ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី សហការជាមួយក្រុមការងាររដ្ឋបាលសង្កាត់ បានចុះប្រតិបត្តិការឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៥នាក់ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចផ្ទះគ្មានលេខមួយកន្លែងដែលទុកចោល ស្ថិតនៅតាមបណ្តោយផ្លូវ១៩៧៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា: ជនទាំង៥នាក់ដែលត្រូវបានឃាត់ខ្លួន រួមមានឈ្មោះ ៖
១. ឈ្មោះ សៅ វណ្ណា ភេទប្រុស អាយុ៤១ឆ្នាំ។
២. ឈ្មោះ ញ៉ែត ម សុធារិទ្ធ ភេទប្រុស អាយុ២៩ឆ្នាំ។
៣. ឈ្មោះ ឃឹម ចិត្តសំបូរ ភេទប្រុស អាយុ៤១ឆ្នាំ។
៤. ឈ្មោះ សៅ លីណា ភេទប្រុស អាយុ៣៥ឆ្នាំ។
៥. ឈ្មោះ ជា ស្រីម៉ី ភេទស្រី អាយុ២១ឆ្នាំ។
ប្រភពដដែលបានបញ្ជាក់ថា ជនទាំង៥នាក់ខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅក្នុងផ្ទះទុកចោលខាងលើ ខណៈពួកគេកំពុងស្នាក់នៅទីនោះ។
ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានធ្វើតេស្តទឹកនោមដោយប្រើឧបករណ៍ពិនិត្យរកសារធាតុញៀន ហើយលទ្ធផលបង្ហាញថា ជនទាំង៥នាក់សុទ្ធតែមានលទ្ធផលវិជ្ជមាន ដែលបញ្ជាក់ថា មានសារធាតុញៀនក្នុងទឹកនោម។
បន្ទាប់ពីពិនិត្យ និងអនុវត្តនីតិវិធីរួច គណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ភ្នំពេញថ្មី បានឯកភាពស្នើសុំបញ្ជូនជនទាំង៥នាក់ខាងលើទៅកាន់មជ្ឈមណ្ឌលស្តារនីតិសម្បទា និងយុត្តិធម៌សង្គម រាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី។
បច្ចុប្បន្ននេះ ជនទាំង៥នាក់ត្រូវបានបញ្ជូនទៅកាន់មជ្ឈមណ្ឌលស្តារនីតិសម្បទា និងយុត្តិធម៌សង្គម តាមនីតិវិធី៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN




