រដ្ឋាភិបាលជប៉ុន នឹងផ្តល់ថវិកាចំនួន ២០៤,១០១ ដុល្លារអាមេរិក ដល់វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ក្រោមគ្រោង ការណ៍ជំនួយឥតសំណងសម្រាប់គម្រោងថ្នាក់មូលដ្ឋាន (គូសាណូណិ)។ កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខា នៅថ្ងៃនេះ ដោយ ឯកឧត្តម អ៊ីស៊ីហ្សិតិ ហ៊ីដេអុ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះ រាជាណាចក្រកម្ពុជា និង អ្នកតំណាងវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ដើម្បីអនុវត្តគម្រោងខាងក្រោម៖
ឈ្មោះគម្រោង៖ គម្រោងសាងសង់អគារបណ្តុះបណ្តាលវិជ្ជាជីវៈ និងការតម្លើងឧបករណ៍ នៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ ដំបង ថវិកាជំនួយចំនួន៖ ២០៤.១០១ ដុល្លារអាមេរិក
ស្ថាប័នទទួលជំនួយ៖ វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង
ថវិកាជំនួយនេះ នឹងត្រូវបានប្រើប្រាស់ដើម្បីសាងសង់អគារបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលរួមមានបន្ទប់រៀន ចំនួន៤ និងការតម្លើងឧបករណ៍បណ្តុះបណ្តាលវិជ្ជាជីវៈ ចំនួន៤៩ មុខ សម្រាប់ដេប៉ាតឺម៉ង់កែច្នៃ និងវិភាគចំណីអាហារ នៅវិទ្យា ស្ថានជាតិវិជ្ជាជីវៈបាត់ដំបង។ បរិក្ខារ និងឧបករណ៍ទាំងនេះ នឹងជួយឱ្យសិស្សទទួលបានជំនាញជាក់ស្តែង ដែលចាំបាច់ ក្នុងការងារ ព្រមទាំងរួមចំណែកក្នុងការធ្វើសមាហរណកម្ម ពលករចំណាកស្រុកដែលត្រឡប់មកវិញ ឱ្យចូលទៅក្នុង សង្គមកម្ពុជា បន្ទាប់ពីជម្លោះព្រំដែន និងគាំទ្រដល់ការអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅក្នុងតំបន់។
គម្រោងគូសាណូណ៌របស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង របស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។ ជំនួយឥតសំណងនេះ មានទិសដៅ ការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាពក្រីក្រ និង/ឬ ភាពអកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់
ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូរបស់ពួកគេ ក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជា សហគមន៍។ ចាប់តាំងពីឆ្នាំ១៩១ រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង ៧៣លាន ដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណិ ជាង៧០០គម្រោង នៅទូទាំងប្រទេសកម្ពុជា។រក្សាសិទ្ធិដោយ ៖សុទ្ធលី







