរាជទ្រព្យចំនួន១០០០$ ព្រមទាំងទទួលបានការឧបត្ថម្ភថវិកា ចំនួន ១០លានរៀល ពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងទទួលបានការគាំទ្រ ពីសម្តេចព្រះមហិស្សរា នរោត្តម ច័ក្រពង្ស់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ , ព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ម៉ារីរណឬទ្ធិ ព្រះប្រធានមូលនិធិស្ត្រីសម្តេចរស្មីសោភណ្ឌ និងជាទីប្រឹក្សាអមព្រះរាជខុទ្ធកាល័យព្រះមហាក្សត្រ, ក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ និងសហភាពសហព័ន្ធយុវជនកម្ពុជា រាធរានីភ្នំពេញ ផងដែរ ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

×