ភ្នំពេញ៖ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលមានមុខរបរជាអ្នកដឹកជញ្ជូនម្ហូបអាហារ ក្រោយធ្វើសកម្មភាពប្រទូស្តកេរខ្មាសលើស្ត្រីម្នាក់ នៅសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យត្រូវបានឃាត់ខ្លួននៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បន្ទាប់ពីបើកការស្រាវជ្រាវ។
ជនសង្ស័យមានឈ្មោះ រិទ្ធ សុភារុន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកដឹកជញ្ជូនម្ហូប ត្រូវបានឃាត់ខ្លួននៅចំណុចសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
យោងតាមព័ត៌មានពីសមត្ថកិច្ច ករណីនេះ បានកើតឡើងកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ៩និង៥៧នាទីយប់ នៅផ្លូវ 13BT ភូមិសន្សំសល់ទី៥ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ដោយជនសង្ស័យបានធ្វើសកម្មភាពប្រទូស្តកេរខ្មាសលើស្ត្រីរងគ្រោះម្នាក់ ដែលស្នាក់នៅផ្ទះជួលក្នុងតំបន់កើតហេតុ។
ប្រភពដដែលបានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានជិះម៉ូតូធ្វើជាវង្វេងផ្លូវ និង សួរនាំស្ត្រីរងគ្រោះ ខណៈពេលមេឃកំពុងភ្លៀង និងទីតាំងមានសភាពស្ងាត់។
បន្ទាប់មក ជនសង្ស័យបានឆ្លៀតឱកាសធ្វើសកម្មភាពបំពានលើរាងកាយស្ត្រីរងគ្រោះ រួចជិះម៉ូតូគេចខ្លួនបាត់។
នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ស្ត្រីរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពន់ទី១ ដើម្បីស្នើសុំឱ្យសមត្ថកិច្ចស្រាវជ្រាវ និងចាត់វិធានការតាមផ្លូវច្បាប់លើជនសង្ស័យ។
បច្ចុប្បន្ននេះ ជនសង្ស័យត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN







