ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចៅក្រមសម្រេចឃុំខ្លួនជនសង្ស័យ៩នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់នៅខេត្តព្រះសីហនុ!

ខេត្តព្រះសីហនុ៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តព្រះសីហនុ កាលពីថ្ងៃទី ១១ ខែ វិច្ឆិកា ២០២៦  បានសម្រេចឃុំខ្លួនជនសង្ស័យចំនួន៩នាក់ ពាក់ព័ន្ធករណីចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់ក្នុងគោលបំណងជំរិតទារប្រាក់ ខណៈកម្លាំងសមត្ថកិច្ចបានចុះប្រតិបត្តិការរំដោះជនរងគ្រោះជនជាតិចិនម្នាក់ឱ្យរួចផុតពីការឃុំឃាំងដោយសុវត្ថិភាព។

ជនសង្ស័យទាំង៩នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅក្នុងក្រុងព្រះសីហនុ។ ពួកគេត្រូវបានចោទប្រកាន់ពីបទ «ចាប់ ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស ក្នុងគោលបំណងជំរិតទារប្រាក់ និងកាន់កាប់ ឬរក្សាទុកអាវុធដោយគ្មានការអនុញ្ញាត»។

តាមព័ត៌មានស្តីពីលទ្ធផលប្រតិបត្តិការរបស់សមត្ថកិច្ច បានឱ្យដឹងថា ការបង្ក្រាបនេះពាក់ព័ន្ធនឹងករណីចំនួន៣ផ្សេងគ្នា។

ក្នុងនោះ ករណីទី១ និងទី២ ពាក់ព័ន្ធនឹងអំពើលួចម៉ូតូសណ្តោងរ៉ឺម៉ក និងសម្ភារៈ ព្រមទាំងករណីលួចធុងហ្គាសម៉ាស៊ីនត្រជាក់។

ដោយឡែក ករណីទី៣ គឺជាការបង្ក្រាបបទល្មើសចាប់ ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់មានស្ថានទម្ងន់ទោស ក្នុងគោលបំណងជំរិតទារប្រាក់ ព្រមទាំងករណីកាន់កាប់ ឬរក្សាទុកអាវុធដោយគ្មានការអនុញ្ញាត។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរំដោះជនរងគ្រោះជនជាតិចិនម្នាក់ និងដកហូតប្រាក់សុទ្ធចំនួន៥០០ដុល្លារអាមេរិក។

ជាលទ្ធផលនៃប្រតិបត្តិការបង្ក្រាបទាំង៣ករណី សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន៩នាក់ ដែលមានទាំងជនជាតិខ្មែរ និងជនជាតិចិន ព្រមទាំងដកហូតវត្ថុតាងមួយចំនួន រួមមាន ម៉ូតូសណ្តោងរ៉ឺម៉ក ធុងហ្គាសម៉ាស៊ីនត្រជាក់ ឧបករណ៍ជាង ទូរស័ព្ទដៃជាច្រើនគ្រឿង អាវុធខ្លីចំនួន១ដើម គ្រាប់កាំភ្លើងប្រភេទ៩មីលីម៉ែត្រចំនួន៧គ្រាប់ រថយន្តចំនួន១គ្រឿង និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យទាំង៩នាក់ត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនតាមនីតិវិធីច្បាប់ ដើម្បីបន្តនីតិវិធី៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម