ភ្នំពេញ ៖រហូតមកទល់ពេលនេះតារាសម្តែងអ្នកនាង សារ៉ាយ សក្ខិណា នៅមិនទាន់វិលទៅរស់នៅសហរដ្ឋអាមេរិកនៅឡើយទេ ក្នុងពេលដែលនាងបានត្រឡប់មកលេងប្រទេសកម្ពុជាតាំងពីឆ្នាំ២០១១។
យ៉ាងណាតារារូបនេះ បានលើកយកនូវមូលហេតុសំខាន់ៗមួយចំនួន ដែលនាំអោយនាងនៅមិនទាន់អាចវិលត្រឡប់ទៅកាន់អាមេរិកបាននាពេលនេះ។

អ្នកនាង សារ៉ាយ សក្ខិណា បានលើកឡើងថា នាងនៅមិនទាន់វិលទៅអាមេរិកវិញនាពេលនេះ ដោយសារនាងត្រូវមានភារកិច្ចសំខាន់ៗមួយចំនួន ដែលត្រូវបំពេញនៅស្រុកកំណើត។
នាងបញ្ជាក់ថា នៅក្នុងស្រុកនាងកំពុងតែពង្រឹងជំនួញផ្ទាល់ខ្លួនឲ្យបានរឹងមាំជាមុនសិន ហើយនាងក៏ត្រូវមានតួនាទីមើលថែកូនដែលត្រូវចូលរៀន នៅក្នុងស្រុកផងដែរ។
នាងបន្ថែមថា នាងចង់ឲ្យកូនៗចូលរៀននៅក្នុងស្រុក ដើម្បីឲ្យពួកគាត់ចេះភាសាខ្មែរ ព្រោះគាត់ជាកូនខ្មែរ ត្រូវចេះភាសាជាតិឲ្យបានច្បាស់។
ដោយឡែកនាងក៏មានគម្រោងនឹងចូលរួមថតភាពយន្តខ្នាតខ្លីជាបន្តបន្ទាប់ទៀតដែរ ដើម្បីកុំឲ្យទស្សនិកជន ជាពិសេសប្រិយមិត្តដែលគាំទ្ររូបនាងភ្លេចមុខ។

អ្នកនាង សារ៉ាយ សក្ខិណា បានវិលពីប្រទេសអាមេរិក មកលេងស្រុកកំណើត ដើម្បីជួបជុំ និងសួរសុខទុក្ខគ្រួសារ និងមិត្តភក្តិក្នុងសង្គមសិល្បៈដូចគ្នា។
ការមកស្រុកកំណើតរបស់នាងនាពេលនេះក៏មានវត្តមានស្វាមី និងកូនៗរបស់នាងមកជាមួយផងដែរ ដែលនោះជាហេតុធ្វើឲ្យនាងអាចស្នាក់នៅកម្ពុជារយៈពេលយូរ។
ចាប់តាំងពីមកស្នាក់នៅស្រុកកំណើត សារ៉ាយ សក្ខិណា បានឆ្លៀតពេលចូលរួមកម្មវិធីសិល្បៈនានា និងចូលរួមថតMV ថ្មីៗឲ្យផលិតកម្មក្នុងស្រុកផងដែរ៕ រក្សាសិទ្ធិដោយ ៖ សំណាង sv










