ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចប្រធានរដ្ឋសភាគាំទ្រការរៀបចំមហាសន្និបាត AIPA លើកទី៤៧ របស់ប្រទេសហ្វីលីពីន​ ដែលបានជ្រើសរើសមូលបទក្នុងការតម្កល់ផលប្រយោជន៍ប្រជាពលរដ្ឋជាធំ

សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម សេនីន ធី ម៉ាន់ហ្គាលី (Senen T. Mangalile) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋហ្វីលីពីនប្រចាំព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា។

សម្ដេចប្រធានរដ្ឋសភា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានឯកឧត្តម សេនីន ធី ម៉ាន់ហ្គាលី ព្រមទាំងសហការីដែលបានអញ្ជើញមកបំពេញបេសកកម្មការទូតនៅកម្ពុជា។ បេសកកម្មការទូតដ៏មានតម្លៃនេះ សំដៅលើកកម្ពស់ចំណងមិត្តភាព និងទំនាក់ទំនងទ្វេភាគី ដែលបានកសាងរួមគ្នាតាំងពីឆ្នាំ១៩៥៧ ឱ្យកាន់តែរឹងមាំ ទូលំទូលាយ និងស៊ីជម្រៅបន្ថែមទៀត។

សម្ដេចរដ្ឋសភាធិបតី មានសេចក្តីជឿជាក់យ៉ាងមុតមាំថា តាមរយៈបេសកកម្មការទូតដ៏ឧត្តុង្គឧត្តមរបស់ឯកឧត្តម ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសយើងទាំងពីរ នឹងត្រូវបានពង្រឹង និងពង្រីកកាន់តែស៊ីជម្រៅ និងរឹងមាំបន្ថែមទៀតលើគ្រប់វិស័យ ជាពិសេសលើវិស័យពាណិជ្ជកម្ម វិនិយោគ ការពារជាតិ កសិកម្ម និងទេសចរណ៍ជាដើម។

ឆ្លៀតនៅក្នុងឱកាសនោះ សម្ដេចបានសម្តែងការគាំទ្រ និងមានជំនឿមុតមាំថា មហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៧ ដែលរដ្ឋសភាប្រទេសហ្វីលីពីនទទួលធ្វើជាម្ចាស់ផ្ទះនៅសប្តាហ៍ក្រោយនេះ ប្រកបដោយអត្ថន័យ ដោយបានជ្រើសរើសយកនូវមូលបទដ៏សំខាន់និងចំពេល មកពិភាក្សានោះគឺ “សភាធានាឱ្យបាននូវអាស៊ានមានសន្តិភាព វិបុលភាព ដោយយកប្រជាជនជាស្នូល”។

សម្ដេចបានគូសបញ្ជាក់ថា សភាតំណាងឱ្យប្រជាពលរដ្ឋ ដូច្នេះត្រូវការពារផលប្រយោជន៍ពលរដ្ឋ។ នៅក្នុងកាលៈទេសៈសកលលោកមានហានិភ័យខ្ពស់ សណ្តាប់ធ្នាប់សកលធ្លាក់ចុះ សេដ្ឋកិច្ចធ្លាក់ចុះ ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ជាមួយនឹងវិបត្តិធាតុអាកាសផងនោះ ការទូតសភាពិតជាមានតួនាទីដ៏សំខាន់ ដើម្បីធ្វើឱ្យពលរដ្ឋទទួលបាននូវសុខសន្តិភាព និងស្ថិរភាពសង្គម។ សម្ដេចមានជំនឿមុតមាំថា មហាសន្និបាតអាយប៉ា ដែលរដ្ឋសភាប្រទេសហ្វីលីពីនធ្វើជាម្ចាស់ផ្ទះ នឹងទទួលបានជោគជ័យ។

សូមជម្រាបថា សម្ដេចប្រធានរដ្ឋសភានឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៧ ដែលរដ្ឋសភាប្រទេសហ្វីលីពីនធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ នោះដែរ។

ក្នុងនាមប្រជាពលរដ្ឋខ្មែរ សម្ដេចប្រធានរដ្ឋសភា បានស្នើដល់ប្រទេសហ្វីលីពីនបន្តគាំទ្រការវិនិយោគនៅកម្ពុជា ជាពិសេសចូលរួមលើកកម្ពស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដែលជាផ្នែកសំខាន់ផ្ដល់ចំណូលប្រមាណជាង ៦០% នៃសេដ្ឋកិច្ចជាតិ។ សម្ដេចស្នើដល់ឯកឧត្តមឯកអគ្គរដ្ឋទូត ជំរុញអ្នកទេសចរហ្វីលីពីនមកកម្ពុជាបន្ថែមទៀត និងបានស្នើឱ្យហ្វីលីពីនបន្តជំនួយការបណ្ដុះបណ្ដាលភាសាអង់គ្លេស និងជំនាញផ្សេងៗទៀតដល់មន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភា។

ឯកឧត្តម សេនីន ធី ម៉ាន់ហ្គាលី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្ដេចប្រធានរដ្ឋសភា ដែលបានចំណាយពេលវេលាដ៏មមាញឹកទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម នៅក្នុងឱកាសនេះ។ ឯកឧត្តមបានឯកភាពតាមប្រសាសន៍របស់សម្ដេចប្រធានរដ្ឋសភា និងបានគូសបញ្ជាក់ថា នៅក្នុងពេលដែលសកលលោកកំពុងមានវិបត្តិបែបនេះ ការរួមសាមគ្គីគ្នាជាមធ្យោបាយដ៏សំខាន់ក្នុងការដោះស្រាយបញ្ហា។

ឯកឧត្តមឯកអក្គរដ្ឋទូត បានបញ្ជាក់ពីការប្ដេជ្ញាចិត្តដ៏មុតមាំក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ ដោយនៅក្នុងឱកាសនោះ ឯកឧត្តមក៏បានជម្រាបជូនសម្ដេចពីគម្រោងមួយចំនួនដែលនឹងត្រូវរៀបចំឡើងសម្រាប់អបអរសាទរខួបលើកទី៧៥ នៃទំនាក់ទំនងការទូតកម្ពុជា-ហ្វីលីពីនក្នុងឆ្នាំក្រោយនេះផងដែរ ដូចជាការបង្កើតឱ្យមានជំនួបពិភាក្សាគ្នារវាងធុរជននៃប្រទេសទាំងពីរជាដើម។ ឯកឧត្តម សេនីន ធី ម៉ាន់ហ្គាលី បានអរគុណកម្ពុជា ដែលបានយកចិត្តទុកដាក់មើលថែពលរដ្ឋហ្វីលីពីន ដែលកំពុងរស់នៅ និងប្រកបការងារនៅកម្ពុជាលើច្រើនវិស័យ។ ឯកឧត្តមក៏បានជម្រាបសម្ដេចប្រធានរដ្ឋសភា ពីការបន្តផ្តល់ការគាំទ្រដល់ការបណ្ដុះបណ្ដាលភាសាអង់គ្លេសដល់មន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភា។

សម្ដេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណចំពោះការចូលរួមចំណែករបស់ហ្វីលីពីនដល់កម្ពុជាលើគ្រប់វិស័យ ដូចជាវិស័យអប់រំ ការកសាងមូលធនមនុស្សជាដើម ដែលស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលផ្តល់អាទិភាពខ្ពស់បំផុតក្នុងការអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស។

ជាមួយគ្នានេះ សម្ដេចក៏បានថ្លែងអំណរគុណដល់ប្រទេសហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ាន ដែលបានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់បេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍ អាស៊ាន (AOT) ក្នុងការធានាថា កិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា-ថៃ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព។ សម្ដេចបានបញ្ជាក់ពីជំហរសន្តិភាពរបស់កម្ពុជា និងការគោរពច្បាប់អន្តរជាតិ។ កម្ពុជាមិនត្រូវការសង្គ្រាមនោះឡើយ៕រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម