ភ្នំពេញ៖ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា: ការដុតបំផ្លាញផលិតផលក្លែងម៉ាក និងសម្ភារពាក់ព័ន្ធ គឺជាការបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តច្បាប់ និងប្រយុទ្ធប្រឆាំងនឹងបទល្មើសផលិតផលក្លែងក្លាយ ដើម្បីការពារសុខភាពប្រជាពលរដ្ឋ សិទ្ធិម្ចាស់ម៉ាក និងពង្រឹងទំនុកចិត្តរបស់វិនិយោគិន។
ការថ្លែងបែបនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងឱកាសដែលលោក ស សុខា បានអញ្ជើញជាសហអធិបតីជាមួយលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្នុងពិធីដុតបំផ្លាញផលិតផលក្លែងម៉ាក និងសម្ភារពាក់ព័ន្ធ នៅភូមិតាគោក ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។
លោក ស សុខា បានសង្កត់ធ្ងន់ថា: ការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសពាក់ព័ន្ធនឹងផលិតផលក្លែងក្លាយ គឺជាកិច្ចការដ៏សំខាន់ និងចាំបាច់ ដែលតម្រូវឱ្យមានការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ កិច្ចសហការជិតស្និទ្ធ និងការទទួលខុសត្រូវខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធ។
លោកបានបញ្ជាក់ថា ការដុតបំផ្លាញផលិតផលក្លែងក្លាយដែលសមត្ថកិច្ចបានដកហូត និងចាត់ចែងតាមនីតិវិធីច្បាប់ មិនមែនគ្រាន់តែជាការបំផ្លាញវត្ថុតាង ឬទំនិញដែលបំពានច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសារដ៏ច្បាស់លាស់មួយថា រាជរដ្ឋាភិបាលកម្ពុជាមិនអនុញ្ញាតឱ្យមានការប្រើប្រាស់ទីផ្សារកម្ពុជា សម្រាប់សកម្មភាពផលិត ចែកចាយ និងជួញដូរផលិតផលក្លែងក្លាយខុសច្បាប់ឡើយ។
ប្រមុខក្រសួងមហាផ្ទៃរូបនេះ បានគូសបញ្ជាក់ថា: រាជរដ្ឋាភិបាលបានចាត់ទុកការប្រយុទ្ធប្រឆាំងនឹងបទល្មើសផលិតផលក្លែងក្លាយ ជាបញ្ហាអាទិភាពដែលត្រូវដោះស្រាយជាបន្ទាន់ បន្ទាប់ពីការប្រយុទ្ធប្រឆាំង និងបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ជាមួយគ្នានេះ លោកក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការរបស់ក្រសួងយុត្តិធម៌ ក្រសួងមហាផ្ទៃ ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តកណ្តាល និងអង្គភាពអនុវត្តច្បាប់ទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសពាក់ព័ន្ធនឹងផលិតផលក្លែងក្លាយ។
លោកបានអំពាវនាវដល់សមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធទាំងអស់ បន្តពង្រឹងកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ព្រមទាំងអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ និងជាប្រចាំ ដើម្បីទប់ស្កាត់ និងបោសសម្អាតសកម្មភាពផលិត ចែកចាយ និងនាំចូលទំនិញក្លែងក្លាយខុសច្បាប់ ក្នុងគោលដៅការពារសុខភាព សុវត្ថិភាពសាធារណៈ និងលើកកម្ពស់កិត្យានុភាពទីផ្សារកម្ពុជា។
យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ផលិតផលក្លែងម៉ាក និងសម្ភារពាក់ព័ន្ធដែលសមត្ថកិច្ចបានបង្ក្រាបក្នុងរយៈពេលពីរឆ្នាំកន្លងមក (២០២៤-២០២៦) ត្រូវបានរៀបចំពិធីដុតបំផ្លាញចំនួនពីរលើករួចមកហើយ នៅខេត្តត្បូងឃ្មុំ និងខេត្តតាកែវ ដោយមានផលិតផលបារីក្លែងម៉ាក សំបកកញ្ចប់ និងសម្ភារសម្រាប់ផលិតបារី សរុបជាង ១.០០០តោន។
ដោយឡែក សម្រាប់ពិធីដុតបំផ្លាញលើកនេះ ផលិតផលក្លែងម៉ាក និងសម្ភារពាក់ព័ន្ធដែលនៅសេសសល់ និងត្រូវបានបង្ក្រាបក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានទម្ងន់សរុបប្រមាណ ៧៥០តោន ត្រូវបានរៀបចំដុតបំផ្លាញបន្ថែមទៀត ស្របតាមសេចក្តីសម្រេចរបស់តុលាការ។
ផលិតផលទាំងនោះរួមមាន ប្រេងម៉ាស៊ីនម៉ាក Total ប្រមាណ ២តោន ប្រេងម៉ាស៊ីនម៉ាក Nova 2T ប្រមាណ ១,៥តោន អំបោះដេររបួសម៉ាក ETHILON ប្រមាណ ០,៤៨តោន គ្រឿងអេឡិចត្រូនិកម៉ាក Apple ប្រមាណ ០,៦៥តោន សម្លៀកបំពាក់ម៉ាក Boss ប្រមាណ ០,៦៥តោន បន្ទះបិទបញ្ចុះកម្ដៅម៉ាក Cool-Kid ប្រមាណ ១,៦តោន ថ្នាំដុសធ្មេញម៉ាក Sogate និង Crogate ប្រមាណ ១៦តោន ព្រមទាំងបារីក្លែងម៉ាក និងសម្ភារវេចខ្ចប់ប្រមាណ ៧២៥តោនបន្ថែមទៀត៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN







