ភ្នំពេញ ៖ តារាចម្រៀងលោក ខាត់ ជេមស៍ បានទម្លាយរូបភាព២សន្លឹកបញ្ជាក់ការពិត ក្រោយពេលមានជនខិលខូច បានកាត់តរូបភាពរបស់លោក ដោយភ្ជាប់ជាមួយនឹងគណបក្សភ្លើងទៀន។
រូបភាពរបស់តារាចម្រៀងរូបនេះ ត្រូវបានគេកាត់តចូលទៅក្នុងមុខវេទិកា របស់គណបក្សភ្លើងទៀន ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត កាលពីពេលថ្មីៗនេះ។
យ៉ាងណា ក្រោយឃើញសកម្មភាពមួយនេះលោក ខាត់ ជេមស៍ បានប្រញាប់ប្រញាល់ ចេញមុខបដិសេធចោលទាំងស្រុង នូវរូបភាពមួយនេះ ដែលត្រូវបានគេផ្សព្វផ្សាយ តាមបណ្តាញសង្គម។
ជាមួយនឹងការចេញមុខបដិសេធនេះ តារាចម្រៀងរូបនេះក៏បានភ្ជាប់រូបភាពពិតប្រាកដ របស់លោក ដែលត្រូវបានគេយកទៅកាត់ត ទៅដាក់មុខវេទិកា របស់គណបក្សភ្លើងទៀន។

អមដោយរូបភាពនេះដែល លោក ខាត់ ជេមស៍ ក៏បានភ្ជាប់ជាមួយនឹងសារបង្ហោះ តាមគណនេយ្យហ្វេសប៊ុកផ្លូវការ របស់លោកថា ខ្ញុំបាទ ខាន់ ជេមស៍ សូមប្រកាសច្រានចោលទាំងស្រុង ចំពោះរូបភាពមួយនេះ ដែលមានជនមិនស្គាល់មុខ បានយករូបខ្ញុំទៅកាត់តដូច្នេះ សូមពុកម៉ែបងប្អូនពូមីង និងសាធារណជនសូមកុំមានការភ័ន្តច្រឡំ។
យ៉ាងណាក្រោយពីតារាចម្រៀងរូបនេះ បានទម្លាយនូវរឿងរ៉ាវខាងលើ បានធ្វើឲ្យមហាជនសម្តែងការភ្ញាក់ផ្អើល និងស្នើឲ្យលោកស្វែងរកជន ដែលបានធ្វើរឿងនេះឡើង។

ជាការកត់សម្គាល់បញ្ហាខាងលើនេះ មិនមែនជារឿងថ្មី ដែលបានកើតឡើងសម្រាប់លោក ខាត់ ជេមស៍ ឡើយ ពោលកន្លងមកនេះ ករណីដូចគ្នានេះក៏បានកើតឡើង ទៅលើតារាមួយចំនួនទៀតដែរ។
គួរបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយ មានអ្នកសិល្បៈជាច្រើន បានចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា។
សកម្មភាពទាំងនេះ បានធ្វើឲ្យគណបក្សប្រឆាំង ហាក់មិនសប្បាយចិត្ត និងរិះរកគ្រប់មធ្យោបាយ ដើម្បីមួលបង្កាច់បង្ខូចឈ្មោះតារាទាំងអស់នោះ តាមគ្រប់រូបភាព៕ រក្សាសិទ្ធិដោយ ៖ សំណាង SV








