ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គការសង្គមស៊ីវិល និង សហជីពកម្មករ ជាច្រើនស្ថាប័ន ដាក់ញត្តិជូន ស្ថានទូតបារាំង និងកាណាដា ស្នើឱ្យជំរុញការដោះលែងអ្នកទោស មនសិការ និង ពង្រីកលំហប្រជាធិបតេយ្យនៅកម្ពុជា!!

ភ្នំពេញ៖ មេដឹកនាំ និងតំណាងអង្គការសង្គមស៊ីវិល សហជីពកម្មករ ក្រុមយុវជន អង្គការលើកកម្ពស់សិទ្ធិស្ត្រី និងអ្នកការពារសិទ្ធិមនុស្ស ប្រមាណ ៥០នាក់ តំណាងឱ្យ ជាច្រើនស្ថាប័ន បានប្រមូលផ្តុំគ្នានៅមុខស្ថានទូតបារាំង និងស្ថានទូតកាណាដាប្រចាំរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ដើម្បីដាក់ញត្តិរួមមួយ ស្នើឱ្យប្រទេសទាំងពីរ និងរដ្ឋសមាជិកអង្គការហ្វ្រង់កូហ្វូនី បង្កើនការគាំទ្រដល់លំហសង្គមស៊ីវិល លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងកិច្ចសន្ទនាសង្គមនៅកម្ពុជា មុនកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។

ការដាក់ញត្តិនេះ បានធ្វើឡើង ទោះបីមានការព្យាយាមរារាំង និងទប់ស្កាត់ពីអាជ្ញាធរមានសមត្ថកិច្ចនៅរាជធានីភ្នំពេញក៏ដោយ។

នៅក្នុងញត្តិ ក្រុមអង្គការសង្គមស៊ីវិលបានបង្ហាញក្តីបារម្ភចំពោះការរឹតត្បិតលើលំហសង្គមស៊ីវិល សេរីភាពមូលដ្ឋាន និងការចូលរួមតាមបែបប្រជាធិបតេយ្យនៅកម្ពុជា។

អ្នកចុះហត្ថលេខាលើញត្តិបានអំពាវនាវឱ្យរដ្ឋសមាជិកអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) គោរព និងលើកកម្ពស់តម្លៃស្នូលរបស់អង្គការនេះ រួមមាន សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ កិច្ចសន្ទនាសង្គម សមភាពយេនឌ័រ និងការចូលរួមប្រកបដោយអត្ថន័យរបស់ប្រជាពលរដ្ឋ។

តាមរយៈញត្តិរួមនេះ សម្ព័ន្ធអង្គការសង្គមស៊ីវិលបានស្នើឱ្យប្រទេសបារាំង កាណាដា និងរដ្ឋសមាជិកហ្វ្រង់កូហ្វូនីដទៃទៀត លើកយកបញ្ហាសិទ្ធិមនុស្សទៅពិភាក្សាជាមួយរាជរដ្ឋាភិបាលកម្ពុជា គាំទ្រការចូលរួមតាមបែបប្រជាធិបតេយ្យ មុនការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២៧ និងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៨ ព្រមទាំងពង្រឹងកិច្ចសហការជាមួយអង្គការសង្គមស៊ីវិល និងលើកកម្ពស់ការចូលរួមរបស់យុវជនក្នុងកិច្ចការសាធារណៈ។

លោក អំ សំអាត នាយកអង្គការ LICADHO បានមានប្រសាសន៍ថា: គោលបំណងនៃការដាក់ញត្តិនេះ គឺដើម្បីស្វែងរកការគាំទ្រដល់លំហសង្គមស៊ីវិល ការចូលរួមតាមបែបប្រជាធិបតេយ្យ និងកិច្ចសន្ទនាសង្គម មុនកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅរាជធានីភ្នំពេញ នាថ្ងៃទី១៥ និង១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

លោកបានបញ្ជាក់ថា គំនិតផ្តួចផ្តើមរួមនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់សង្គមស៊ីវិលកម្ពុជា ក្នុងការលើកកម្ពស់តម្លៃប្រជាធិបតេយ្យ ការពារសិទ្ធិមនុស្ស និងជំរុញការអភិវឌ្ឍប្រកបដោយបរិយាបន្ន ស្របតាមគោលការណ៍ និងសេចក្តីប្រាថ្នារបស់សហគមន៍ហ្វ្រង់កូហ្វូនី។

លោក អំ សំអាត ក៏បានបញ្ជាក់ថា: ក្រុមអង្គការ សង្គមស៊ីវិល បានស្នើដល់ប្រធានាធិបតីបារាំង លោក Emmanuel Macron នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney និងមេដឹកនាំប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យដទៃទៀត ជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជាដោះលែងអ្នកទោសនយោបាយ សកម្មជនសហជីព សកម្មជនសង្គម និងសកម្មជនបរិស្ថាន ព្រមទាំងបើកលំហសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យឡើងវិញ។

ជាមួយគ្នានេះ លោក យី សុខសាន្ត មន្ត្រីសិទ្ធិមនុស្សជាន់ខ្ពស់នៃអង្គការ ADHOC បានលើកឡើងថា: ប្រទេសបារាំង និងកាណាដាធ្លាប់មានតួនាទីសំខាន់ក្នុងការស្វែងរកសន្តិភាពជូនកម្ពុជា ជាពិសេសការចូលរួមក្នុងការបង្កើតកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១។

លោកបានកត់សម្គាល់ថា ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ សេរីភាពមូលដ្ឋាន និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបានរួមតូច ខណៈសកម្មជន អ្នកនយោបាយ អ្នកសារព័ត៌មាន កម្មករ និងប្រជាពលរដ្ឋ ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម នៅតែប្រឈមនឹងការរំលោភបំពានសិទ្ធិសេរីភាព ការចាប់ខ្លួន និងការឃុំខ្លួនដោយអយុត្តិធម៌។

លោកបានអំពាវនាវឱ្យរដ្ឋសមាជិកអង្គការហ្វ្រង់កូហ្វូនី និងស្ថានទូតរបស់ពួកគេប្រចាំកម្ពុជា ចូលរួមគាំទ្រ និងអន្តរាគមន៍ ដើម្បីជំរុញឱ្យមានការបើកលំហសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ សមភាពយេនឌ័រ កិច្ចសន្ទនាសង្គម និងនីតិរដ្ឋនៅកម្ពុជា។

នៅក្នុងញត្តិរួមនេះ សម្ព័ន្ធអង្គការសង្គមស៊ីវិលបានដាក់ចេញសំណូមពរចំនួន៦ចំណុច ដល់ប្រធានាធិបតីបារាំង លោក Emmanuel Macron និងនាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney រួមមាន៖

១. ជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជាដោះលែង និងទម្លាក់ចោលបទចោទប្រកាន់ព្រហ្មទណ្ឌទាំងអស់លើអ្នកការពារសិទ្ធិមនុស្ស អ្នកសារព័ត៌មាន ថ្នាក់ដឹកនាំសហជីព និងសកម្មជន រួមទាំងសកម្មជនយុវជនទាំង៥រូបនៃចលនាមាតាធម្មជាតិ និងថ្នាក់ដឹកនាំសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ។

២. លើកឡើងពីការធ្លាក់ចុះនៃការគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងសេរីភាពនយោបាយ ដើម្បីធានាថាប្រជាពលរដ្ឋអាចចូលរួមក្នុងការបោះឆ្នោតឆ្នាំ២០២៧ និងឆ្នាំ២០២៨ ដោយគ្មានការភ័យខ្លាចពីការធ្វើទុក្ខបុកម្នេញ និងធានាឱ្យគ្រប់គណបក្សនយោបាយមានសេរីភាពក្នុងការប្រកួតប្រជែង។

៣. ជំរុញការចូលរួមប្រកបដោយអត្ថន័យរវាងប្រតិភូអង្គការហ្វ្រង់កូហ្វូនី និងក្រុមអង្គការសង្គមស៊ីវិល រួមមានសហជីព ក្រុមយុវជន និងអង្គការការពារសិទ្ធិមនុស្ស និងសិទ្ធិស្ត្រី។

៤. គាំទ្រការបើកឱកាសឱ្យយុវជនចូលរួមក្នុងកិច្ចការសាធារណៈ និងការពិភាក្សាលើគោលនយោបាយពាក់ព័ន្ធនឹងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី។
[11/11/2026 4:02 PM] Chantla: ៥. ធានាថាប្រតិបត្តិការអាជីវកម្ម និងការវិនិយោគរបស់ប្រទេសសមាជិកហ្វ្រង់កូហ្វូនីនៅកម្ពុជា គោរពគោលការណ៍ត្រួតពិនិត្យដោយយកចិត្តទុកដាក់លើបញ្ហាសិទ្ធិមនុស្ស និងបរិស្ថាននៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន។

៦. ទទួលស្គាល់ការរួមចំណែករបស់សហជីព និងអង្គការមិនមែនរដ្ឋាភិបាលផ្នែកសិទ្ធិការងារ ក្នុងការពង្រឹងកិច្ចសន្ទនាសង្គម លក្ខខណ្ឌការងារសមរម្យ និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយការទទួលខុសត្រូវ។

ការអំពាវនាវរបស់សង្គមស៊ីវិលនេះ បានកើតឡើងបន្ទាប់ពីលោក Tom Andrews អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា កាលពីថ្ងៃទី៩ ខែវិច្ឆិកា បានជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជាពិចារណាដោះលែងអ្នកទោសមនសិការ រួមមានអ្នកនយោបាយប្រឆាំង សកម្មជនបរិស្ថាន និងអ្នកការពារសិទ្ធិមនុស្ស មុនពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី។

ក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី៩ ខែវិច្ឆិកា លោក Tom Andrews បានអំពាវនាវឱ្យដោះលែងប្រជាពលរដ្ឋដែលកំពុងជាប់ឃុំដោយសារការអនុវត្តសិទ្ធិសេរីភាពបញ្ចេញមតិ ដោយចាត់ទុកថា ការដោះលែងនេះនឹងបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះគុណតម្លៃស្នូលរបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី។

លោកក៏បានជំរុញឱ្យមេដឹកនាំប្រទេសដែលចូលរួមកិច្ចប្រជុំកំពូលនេះ លើកយកគោលការណ៍សំខាន់ៗរបស់អង្គការហ្វ្រង់កូហ្វូនី ដែលផ្តោតលើសន្តិភាព លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ទៅពិភាក្សាជាមួយភាគីកម្ពុជា។

លោក Tom Andrews បានអះអាងថា តាមការពិនិត្យព័ត៌មានពាក់ព័ន្ធនឹងការចាប់ខ្លួនតាមអំពើចិត្តនៅកម្ពុជា លោកជឿថា មានមនុស្សជាង ១០០នាក់ កំពុងជាប់ឃុំដោយសារការអនុវត្តសិទ្ធិសេរីភាពបញ្ចេញមតិ។

លោកក៏បានជំរុញឱ្យលេខាធិការដ្ឋានអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី និងរដ្ឋសមាជិក សហការជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយបញ្ហាសិទ្ធិមនុស្ស និងស្វែងរកលទ្ធភាពដោះលែងអ្នកជាប់ឃុំមួយចំនួន រួមមាន កញ្ញា សេង ធារី លោក កើត សារ៉ាយ និងសកម្មជនចលនាមាតាធម្មជាតិទាំង៥រូប។

ជាការឆ្លើយតប មន្ត្រីជាន់ខ្ពស់នៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានលើកឡើងថា លោក Tom Andrews ក្នុងនាមជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ មានសិទ្ធិបញ្ចេញសំណើ និងមតិយោបល់ផ្ទាល់ខ្លួនពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។

ទោះជាយ៉ាងណា មន្ត្រីរូបនេះបានបញ្ជាក់ថា ក្នុងនាមជារដ្ឋអធិបតេយ្យ កម្ពុជាមានសិទ្ធិអនុវត្តច្បាប់ដោយផ្អែកលើអង្គហេតុ និងមូលដ្ឋានច្បាប់ច្បាស់លាស់ ដោយមិនអាចស្ថិតក្រោមឥទ្ធិពលរបស់បុគ្គលណាមួយឡើយ៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម