ខេត្តមណ្ឌលគិរី៖ មនុស្សចំនួន ៣នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និង ៣នាក់ផ្សេងទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ រវាងរថយន្តតាក់ស៊ី និងរថយន្តពេទ្យដឹកអ្នកជំងឺ ដែលបើកបរបញ្ច្រាសទិសគ្នា និងបុកគ្នាពេញទំហឹងនៅខេត្តមណ្ឌលគិរី។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១:៣០នាទីរសៀល ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចផ្លូវបំបែកភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
លោក យឹម ចិន្តា នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានឱ្យដឹងថា គ្រោះថ្នាក់នេះបង្កឡើងដោយរថយន្តតាក់ស៊ីម៉ាក HAIACE ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2CK-8425 បុកជាមួយរថយន្តពេទ្យដឹកអ្នកជំងឺ ខណៈរថយន្តទាំងពីរកំពុងបើកបរបញ្ច្រាសទិសគ្នា។
ក្នុងចំណោមអ្នកស្លាប់ទាំង ៣នាក់ មានអ្នកបើកបររថយន្តតាក់ស៊ីម្នាក់ ឈ្មោះ រុន តុងនាង ភេទប្រុស អាយុ ២៣ឆ្នាំ មន្ត្រីកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីម្នាក់ ឈ្មោះ ម៉ក មករា ភេទប្រុស អាយុ ៣៩ឆ្នាំ និង ក្មេងប្រុសអាយុ ១៣ឆ្នាំ ឈ្មោះ ហេង វណ្ណរាជ ដែលជាកូនរបស់អ្នកបើកបររថយន្តពេទ្យ។
ចំណែកអ្នករងរបួសធ្ងន់ទាំង ៣នាក់ រួមមានអ្នកបើកបររថយន្តពេទ្យឈ្មោះ ហេង វណ្ណារ៉ា ភេទប្រុស អាយុ ៤០ឆ្នាំ និងអ្នករួមដំណើរពីរនាក់ទៀត គឺឈ្មោះ ឃុន រដ្ឋា ភេទប្រុស អាយុ ៣៤ឆ្នាំ ជាបុគ្គលិកពេទ្យ និងឈ្មោះ ឡាយ ចាន់លៀង ភេទប្រុស អាយុ ៣៥ឆ្នាំ។ អ្នករងរបួសទាំងនេះមួយចំនួនបានរងរបួសបាក់ជើង។
តាមការបញ្ជាក់ពីសមត្ថកិច្ចបឋម រថយន្តតាក់ស៊ីដែលជារថយន្តបង្ក បានបើកជែងរថយន្តធំមួយគ្រឿង ហើយចូលមកក្នុងគន្លងផ្លូវខាងស្តាំរបស់រថយន្តពេទ្យ បណ្តាលឱ្យរថយន្តទាំងពីរបុកគ្នាយ៉ាងពេញទំហឹង និងបង្កឱ្យមានមនុស្សស្លាប់ និងរបួសធ្ងន់ដូច្នេះ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះវាស់វែង និងប្រមូលវត្ថុតាងនៅកន្លែងកើតហេតុ។
សពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ខណៈអ្នករងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះ និងព្យាបាលនៅមន្ទីរពេទ្យខេត្តមណ្ឌលគិរី។
រថយន្តទាំងពីរគ្រឿងត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូររាំង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN






