Sunday, December 5, 2021

សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា នឹងទទួលបានជំនួយផ្នែកហិរញ្ញវត្ថុ ក្នុងអត្រាការប្រាក់សមរម្យ

ភ្នំពេញ៖ តាមរយៈគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី ២ និងដើម្បីគាំទ្រដល់សហគមន៍ ជួយដល់ការស្តារសេដ្ឋកិច្ចពីការរាតត្បាតនៃជំងឺកូវីដ-១៩ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និង ធនាគារ វីង បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ នៅថ្ងៃទី១៩ ខែតុលា ​ឆ្នាំ​២០២១ ដើម្បីផ្តល់ឥណទាន ដែលមានអត្រាការប្រាក់សមរម្យដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី១ ត្រូវបានដាក់ឲ្យដំណើរការនៅឆ្នាំ២០២០ ដោយរាជរដ្ឋាភិបាលកម្ពុជា និងមានគោលបំណង ផ្តល់ឥណទានដែលមានការប្រាក់សមរម្យតាមលក្ខខណ្ឌអនុគ្រោះដើម្បីលើកកម្ពស់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យអាទិភាព ដើម្បីកាត់បន្ថយការនាំចូល បំពេញតម្រូវការក្នុងស្រុក និងជាធាតុចូលទៅក្នុងផលិតកម្មនៃសហគ្រាសធំៗ។

លោក លឹម អូន អគ្គនាយកនៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក បានឱ្យដឹងថា ភាពជាដៃគូដែលបានបង្កើតឡើងនេះ នឹងជួយពង្រីកការគាំទ្រដល់ ធនាគារសហគ្រាសធុនតូច និងមធ្យម ឲ្យកាន់តែទូលំទូលាយជាងមុនបន្ថែមទៀត តាមរយៈប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុបែបឌីជីថលនៃធនាគារវីង។ សហគ្រាសធុនតូច និងមធ្យម ដែលស្ថិតក្នុងស្ថានភាពលំបាក នឹងអាចទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុកាន់តែងាយស្រួលជាងពេលមុន។

សហគ្រាសធុនតូច និងមធ្យម ក៏ដូចជាអាជីវកម្មដទៃទៀត នៅក្នុងប្រទេសកម្ពុជា និងទូទាំងពិភពលោកទាំង​មូល បានរងផលប៉ះពាល់យ៉ាងខ្លាំង ពីការរីករាលដាលនៃជំងឺកូវីដ-១៩។ តាមរយៈភាពជាដៃគូរបស់ធនាគារវីង និងធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម្ចាស់សហគ្រាសធុនតូច និងមធ្យម នឹងអាចទទួលបានឥណទានដែលមានអត្រាការប្រាក់សមរម្យតាម រយៈធនាគារវីង ភ្នាក់ងារវីងនៅទូទាំងប្រទេសកម្ពុជា និងកម្មវិធីស្មាត​ហ្វូនវីង ដែលជួយសន្សំពេលវេលា និងថ្លៃធ្វើដំណើររបស់ពួកគេ៕