សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦នេះ អញ្ជើញធ្វើសន្និសីទសារព័ត៌មានរួមស្តីពីជំនួបត្រីភាគីរវាង កម្ពុជា ហ្វីលីពីន និងថៃ នៅប្រទេសហ្វីលីពីន។
សន្និសីទសារព័ត៌មានរួមនេះ មានការចូលរួមពីសំណាក់ ឯកឧត្តម Ferdinand R. Marcos Jr ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន និង ឯកឧត្តម Anutin Charnvirakul នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ។
ក្នុងសន្និសីទសារព័ត៌មានក្រោយជំនួបត្រីភាគីនៅសេប៊ូ ហ្វីលីពីន ក្រៅពីបញ្ជាក់ជំហរកសាងសន្តិភាព និងមិត្តភាពឡើងវិញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឆ្លៀតសង្កត់ថា កម្ពុជា មិនទទួលស្គាល់ខ្សែព្រំដែនកើតចេញពីការទន្ទ្រានដោយកម្លាំងនោះឡើយ។
នេះជាសារសំខាន់ណាស់ ទៅកាន់ពិភពលោក។ ប្រាប់ពិភពលោកថា កម្ពុជារក្សាជំហរម៉ឺងម៉ាត់ មិនទទួលយកស្ថានភាពព្រំដែនជាមួយថៃនាពេលបច្ចុប្បន្ននេះឡើយ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអះអាងជាថ្មីថា ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ត្រូវតែដោះស្រាយតាមរយៈយន្តការទ្វេភាគីដែលមានស្រាប់ និងផ្អែកលើច្បាប់អន្តរជាតិ ដោយបដិសេធ ការកាន់កាប់លើដីជាក់ស្តែងក្នុងកិច្ចពិភាក្សាដែលសម្របសម្រួលដោយប្រធានអាស៊ាន ជាមួយនាយករដ្ឋមន្ត្រីថៃ អានុទីន ចាន់វីរ៉ាគុល នៅទីក្រុងសេប៊ូ។
លោក អានុទីន និយាយថា “ជម្លោះនាំមកនូវតែការបាត់បង់ និងទុក្ខវេទនាដល់គ្រប់ភាគីទាំងអស់ប៉ុណ្ណោះ, ដែលធ្វើឱ្យយើងឃើញពីតម្លៃពិតនៃសន្តិភាព។
វាដល់ពេលហើយសម្រាប់ប្រទេសទាំងពីរ ក្នុងការបន្តដំណើរទៅមុខ និងបើកទំព័រថ្មីនៃទំនាក់ទំនង ដែលផ្អែកលើភាពស្មោះត្រង់ ភក្តីភាព និងការប្តេជ្ញាចិត្តរួមគ្នា ដើម្បីជម្នះរាល់បញ្ហាប្រឈមនានាជាមួយគ្នា។”រក្សាសិទ្ធដោយ៖សុទ្ធលី
នេះជាប្រសាសន៍ដើមទាំងស្រុងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុង “សន្និសីទសារព័ត៌មានរួមស្តីពីជំនួបត្រីភាគីរវាង កម្ពុជា ហ្វីលីពីន និងថៃ”។







