រាជធានីភ្នំពេញ៖ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និងជាអនុប្រធានក្រុមសភាជាតិកម្ពុជា នៃសភានិយាយភាសាបារាំង (APF) នារសៀលថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាស្តីពី «អាកាសធាតុ សន្តិភាព និងសន្តិសុខ» នៅវិមានព្រឹទ្ធសភា ដោយមានការចូលរួមពី លោកជំទាវ Amélia Lakrafi អគ្គប្រតិភូ APF ព្រមទាំងសមាជិក សមាជិកាសភា តំណាងអង្គការអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ជាច្រើនរូប។
ក្នុងសុន្ទរកថាបិទកម្មវិធី ឯកឧត្តម ឈាង វុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា និងជាប្រធានក្រុមសភាជាតិកម្ពុជា APF លោកជំទាវ Amélia Lakrafi និងលោក Tristan-Aurel Mouline អគ្គនាយកទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ដែលបានគាំទ្រហិរញ្ញប្បទាន និងជំរុញឱ្យកិច្ចពិភាក្សាក្នុងលំហហ្វ្រង់កូហ្វូនីនេះ ប្រព្រឹត្តទៅដោយរលូន និងទទួលបានផ្លែផ្កា។
តាមរយៈការចែករំលែកទស្សនៈពីវាគ្មិនមកពីប្រទេសបារាំង អាហ្វ្រិក និងកម្ពុជា អង្គសិក្ខាសាលាបានឈានដល់ការយល់ដឹងរួមថា ការប្រែប្រួលអាកាសធាតុគឺជាកត្តាបង្កើនហានិភ័យដល់សេដ្ឋកិច្ច សន្តិសុខស្បៀង និងការរស់នៅរបស់ប្រជាពលរដ្ឋ ប៉ុន្តែសកម្មភាពអាកាសធាតុដែលមានភាពច្បាស់លាស់នឹងជួយពង្រឹងភាពធន់ និងសន្តិភាព។
ទន្ទឹមនឹងនេះ តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ក្រសួងបរិស្ថាន និងទីភ្នាក់ងារ AFD ក៏បានសង្កត់ធ្ងន់លើកិច្ចសហការអន្តរជាតិ និងតួនាទីដ៏សំខាន់របស់ស្ថាប័នសភា ក្នុងការរៀបចំក្របខណ្ឌច្បាប់ដែលការពារពលរដ្ឋពីវិបត្តិអាកាសធាតុ និងធានាបាននូវសមធម៌សង្គម។
ជាកិច្ចបញ្ចប់ ឯកឧត្តម ឈាង វុន បានវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃសិក្ខាសាលានេះ ដែលបានរួមចំណែកជួយពង្រឹងសមត្ថភាពសមាជិកសភា ព្រមទាំងផ្តល់នូវបទពិសោធន៍ល្អៗ សម្រាប់យកទៅបញ្ជ្រាបក្នុងការងារនីតិកម្ម និងការតាមដានការអនុវត្តច្បាប់នាពេលអនាគត៕រក្សាសិទ្ធដោយ៖សុទ្ធលី

















