ភ្នំពេញ ៖ តារាចម្រៀងខ្មែរកូនកាត់អាមេរិកកាំងនាង ឡូរ៉ា ម៉ម បានបង្ហាញនូវជំនឿចិត្តជាមួយនឹងការធ្វើបទចម្រៀង Original Song ទាក់ទងវប្បធម៌ខ្មែរ ក្រោយឃើញបទរបស់ វណ្ណដា ជាមួយនឹងព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ បានទទួលការគាំទ្រយ៉ាងខ្លាំង។
ការចេញមកបង្ហាញពីជំនឿចិត្តពីតារាចម្រៀងរូបនេះបានធ្វើឡើង ក្រោយពីដែលនាងបានឃើញបទចម្រៀងរបស់ វណ្ណដា មានចំណងជើងថា “Time to Rise”! ដែលបានលាយបញ្ចូលគ្នាជាមួយការដេញចាប៉ីដងវែងពីព្រឹទ្ធាចារ្យ គង់ ណៃ បានទទួលការចូលមើលតាមរយះយូធូបប្រមាណ១០លានដង។
ចំណុចនេះបានធ្វើឲ្យ ឡូរ៉ា ម៉ម បានបង្ហាញជំនឿចិត្តថា គេបានប្រាប់ខ្ញុំថា “ការធ្វើបទ Original គឺមិនអាចទៅរួចទេ”។ ខ្ញុំចាំបានផងដែរនូវកិច្ចសន្ទនាមួយជាមួយលោក Arn Chorn-Pond ដែលគាត់បាននិយាយថា អាជីវកម្មខ្លះមិនឲ្យតម្លៃសិល្បៈប្រពៃណីរបស់យើង ហើយគិតថាសិល្បៈនេះតូចទាប “គួរឲ្យខ្មាស់គេណាស់”។ ជាមួយនឹងពាក្យទាំងនោះ គាត់បានជំរុញខ្ញុំឲ្យធ្វើអ្វីមួយអំពីវា!។
នាងបញ្ជាក់ថា នៅពេលដែលខ្ញុំពិចារណាពីការចងចាំនេះ ខ្ញុំដឹងថា មានមនុស្សមួយចំនួន ដែលមិនមានអារម្មណ៍ សប្បាយចិត្តជាមួយនឹងគំនិតនៃ ‘ភាពអស្ចារ្យរបស់ខ្មែរ’ នោះទេ ។ ឥឡូវនេះខ្ញុំយល់ហើយថា ហេតុអ្វី បានជាវាគួរឱ្យខ្លាចសម្រាប់ពួកគេ។
នេះគឺដោយសារតែការបរាជ័យគឺកើតឡើងញឹកញាប់ពេក ហើយមនុស្សជាច្រើនប្រហែលជាមានអារម្មណ៍ថាយើងបានចាញ់គ្រប់គ្រាន់ហើយ។
ចាប់ពីថ្ងៃនេះតទៅ ខ្ញុំមានជំនឿចិត្តខ្លាំងជាងពេលមុនទៅទៀត ថានេះគឺគ្រាន់តែជាការចាប់ផ្ដើមតែប៉ុណ្ណោះ។ លោកព្រឹទ្ធាចារ្យ គង់ ណៃ និង វណ្ណដា បាននិយាយថា វាដល់ពេលហើយដែលយើងក្រោកឡើង គឺដល់ពេល “Time to Rise”! ហើយប្រជាជនយើងក៏បានយល់ព្រមជាមួយពួកគាត់ដែរ គឺយល់ព្រមដល់ទៅ 100 លានដង! ដូច្នេះតោះកម្ពុជា ក្រោកឡើងវិញ! ។
នាងខ្ញុំក៏សូមអរគុណចំពោះការជឿជាក់លើពួកយើងទាំងអស់គ្នានៅបារមី! ពួកយើងស្រលាញ់អ្នកទាំងអស់គ្នា! ខ្ញុំពិតជាមានមោទកភាពខ្លាំងណាស់សម្រាប់ក្រុមការងារ Baramey ទាំងមូល ហើយជាពិសេសសប្បាយចិត្តសម្រាប់ Vann Da – វណ្ណដា និង លោកព្រឹទ្ធាចារ្យ គង់ ណៃ។ 100 លាន Views Verified! ពិតជានិយាយលែងចេញហ្មង! ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV








