ភ្នំពេញ ៖ នាយ ពាក់ មី និងតារាកំប្លែងមួយចំនួនទៀតបានត្រៀមដើរចេញពីស្ថានីយ៍ទូរទស្សន៍CTN ជាថ្មី បន្ទាប់ពីតារាកំប្លែងរូបនេះធ្លាប់បង្ហាញអារម្មណ៍មិនពេញចិត្តពីថ្នាក់ដឹកនាំថ្មី ដែលលោកយល់ឃើញថា មានការគៀបសង្កត់ និងរិតត្បិតខ្លាំងពេកទៅលើបុគ្គលិក។
គេនៅចាំបានថា កន្លងមក នាយ ពាក់ មី ក៏បានប្រកាសជាសាធារណៈពីការដើរចេញពី CTN ប្រសិនបើមិនមានដំណោះស្រាយសមស្របណាមួយ ជុំវិញខាងលើនេះ ខណៈពេលដែលរូបលោក និងក្រុមកំប្លែងមួយចំនួនទៀតអាចនឹងចាកចេញពីស្ថានីយ៍ទូរទស្សន៍មួយនេះ។
យ៉ាងណាជាថ្មីម្តងទៀតនាយ ពាក់ មី ក៏បានប្រកាសថា លោកទំនងជាអាចចាកចេញពី CTN មែនទែនហើយ ដោយសារតែកម្មវិធីមួយដែលលោកធ្លាប់បានសម្តែងនោះត្រូវបានគេដកលោកចេញទាំងស្រុង ធ្វើឲ្យលោកមិនសូវមានការងារធ្វើនៅស្ថានីយទូរទស្សន៍មួយនេះ។

ចំណុចនេះនាយ ពាក់ មី លើកឡើងថា ខ្ញុំប្រហែលជាឈប់ពីCTN ហើយ ដោយសារកម្មវិធី បាទមេ ដែលខ្ញុំធ្លាប់ថតនោះ ឥឡូវវគ្គ២នេះគេដកខ្ញុំចេញហើយ។
លោកបញ្ជាក់ថា អំឡុងខ្ទង់ដើមខែ៧ នឹងមានការចេញជាលិខិតស្នាមត្រឹមត្រូវ ដោយនៅក្នុងនោះលោកប្រាកដថា មានរូបលោក នាយក្រូច នាយ គ្រឿន និងលោកតា វ៉ិចទ័រ ដែលនឹងត្រូវចាកចេញ ហើយក៏មានពិធីករផ្នែកកីឡាមួយចំនួនទៀតក៏ចាកចេញនេះដូចគ្នា។
លោកថា និយាយនេះប្រាកដជាមានគេស្អប់លោក ប៉ុន្តែលោកត្រូវតែនិយាយខ្លះ ព្រោះលោកបាននៅCTN នេះប្រមាណ១០ឆ្នាំហើយ ដូច្នេះកុំឲ្យបរទេសដែលមកដឹកនាំថ្មីនេះអាចធ្វើឲ្យពួកលោកខ្ចាត់ខ្ចាយអស់បែបនេះ។
យ៉ាងណា បើតាម នាយ ពាក់ មី ប្រសិនបើលោកត្រូវបានដកចេញពីCTN ផ្លូវការមែននោះលោកមានតែទៅស្រុកកំណើតនាឯខេត្តស្វាយរៀង ហើយថតឃ្លីបវីដេអូកំប្លែងសម្រាប់ឲ្យបងប្អូនសើចលេងប៉ុណ្ណោះ។

នាយ ពាក់ មី បានលើកឡើងបន្ថែមថា រហូតមកទល់នាពេលនេះខ្ញុំមិនដែលភ្លេចគុណCTN ឡើយ ព្រោះកន្លែងនេះដូចជាផ្ទះរបស់ខ្ញុំ ជាកន្លែងមានគុណរបស់ខ្ញុំ និងជាទីកន្លែងដែលបានផ្តល់កំណើតសិល្បះដល់រូបខ្ញុំ។ ប៉ុន្តែខ្ញុំមិនពេញចិត្តតាឥណ្ឌាដែលជាអគ្គនាយកមកកាន់ថ្មីនេះ គាត់គៀបសង្កត់ និងតឹងរឹងពេក ហើយខ្ញុំចេញតវ៉ាប៉ុន្មានថ្ងៃមុននេះបានចេញដោះស្រាយឲ្យខ្ញុំ ហើយឲ្យខ្ញុំលុបការផុសចោល ដល់ឥឡូវដកខ្ញុំចេញពីកម្មវិធី បាទមេ បាត់ហើយ។
លោកថា ដូចនេះចាប់ពីពេលនេះកម្មវិធី បាទមេ លែងមានរូបលោកទៀតហើយ ហើយលោកទំនងជានឹងចាកចេញពីCTN ហើយ ខណៈពេលដែលបច្ចុប្បន្នលោកក៏ឧស្សាហ៍នៅស្រុកកំណើតជាញឹកញាប់ ដោយសារនៅស្ថានីយលោកមិនសូវមានការងារធ្វើដូចមុនឡើយ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV





