(ស្វាយរៀង)៖ កម្មករនិយោជិតទាំង៣០នាក់ ដែលជិះលើរថយន្តដឹកកម្មករមួយគ្រឿងដែលធ្លាក់ចូលប្រឡាយនៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានបន្តដំណើរទៅកន្លែងធ្វើការតាមរថយន្តដឹកកម្មករផ្សេងទៀតដោយកម្មករមួយចំនួនបានរងរបួសស្រាលបន្តិចបន្តួចហើយពុំមានអ្នករងរបួសធ្ងន់ទេ។ នេះបើតាមលោកស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានបញ្ជាក់នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។
លោក ស៊ុន មេសា បានគូសបញ្ជាក់ថា៖ «ក្រោយកើតហេតុ មន្ត្រីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង និងក្រុមការងារបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះទៅពិនិត្យស្ថានភាពបងប្អូនកម្មករនៅកន្លែងកើតហេតុ។ បងប្អូនយើងមួយចំនួនមានរបួសបន្តិចបន្តួច ហើយបងប្អូនទាំងអស់បានបន្តដំណើរទៅធ្វើការជាធម្មតាតាមរថយន្តដឹកកម្មករផ្សេងទៀត»។
សូមបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦ព្រឹក ខណៈអ្នកបើកបរព្យាយាមគេចពីរ៉ឺម៉កកង់បីមួយគ្រឿង រួចក៏ជ្រុលចង្កូតធ្លាក់ចូលប្រឡាយ៕រក្សាសិទ្ធដោយ៖សុទ្ធលី





