រដ្ឋធានីអ៊ីស្តាន់ប៊ូល ៖ ការវា.យប្រយុទ្ធគ្នា រវាងកងទ័ពរុស្ស៊ី និង អ៊ុយក្រែន បានអូសបន្លាយរយៈពេល៣៤មកហើយ នៅតែមិនឈ្ន ចាញ់ ហើយនៅទីបំផុត គណៈប្រតិភូអ៊ុយក្រែន និង រុស្ស៊ី បានព្រមព្រៀងគ្នា ទៅកាន់រដ្ឋធានីអ៊ីស្ដាន់ប៊ូល (Istanbul) ប្រទេសតួកគី ដើម្បីដោះស្រាយ បញ្ចប់ជម្លោះ ក្រោមការសម្របសម្រួលពីប្រធានាធិបតីតួកគី។
សារព័ត៌មាន BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ថា គណៈប្រតិភូអ៊ុយក្រែ បានអញ្ជើញទៅដល់រដ្ឋធានី Istanbul ប្រទេសតួកគី ដើម្បីចរចាសន្ដិភាព ជាមួយនឹងសមភាគីរុស្ស៊ី។ គណៈប្រតិភូអ៊ុយក្រែន ដឹកនាំដោយលោក អូឡេកស៊ីអ៊ី រ៉ែស្នីកូវ (Oleksii Reznikov) រដ្ឋមន្រ្ដីក្រសួងការពារជាតិ និង លោក មីខែល ប៉ូដូលយ៉ាក (Mikhail Podolyak) ប្រធានការិយាល័យរបស់ប្រធានធិបតី វ៉ូឡូឌីមៀរ ហ្សេឡែនស្គី។

ក្រុមចរចារបស់អ៊ុយក្រែន បានអះអាងថា ចំណុចអាទិភាពកំពូលរបស់អ៊ុយក្រែន គឺចង់បានបទឈប់បា.ញ់ បើទោះជាមានការមន្ទិលសង្ស័យថា តើវាទំនងជាទៅរួចឬអត់។ រីកិច្ចពិភាក្សាទល់មុខគ្នា ជាលើកដំបូង នៅក្នុងរយៈពេលជាងពីរសប្តាហ៍មកនេះ នឹងត្រូវបានរៀបចំឡើង ដោយប្រធានាធិបតីតួកគី លោក រ៉េសេប តៃយីប អេដូហ្គេន (Recep Tayyip Erdogan) នៅក្នុងរដ្ឋធានីអ៊ីស្ដាន់ប៊ូល ។
ចាប់តាំងពីរុស្ស៊ី បានលើកកងទ័ព ចូលឈ្លានពាន នៅក្នុងប្រទេសអ៊ុយក្រែន នោះមក មន្រ្ដីក្រុងគៀវ និង មូស្គូ បានជួបចរចាគ្នា ជាច្រើនលើកមកហើយ តែជំនួបចរចារបស់ភាគីទាំង២ត្រូវបានបរាជ័យ ដោយសាររុស្ស៊ី ទាមទារហួសហេតុពេក មិនអាចឲ្យក្រុងគៀវទទួលយកបាន។

កិច្ចចរចា នាពេលនេះ ក៏មានបញ្ហាជាច្រើនទៀត ដោយសារតែរុស្ស៊ី កំពុងតែទាមទារឱ្យអ៊ុយក្រែន បោះបង់ចោលនូវចេតនាណាមួយ នៅក្នុងការចូលរួមជាមួយអង្គការណាតូ។ បើទោះជាប្រឈមនឹងបញ្ហាបែបនេះក្ដី ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelensky) ក៏បានបញ្ជាក់ថា គាត់មានសុច្ឆន្ទៈ នៅក្នុងការសម្របសម្រួល ដើម្បីបញ្ចប់សង្គ្រាមនេះ។
ដោយឡែក បញ្ហាដ៏ចម្រូងចម្រាសធ្ងន់ធ្ងរបំផុតផ្សេងទៀត ត្រូវគេរំពឹងថា ភាគីអ៊ុយក្រែន និងរុស្ស៊ី នឹងពិភាក្សាគ្នា រួមមាន ជោគវាសនា នៃតំបន់កាន់កាប់ ដោយក្រុមផ្តាច់ខ្លួន នៅភាគខាងកើត នៃប្រទេសអ៊ុយក្រែន ក៏ដូចជា ស្ថានភាព នៅលើឧបទ្វីគ្រីមៀ (Crimea) ដែលត្រូវបានរុស្ស្ស៊ី ដាក់បញ្ចូលជាឧបសម្ព័ន្ធជាផ្លូវការរបស់ខ្លួន នៅក្នុងអំឡុង ឆ្នាំ២០១៤៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី









