Wednesday, April 8, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហរដ្ឋអាម៉េរិក ផ្តល់ជំនួយ៣៦លានដុល្លារ ដើម្បីពង្រឹងវិស័យសុខាភិបាលនៅកម្ពុជារយៈពេល៥ឆ្នាំ

នាថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា ឆ្នាំ២០២៦ តំណាងរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល និងកិច្ចព្រមព្រៀងស្តីពីការចែករំលែកទិន្នន័យ ជាមួយ លោកស្រី Bridgette L. Walker ភារៈធារីនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា ។

អនុស្សរណៈនៃការយោគយល់គ្នានេះមានហិរញ្ញប្បទានសរុបប្រមាណ ៣៦លានដុល្លារអាម៉េរិក សម្រាប់រយៈពេល ៥ឆ្នាំ គោលគឺពីឆ្នាំ២០២៦-២០៣០ និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នា និងកិច្ចសហប្រតិបត្តិការក្នុងការការពារសុខុមាលភាពរបស់ប្រជាជន ព្រមទាំងការជំរុញប្រព័ន្ធសុខាភិបាលដែលមានភាពធន់ និងចីរភាពក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងU.S. Embassy Phnom Penh បានចេញសេចក្ដីប្រកាសព័ត៌មានរួមរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិកស្ដីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាលលើអនុស្សារណៈនៃការយោគយល់គ្នា និងកិច្ចព្រមព្រៀងចែករំលែកទិន្នន័យ។

នាថៃ្ងព្រហស្បតិ៍ ១៥កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦, តំណាងរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា (Memorandum of Understanding) ស្ដីពីកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសុខាភិបាល និងកិច្ចព្រមព្រៀងស្ដីពីការចែករំលែកទិន្នន័យ (Data Sharing Agreement) ជាមួយ លោកស្រី Bridgette L. Walker ភារៈធារីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ។

អនុស្សារណៈនៃការយោគយល់គ្នានេះ បានបង្កើតនូវក្របខ័ណ្ឌគ្រប់ជ្រុងជ្រោយដើម្បីពង្រឹងភាពជាដៃគូទ្វេភាគី ក្នុងវិស័យសុខាភិបាល, រួមចំណែកក្នុងការលើកកម្ពស់សុខភាពសាធារណៈ និងសុខុមាលភាពរបស់ប្រជាជន ។ តាមរយៈ អនុស្សរណៈនៃការយោគយល់គ្នានេះ សហរដ្ឋអាមេរិកនឹងបន្តកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការ គាំទ្រដល់កម្មវិធីអាទិភាព សន្តិសុខសុខភាពសកល សម្រាប់កិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ រួមមាន ជំងឺអេដស៍, ជំងឺរបេង និងជំងឺគ្រុនចាញ់ ។ បន្ថែមពីលើនេះ កិច្ចព្រមព្រៀងចែករំលែកទិន្នន័យ បានបង្កើតនូវលក្ខខណ្ឌ ដើម្បីធានាថាទិន្នន័យសុខាភិបាលដែលត្រូវបានប្រមូល និងចែករំលែកក្រោមកិច្ចព្រមព្រៀងនឹងត្រូវបានគ្រប់គ្រងត្រឹមត្រូវ ដើម្បីធានាឯកជនភាព និងសុវត្ថិភាពទិន្នន័យ ។

គោលបំណងសំខាន់នៃអនុស្សារណៈនៃការយោគយល់គ្នា គឺដើម្បីពង្រឹងបន្ថែមនូវការតាមដាន និងការឆ្លើយតប ទៅនឹងការរីករាលដាលនៃជំងឺឆ្លង, បណ្ដាញមន្ទីរពិសោធន៍ និងប្រព័ន្ធទិន្នន័យ ។ អនុស្សារណៈនៃការយោគយល់គ្នានេះ ក៏បានរួមបញ្ចូលការពង្រឹងប្រព័ន្ធជាតិ និងសមត្ថភាពស្ថាប័នដែលស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ។ កិច្ចខិតខំ ប្រឹងប្រែងរួមគ្នានេះ នឹងរួមចំណែកដល់ការសម្រេចឱ្យបាននូវគោលដៅរបស់កម្ពុជា ក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់, ការបញ្ចប់ការគំរាមកំហែងដល់សុខភាពសាធារណៈដែលបង្កឡើងដោយជំងឺអេដស៍, ការកាត់បន្ថយអត្រាឈឺ និងអត មរណៈដោយសារជំងឺរបេង ព្រមទាំងការធានាឱ្យបាននូវការរកឃើញ និងការឆ្លើយតបទៅនឹងការរាតត្បាតនៃជំងឺ ។ ក្នុងរយៈពេល ៥ឆ្នាំ រដ្ឋាភិបាលសហរដ្ឋអាមេរិកគ្រោងនឹងផ្ដល់ការគាំទ្រក្នុងទំហំហិរញ្ញប្បទានប្រមាណ ៣០ លានដុល្លារ អាមេរិក និងចូលរួមដោយបដិភាគរាជរដ្ឋាភិបាលកម្ពុជា ចំនួនប្រមាណ ៥ លានដុល្លារអាមេរិក ផងដែរ ។ ការណ៍នេះឆ្លុះ បញ្ចាំងយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរក្នុងការពង្រឹងសមត្ថភាពកម្ពុជាដើម្បីសម្រេចបាន
វិស័យសុខាភិបាលដែលប្រកបដោយចីរភាព ។

អនុស្សរណៈនៃការយោគយល់គ្នា ក៏ចែងអំពីការបង្កើតគណៈកម្មាធិការដឹកនាំកិច្ចសហប្រតិបត្តិការសុខាភិបាល (Joint Health Cooperation Steering Committee) ដែលជាយន្តការសម្របសម្រួល និងត្រួតពិនិត្យដើម្បីតាមដាន វឌ្ឍនភាព, តម្រង់ទិសដៅការអនុវត្ត និងពិនិត្យឡើងវិញនូវសកម្មភាពនានាជាប្រចាំ សំដៅធានាឱ្យបាននូវប្រសិទ្ធភាព និងសង្គតិភាពជាមួយនឹងគោលបំណងរួមនៃភាពជាដៃគូ ។

លោកស្រី Bridgette L. Walker ភារៈធារីនៃស្ថានទូតសហរដ្ឋអាមេរិក បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ច ព្រមព្រៀងទាំងនេះ ដែលជាសក្ខីភាពឆ្លុះបញ្ចាំងពីសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាលអស់ រយៈពេលជាង ៣០ ឆ្នាំ រវាងសហរដ្ឋអាមេរិក និងកម្ពុជា ។ យុទ្ធសាស្ត្រសុខភាពសកលអាមេរិកទីមួយ (America First Global Health Strategy) សម្រេចបាននូវវឌ្ឍនភាពឆ្ពោះទៅរកការធានានូវអនាគតមួយដែលអាចទប់ស្កាត់ការផ្ទុះ ឡើង និងរីករាលដាលនៃជំងឺឆ្លង ។ ការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាទ្វេភាគីលើវិស័យសុខាភិបាល គឺដើម្បី ពង្រឹងប្រព័ន្ធសុខាភិបាលក្នុងស្រុកឱ្យមានភាពធន់ សំដៅលើកកម្ពស់សុខុមាលភាពប្រជាជនតាមរយៈការបង្ការការរីក
រាលដាលនៃជំងឺឆ្លង រដ្ឋាភិបាលអាមេរិកមានមោទនភាពក្នុងការបន្តធ្វើការរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បី គាំទ្រដល់ការពង្រឹងសមត្ថភាពស្ថាប័ន ក្នុងការដោះស្រាយបញ្ហាប្រឈមសុខភាពសាធារណៈនាពេលបច្ចុប្បន្ន ក៏ដូចជាការ ត្រៀមលក្ខណៈសម្រាប់រាល់ការគំរាមកំហែងផ្នែកសុខភាពនានា ដែលអាចនឹងកើតមានឡើងនាពេលអនាគត ។
ឯកឧត្តមទេសរដ្ឋមន្តី បានគូសបញ្ជាក់ថា ការអភិវឌ្ឍមូលធនមនុស្ស គឺជាអាទិភាពសំខាន់មួយក្នុង ចំណោមអាទិភាពនៃកិច្ចអភិវឌ្ឍន៍កម្ពុជា ។ រាជរដ្ឋាភិបាលកម្ពុជាផ្តល់សារៈសំខាន់ និងការយកចិត្តទុកដាក់ខ្ពស់ដល់កិច្ច សហប្រតិបត្តិការអភិវឌ្ឍន៍ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាលជាតិ និងការការពារសុខុមាលភាពរបស់ប្រជាជន សំដៅដល់ ការអភិវឌ្ឍមូលធនមនុស្ស ។ ការចុះហត្ថលេខានេះ ឆ្លុះបញ្ចាំងពីស្មារតីនៃកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ រវាង កម្ពុជា និងសហរដ្ឋអាមេរិក ព្រមទាំងបញ្ជាក់ពីភាពជាអ្នកដឹកនាំរបស់កម្ពុជាក្នុងវិស័យសុខាភិបាល រួមទាំងការពង្រឹង សមត្ថភាពស្ថាប័ន និងការធានាឱ្យបាននូវសមិទ្ធផលក្នុងវិស័យសុខាភិបាលសាធារណៈប្រកបដោយចីរភាព ដើម្បីជា ប្រយោជន៍ដល់ជាតិ និងប្រជាជន ។
អនុស្សរណៈនៃការយោគយល់គ្នានេះ បញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការរក្សានូវផលប្រយោជន៍រួមលើវិស័យ សុខាភិបាល និងការការពារសុខុមាលភាពរបស់ប្រជាជន ដោយគាំទ្រដល់គោលដៅរយៈពេលវែងក្នុងការកសាង ប្រព័ន្ធសុខាភិបាលដែលមានភាពធន់ និងចីរភាពក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×