នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃពុធ ៦រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរ និងជម្រាបលា បន្ទាប់ពីលោកជំទាវបានបញ្ចប់អាណត្តិបេសកកម្មនៅកម្ពុជា។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្តីរីករាយក្នុងពេលដែលសម្ដេចបានជួបលោកជំទាវជាថ្មី បើទោះបីជាពេលនេះលោកជំទាវត្រូវផុតផុតអាណត្តិបំពេញបេសកកម្មជាឯកអគ្គរដ្ឋទូតនៅក្នុងព្រះរាជាណាចក្រកម្ពុជាក្តី។ សម្ដេចតេជោបានកោតសរសើរចំពោះលោកជំទាវក្នុងរយៈពេលនៃបេសកកម្មរបស់លោកជំទាវជាឯកអគ្គរដ្ឋទូតគឺលោកជំទាវសម្រេចបានសមិទ្ធផលជាច្រើនសម្រាប់ទំនាក់ទំនងរវាងកម្ពុជានិងតួកគីដែលមកដល់ពីនេះប្រទេសទាំងពីរកំពុងតែមានទំនាក់ទំនងដ៏ល្អនិងរីកចម្រើនជាបន្តបន្ទាប់។
នៅក្នុងឱកាសនោះលោកជំទាវ
Ülkü Kocaefe បានសម្ដែងនូវការអរគុណដែលសម្ដេចតេជោបានអនុញ្ញាតឱ្យលោកជំទាវនិងសហការីបានជួបជម្រាបលានៅក្នុងឱកាសនេះ។ លោកជំទាវបានរាយការណ៍នូវការងាររបស់លោកជំទាវនៅពេលកន្លង ជូនចំពោះសម្ដេចតេជោ ដោយលោកជំទាវបានលើកឡើងអំពីសមិទ្ធផលសំខាន់ៗក្នុងអាណត្តិរបស់លោកជំទាវសម្រាប់ការពង្រីកនូវទំនាក់ទំនងរវាងកម្ពុជានិងតួកគី នោះគឺសមិទ្ធផលមានដូចជានៅក្នុងអាណត្តិការងាររបស់លោកជំទាវបានបង្កើតនូវការិយាល័យតួកគីនៅកម្ពុជា និងសមិទ្ធផលដ៏សំខាន់ដែលទើបតែសម្រេចបាននៅចុងឆ្នាំ ២០២៥ នោះគឺការបង្កើតនូវជើងហោះហើរតួកគីមកកាន់ព្រះរាជាណាចក្រកម្ពុជា ដែលជាផ្នែកដ៏សំខាន់ក្នុងការពង្រីកនូវទំនាក់ទំនងរវាងកម្ពុជានិងតួកគីឱ្យកាន់តែរីកចម្រើនទាំងនៅក្នុងក្របខ័ណ្ឌពាណិជ្ជកម្មនិងផ្សារភ្ជាប់រវាងប្រជាជននិងប្រជាជន។ លោកជំទាវបានសម្ដែងនូវការជាប់ចិត្តរបស់លោកជំទាវចំពោះប្រជាជនកម្ពុជាជាពិសេសគឺស្នាមញញឹមរបស់ប្រជាជនកម្ពុជាដែលមិនអាចធ្វើឱ្យលោកជំទាវបំភ្លេចបានឡើយ។ លោកជំទាវក៏បានលើកឡើងថា បើទោះបីជាពេលនេះលោកជំទាវផុតអាណត្តិការងារឈប់ធ្វើជាឯករដ្ឋទូតប្រចាំនៅប្រទេសកម្ពុជាក៏ពិតមែន ក៏ប៉ុន្តែលោកជំទាវនៅតែជាមិត្តរបស់កម្ពុជាអស់មួយជីវិត នេះជាសារដែលបង្ហាញពីការពេញចិត្តចំពោះប្រទេសកម្ពុជាពីសំណាក់លោកជំទាវឯកអគ្គរដ្ឋទូត។
សម្ដេចតេជោបានសម្ដែងនូវក្តីពេញចិត្តយ៉ាងក្រៃលែងចំពោះពាក្យពេចន៍ដ៏មានអត្ថន័យរបស់លោកជំទាវចំពោះការពេញចិត្តប្រជាជនកម្ពុជាក៏ដូចជាជាប្រទេសកម្ពុជា។សម្ដេចក៏បានលើកឡើងដោយកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់លោកជំទាវក្នុងឋានៈជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា ដែលកន្លងមកលោកជំទាវបានខិតខំប្រឹងប្រែងខ្លាំងណាស់នៅក្នុងការពង្រីកនូវទំនាក់ទំនង រវាងកម្ពុជានិងតួកគី។ សម្ដេចក៏សរសើរតាមរយៈដែលលោកជំទាវបានខិតខំបង្កើតឱ្យមានការិយាល័យពាណិជ្ជកម្ម
វប្បធម៌ និងជើងហោះហើរពីតួកគី ដែលជាចរន្តនៃការគាំទ្រដល់ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងតួកគីឱ្យកាន់តែល្អប្រសើរ។ ជាមួយគ្នានេះផងដែរសម្ដេចតេជោក៏បានអរគុណចំពោះតួកគីដែលកន្លងមកបានចូលរួមចំណែកផ្ដល់ជំនួយមនុស្សធម៌ដល់ជនភៀសសឹក
របស់កម្ពុជានៅក្នុងបញ្ហាព្រំដែន កម្ពុជា-ថៃ។សម្ដេចតេជោក៏ឆ្លៀតពន្យល់អំពីបញ្ហាព្រំដែនរវាងកម្ពុជា និងថៃដែលលោកជំទាវបានជ្រាបផងដែរជាពិសេសគឺជំហររបស់កម្ពុជាក្នុងការរក្សានូវបទឈប់បាញ់ឱ្យបានយូរអង្វែង និងការដោះស្រាយបញ្ហាដោយសន្តិវិធីតាមរយៈការចរចា។
សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងដោយទាក់ទងទៅនឹងមិត្តភាពរវាងកម្ពុជា និងតួកគីដែលក្នុងនោះសម្ដេចតេជោបានរំលឹកដល់នូវពាក្យដ៏មានអត្ថន័យរបស់លោកជំទាវថាលោកជំទាវនឹងនៅជាមិត្តរបស់កម្ពុជាអស់មួយជីវិតនោះ។
សម្ដេចតេជោក៏បានផ្ដាំផ្ញើបន្ថែមដល់លោកជំទាវទោះបីជាលោកជំទាវបានត្រឡប់ទៅវិញក៏ពិតមែនតែសូមធ្វើបន្តធ្វើជាឯកអគ្គរដ្ឋទូតរបស់កម្ពុជានៅក្នុងប្រទេសតួកគីមានន័យថា ជួយផ្សព្វផ្សាយពីកម្ពុជាដល់អ្នកវិនិយោគតួកគីដើម្បីមកវិនិយោគ និងមកទស្សនាប្រទេសកម្ពុជា។ ចុងក្រោយ សម្ដេចតេជោ បានជូនពរឱ្យលោកជំទាវទទួលជោគជ័យជាបន្តបន្ទាប់ទៀត៕
















