Sunday, December 5, 2021

គិតមកដល់ពេលនេះការស្ថាបនាផ្លូវជាតិលេខ២ ទើបតែសម្រេចជាង ៤៧ %

កណ្តាល៖ ខណៈកិច្ចសន្យាស្ថាបនាផ្លូវជាតិ២ គ្រោងនឹងបញ្ចប់នៅខែមេសាឆ្នាំ២០២២ ក្រសួងសាធារណការ និងដឹកជញ្ជូន  បានឲ្យដឹងថា ផ្លូវជាតិលេខ២ គិតមកដល់ពេលនេះទើបសម្រេចបាន ៤៧,៩៥ ភាគរយ ដែលការស្ថាបនាមានរយៈពេលជិត២ឆ្នាំមកហើយ ខណៈតាមកិច្ចសន្យាគ្រោងនឹងឲ្យរួចរាល់នៅខែមេសាឆ្នាំ២០២២។

អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ហ៊ាន សុទ្ធាយុត្តិ  បានឲ្យដឹងថា បច្ចុប្បន្នការស្ថាបនាផ្លូវជាតិលេខ២ ពីរង្វង់មូលក្រុងតាខ្មៅ ខេត្តកណ្តាល ដល់អូរចំបក់ ខេត្តតាកែវ មានប្រវែងជាង ៦២ គីឡូម៉ែត្រ សម្រេចបាន ៤៧,៩៥ ភាគរយ។ ការសម្រេចបានភាគរយប៉ុណ្ណេះ ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ បានធ្វើឲ្យមានភាពយឺតយ៉ាវ ហើយម្យ៉ាងវិញទៀតជំងឺកាចសាហាវនេះបានឆ្លងដល់វិស្វករ បុគ្គលិកជំនាញ កម្លាំងពលកម្ម អ្នកបើកបរគ្រឿងចក្រ ខ្វះខាតកម្លាំងក្នុងការអនុវត្តការងារសាងសង់ជាដើម។  ចំណែកការបញ្ជាទិញគ្រឿងចក្រមកពីក្រៅប្រទេស មិនអាចនាំចូលបាន និងមានការយឺតយ៉ាវដោយសារបិទព្រំដែន និងការនាំចូលសម្ភារសំណង់ ពីក្រៅប្រទេសមានការយឺតយ៉ាវថែមទៀតផង។  ម្យ៉ាងទៀត នៅក្នុងគម្រោងសាងសង់នេះ​ ក៏មានការដោះស្រាយផលប៉ះពាល់ទីតាំងមួយចំនួនដូចជា បំពង់ទឹកស្អាតរបស់រដ្ឋ និងឯកជន បង្គោលភ្លើងអគ្គិសនី  ខ្សែកាបអុបទិក ក្នុងដី និងនៅលើដីរបស់ក្រុមហ៊ុននានា។

គួរបញ្ជាក់ថា ការស្ថាបនា និងធ្វើឲ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ២នេះ មានប្រវែងសរុបចំនួន ៦២,៥៦ គីឡូម៉ែត្រ ដែលគិតចាប់ពីរង្វង់មូលក្រុងតាខ្មៅ ខេត្តកណ្តាល ទៅអូរចំបក់ដល់រង្វង់មូលក្រុងដូនកែវ ខេត្តតាកែវ ដោយតាមកិច្ចសន្យាស្ថាបនាគ្រោងបញ្ចប់នៅក្នុងខែមេសា ឆ្នាំ២០២២ខាងមុខនេះ៕