Saturday, September 3, 2022

ប្រធានមន្ទីរសាធារណការរាជធានីភ្នំពេញ បញ្ជាក់ពីការជន់លិចទឹកនៅក្រោមស្ពានអាកាសចោមចៅ

ភ្នំពេញ៖ ប្រធានមន្ទីរសាធារណការរាជធានីភ្នំពេញ បានអះអាងថា ការជន់លិចទឹកនៅក្រោមស្ពានអាកាសចោមចៅ នឹងមិនមានទៀតទេ នៅពេលដែលស្ពាននេះ សាងសងរួចរាល់។

  

ប្រធានមន្ទីរសាធារណការរាជធានីភ្នំពេញ និងដឹកជញ្ជូនរាជធានីភ្នំពេញលោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា ការជន់លិចទឹកនៅក្រោមស្ពានអាកាសចោមចៅនឹងមិនមានទៀតទេនៅពេលស្ពានធ្វើរួច  ខណៈការលិចទឹកថ្មីៗនេះដោយសារអាងទឹក២ក្រោមនោះមិនទាន់ដំណើរការ។

លោក លើកឡើង នៅថ្ងៃទី៣ ខែកញ្ញានេះថា  «ការជន់លិចទឹកនៅចំណុចផ្លូវក្រោមដីស្ពានអាកាសចោមចៅកាលពីពេលថ្មីៗនេះដោយទឹកភ្លៀងធ្លាក់ខ្លាំងនោះគឺ ដោយសារតែអាងទឹកធំចំនួន ២នៅខាងក្រោមនោះមិនទាន់ធ្វើរួចដែលអាចដំណើរការបាននៅឡើយ  ហើយនៅពេលការស្ថាបនាស្ពាននេះរួចរាល់បញ្ហាជន់លិចផ្លូវក្រោមដីនេះនៅពេលមានភ្លៀងខ្លាំងម្តងគឺវានឹងមិនកើតមានទៀតឡើយ»។

លោក សាំ ពិសិដ្ឋ  បានបញ្ជាក់ទៀតថា សម្រាប់ការស្ថាបនាស្ពានអាកាស និងផ្លូវក្រោមដីចោមចៅបើគិតមកដល់ត្រឹមថ្ងៃទី ៣ខែកញ្ញានេះ សម្រេចការសាងសង់ បានប្រមាណ ៨០ភាគរយហើយ ខណៈដែលតាមគម្រោងការដ្ឋានសាងសង់នេះ នឹងបញ្ចប់នៅចុងខែមីនា ឆ្នាំ២០២២ខាងមុខនេះ៕