ភ្នំពេញ៖ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានប្រចាំការ នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហៅកាត់ថា គ.ប.ឆ.ប នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦នេះ បានធ្វើបទបង្ហាញពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជូនបណ្ដាអង្គទូត និងអង្គការអន្តរជាតិ នៅក្នុងប្រទេសកម្ពុជា។
បទបង្ហាញនេះរៀបចំដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដោយក្នុងនោះមានការចូលរួមពីតំណាងអង្គការអន្តរជាតិចំនួន៩ និងបណ្ដាអង្គទូតចំនួន២៨។
មួយរយៈចុងក្រោយនេះកម្ពុជាបានបើកយុទ្ធនាការយ៉ាងខ្លាំងក្លានៅក្នុងការបង្ក្រាប និងបោសសម្អាត ក្រុមឆបោកតាមប្រព័ន្ធអនឡាញនៅក្នុងប្រទេស ដោយក្នុងនោះកម្ពុជាថែមទាំងបានរៀបចំ ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីដាក់ទោសធ្ងន់ធ្ងរចំពោះអ្នកពាក់ព័ន្ធនឹងការឆបោកនេះផងដែរ។
លោក ឆៃ ស៊ីណារិទ្ធ បានថ្លែងថា ចាប់តាំងពីបើកយុទ្ធនាការ កាលពីឆ្នាំមុន រហូតដល់ពេលនេះ មាន Online Scams ២៥០ករណី ស្មើនឹង ២៥០ទីតាំងហើយ ត្រូវបានបង្ក្រាប ក្នុងនោះ កាស៊ីណូ ចំនួន៩២។ ក្នុងយុទ្ធនាការនេះ មានជនល្មើសស្កេមអនឡាញជាង៨០០នាក់ ត្រូវបានឃុំខ្លួន ខណៈដែលជិត៧០០នាកទៀត មានដីកាតាមចាប់៕ រក្សាសិទ្ធដោយ៖សុទ្ធលី


























