ភ្នំពេញ ៖ តារាសម្តែងនាង ជេ ស៊ីកា បានចេញមុខបដិសេធពីទំនាក់ទំនងក្រៅឆាកជាមួយតារាចម្រៀងនាយ ចឺម បន្ទាប់ពីមហាជនកំពុងដាក់ការសង្ស័យ រហូតមានសារព័ត៌មាននានាចុះផ្សាយជាបន្តបន្ទាប់ផងដែរ
ការសង្ស័យនេះបានកើតមានឡើង មានក្នុងពេលដែលគេបានប្រទះឃើញរូបភាពយ៉ាងស្និទ្ធស្នាល របស់អ្នកទាំងពីរនៅលើបណ្តាញសង្គមកាលពីពេលថ្មីៗនេះ ស្របពេលនាយ ចឺម ក៏ទើបបែកបាក់ស្នេហាផងនោះ។
រូបភាពស្និទ្ធស្នាលនោះត្រូវបានគេដាក់ការសង្ស័យថា អ្នកទាំងពីរទំនាងជាចាប់ផ្តើមទំនាក់ទំនងស្នេហ៍ជាមួយគ្នា។
អ្វីដែលធ្វើអោយគេកាន់តែសង្ស័យទៀតនោះ ក្នុងពេលតារាស្រីរូបនេះ បានធ្វើការបង្ហោះវីដេអូ នៅក្នុងបណ្ដាញសង្គមគណនី Tik Tok របស់ ខ្លួនដោយភ្ជាប់ជាមួយសារ ដ៏គួរឲ្យចាប់អារម្មថា «៨ ឆ្នាំកន្លងផុតទៅ ! ៤ ឆ្នាំ អត់និយាយរកគ្នា » ដែលមើលទៅអ្នកទាំង ២ ហាក់បីដូចជាពីមុនមក ធ្លាប់មានទំនាក់ទំនងស្នេហានឹងគ្នាអញ្ចឹង ។
យ៉ាងណាជុំវិញរឿងរ៉ាវខាងលើនេះ ជេ ស៊ីកា បានអះអាងប្រាប់បណ្តាញសារព័ត៌មាននៅក្នុងស្រុកមួយថា រូបភាពស្និទ្ធស្នាលរវាងនាង និងនាយ ចឺម ដែលមហាជនបានឃើញនៅលើបណ្តាញសង្គមនោះ គឺពួកនាងបានថតពីចូលរួមបុណ្យខួបឪពុករបស់តារាចម្រៀងលោក ករុណា ពេជ្រ កាលពីពេលថ្មីៗនេះ។
នាងបញ្ជាក់ថា ការស្និទ្ធស្នាលទាំងនោះមិនមានអ្វីក្រៅពីការរាប់អានគ្នា នៅចង្កោមអ្នកសិល្បៈដូចគ្នាប៉ុណ្ណោះ ពោលមិនមែនក្នុងន័យស្រឡាញ់គ្នា ដូចការយល់ឃើញរបស់មហាជនមួយចំនួននោះឡើយ។
បើតាម ជេ ស៊ីកា រវាងនាង និងនាយ ចឺម ទោះជាទៅថ្ងៃខាងមុខក៏មិនអាចកើត ជាស្នេហាជាមួយគ្នាឡើយ ព្រោះនាងមិនមានបំណងយកអ្នកសិល្បៈដូចគ្នា មកធ្វើជាសង្សារ ឬដៃគូជីវិតឡើយ។
ទោះជាយ៉ាងនិយាយដល់រឿងស្នេហានេះ ជេ ស៊ីកា នៅតែបន្តលាក់លៀម និងសុំមិននិយាយឡើយពាក់ព័ន្ធនឹងបញ្ហាស្នេហានេះ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV









