ខេត្តកំពង់ស្ពឺ៖ កម្លាំងនគរបាលស្រុកថ្ពង បានបើកប្រតិបត្តិការបង្ក្រាបករណីពាក់ព័ន្ធនឹងគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ក្នុងនោះម្នាក់មានដីកាបង្គាប់ឱ្យចាប់ខ្លួន ព្រមទាំងដកហូតវត្ថុតាងមួយចំនួន រួមមានម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន២កញ្ចប់មធ្យម។
ប្រតិបត្តិការនេះ បានធ្វើឡើងនៅវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចភូមិរលាំងបែង ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ឯក ហ៊ុន សុខហុន អធិការនគរបាលស្រុកថ្ពង។
ប្រភពពីមន្ត្រីនគរបាលស្រុកថ្ពងបានឱ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ ដោយមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក ហ៊ាង ឈាងលី ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងការណែនាំពីលោកវរសេនីយ៍ឯក យឿន ប៉ាក់ទី ស្នងការរង ជំនួយការដឹកនាំការងារការិយាល័យប្រឆាំងគ្រឿងញៀន។
ជនសង្ស័យទាំង២នាក់ដែលត្រូវបានឃាត់ខ្លួន រួមមាន៖
១- ឈ្មោះ លីម គក ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិរលាំងបែង ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
២- ឈ្មោះ អ៊ុន ណាប់ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិរលាំងបែង ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
ជនសង្ស័យរូបនេះមានដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ៣១៦ ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ របស់លោក ថៃ គឹមមុនី ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីរក្សាទុក និងជួញដូរសារធាតុញៀនដោយខុសច្បាប់។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖
· ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន២កញ្ចប់មធ្យម។
· ទូរស័ព្ទដៃចំនួន២គ្រឿង។
· ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន១គ្រឿង។
· សម្ភារៈមួយចំនួនសម្រាប់វេចខ្ចប់គ្រឿងញៀន។
បច្ចុប្បន្ន ការិយាល័យជំនាញកំពុងកសាងសំណុំរឿង និងចាត់ការជនសង្ស័យទាំង២នាក់តាមនីតិវិធីច្បាប់៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN




