ខេត្តកំពង់ស្ពឺ៖ កម្មករនិយោជិតប្រមាណ៥០០នាក់ នៃរោងចក្រយីហោ «ប្រាយ ធើ ភ្យូ ឈ័រ អ៊ិនដាសស្ទ្រី ឯ.ក» បាននាំគ្នាធ្វើការតវ៉ាទាមទារឱ្យថៅកែរោងចក្របើកប្រាក់ខែជូនពួកគេ បន្ទាប់ពីមានការយឺតយ៉ាវក្នុងការបើកប្រាក់ឈ្នួល។
ការតវ៉ានេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីតាំងរោងចក្រ ស្ថិតក្នុងភូមិព្រៃខ្លា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
តាមការលើកឡើងរបស់ក្រុមកម្មករ ពួកគេបានស្នើសុំឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជួយអន្តរាគមន៍ដោះស្រាយបញ្ហានេះ ដើម្បីឱ្យពួកគេទទួលបានប្រាក់ឈ្នួលតាមពេលវេលា។
យោងតាមការបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ មន្ត្រីជំនាញនៃក្រសួងការងារ សហការជាមួយអាជ្ញាធរពាក់ព័ន្ធ កំពុងចុះដោះស្រាយជាបន្ទាន់ចំពោះករណីការប្រមូលផ្តុំតវ៉ារបស់កម្មករនិយោជិតនៅរោងចក្រខាងលើ។
លោកបានបញ្ជាក់ថា មន្ត្រីជំនាញកំពុងស្តាប់កង្វល់ និងការទាមទាររបស់កម្មករ ព្រមទាំងស្តាប់មតិពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានាឱ្យមានការគោរពសិទ្ធិរបស់កម្មករនិយោជិត ស្របតាមច្បាប់ស្តីពីការងារ។
ក្រសួងការងារបានបញ្ជាក់ថា ការស្តាប់មតិ និងដោះស្រាយបញ្ហារបស់កម្មករនិយោជិត គឺជាកិច្ចការដែលក្រសួងតែងតែយកចិត្តទុកដាក់ ដើម្បីធានាការគោរពសិទ្ធិ និងផលប្រយោជន៍របស់កម្មករ៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN





